មាន​ពេល​មួយ ទឹក​ប្រាក់​ចំនួន ១២​ម៉ឺន​ដុល្លា ត្រូវ​បាន​គេ​ច្រឡំ​ដាក់​ចូល​ក្នុង​កុង​ធនាគា​របស់​ប្តី​ប្រពន្ធ​មួយ​គូរ។ អ្នក​ទាំង​ពីរ​ក៏បាន​ដើរ​ទិញ​របស់​ថ្លៃ យ៉ាង​វក់​វី។ ពួកគេ​ក៏​បាន​ទិញ​ឡាន​ប្រភេទ SUV មួយ​គ្រឿង ឡាន​សម្រាប់​បោះ​ជុំរំ​មួយ​គ្រឿង និង​ម៉ូតូ​កង់​បួន​២​គ្រឿង ព្រម​ទំាង​យក​លុយ​នោះ​ទៅ​បង់​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ប្រចាំ​ខែ​ទៀត​។ ពេល​ដែល​ធានាគា​បាន​រក​ឃើញ​ថា ទឹកប្រាក់​នោះ​ត្រូវ​បាន​គេ​ដាក់​ក្នុង​កុង​ខុស ធានាគា​ក៏​បាន​ប្រាប់​ប្តី​ប្រពន្ធ​នេះ ឲ្យ​យក​លុយ​ប្រគល់​ឲ្យ​ធានា​គា​វិញ។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​បាន​ចាយ​លុយ​នោះ​អស់​ហើយ។ ក្រោយ​មក គេក៏​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​ចោរ​កម្ម។ ពេល​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ដំណើរ​មក​ដល់​តុលាការ​ក្នុង​តំបន់ បុរស​ជា​ប្តី​ក៏​បាន​ប្រាប់​អ្នក​យក​ពត៌​មាន​ថា គាត់​បាន​ប្រព្រឹត្ត​ខុស ដោយ​សារ​គាត់​បាន​ទទួលការ​ប្រឹក្សា​យោបល​ផ្នែក​ច្បាប់​ដ៏​អាក្រក់។ អ្នក​ទាំង​ពីរ​ក៏​បាន​ដឹង​ថា ការ​ធ្វើ​តាម​ការ​ប្រឹក្សា​ដ៏​អាក្រក់(ហើយ​យក​លុយ​របស់​អ្នក​ដទៃ​ទៅ​ចាយ) អាច​នាំ​ឲ្យ​មាន​បញ្ហាដ៏​រញ៉េរញ៉ៃ ក្នុង​ជីវិត​របស់​ពួក​គេ។

ផ្ទុយ​ទៅ​វិញ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ប្រកប​ដោយ​ប្រាជ្ញា ដែល​អាច​ជួយ​យើង ឲ្យ​ជៀស​វាង​ការ​បំផ្លាញ​ជីវិត​ខ្លួន​ឯង។ គាត់​ថា អ្នក​ដែល​មាន​ពរ​ពិត គឺ​ជា​អ្នក​ដែល​បដិសេធ​មិន​ព្រម​ធ្វើ​តាម​យោបល់​របស់​អ្នក ដែល​មិន​ជឿ​ព្រះ​(ទំនុកដំកើង ១:១)។ ពួក​គេ​ដឹង​ថា ការ​ប្រឹក្សា​យោបល់​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា គ្មាន​ការ​កោត​ខ្លាច​ព្រះ អាច​នាំ​ទៅ​រកគ្រោះ​ថ្នាក់​ដែល​មើល​មិន​ឃើញ និង​ការ​ខាត​បង់​ខ្ពស់។ ហើយ​ពួក​គេ​ក៏​អនុវត្ត​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ដោយ​ចិត្ត​ដែល​អរ​សប្បាយ និង​ជញ្ជឹង​គិត​អំពី​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ដែល​មិន​ចេះ​រង្គោះ​រង្គើរ(ខ.២)។ ពួក​គេ​រក​ឃើញ​ថា ការ​ចុះ​ចូល​នឹង​ការ​ដឹក​នាំ​របស់​ព្រះ អាច​នាំ​ទៅ​រក​ស្ថេរ​ភាព និង​ផល​ផ្លែ​ក្នុង​ជីវិត​(ខ.៣)។​

ពេល​ណា​យើង​ធ្វើ​ការ​សម្រេច​ចិត្ត ទោះ​តូច ​ឬ​ធំ​ក្តី​ ក្នុង​រឿង​ការ​ងារ ប្រាក់​កាស ទំនាក់​ទំនង ។ល។ នោះ​យើង​ចាំ​បាច់​ត្រូវ​ស្វែងរក​ប្រាជ្ញា​របស់​ព្រះ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ប៊ីប និង​ស្វែង​រក​ការ​ប្រឹក្សា​ដែល​មាន​ការ​កោត​ខ្លាច​ព្រះ និង​ការ​ដឹក​នាំ​ពី​ព្រះ​វិញ្ញាណបរិសុទ្ធ។ ការ​ដឹក​នាំ​របស់​ព្រះអង្គ​មាន​សារៈ​សំខាន់ និង​អាច​ទុក​ចិត្តបាន សម្រាប់​ការ​រស់​នៅ ក្នុង​ជីវិត​ពេញ​បរិបូរ ដោយ​មិន​មាន​ភាព​រញ៉េរ​ញ៉ៃ​។—Marvin Williams