ពេលដែលនាងម៉ារាមានផ្ទៃពោះ នាងមិនចាំបាច់ត្រូវសួរលោកយ៉ូសែបថា ត្រូវដាក់ឈ្មោះអ្វី ឲ្យបុត្រដែលនឹងប្រសូត្រមកនោះឡើយ។ ពួកគេខុសពីមនុស្សជាទូទៅ ដែលរង់ចំាការចាប់កំណើតរបស់កូន។ ទេវតាដែលបានមកជួបនាងម៉ារា រួចក៏បានជួបលោកយ៉ូសែប បានប្រាប់ពួកគេថា បុត្រនោះនឹងមានព្រះនាមថា យេស៊ូវ(ម៉ាថាយ ១:២០-២១ លូកា ១:៣០-៣១)។ ទេវតា ដែលមកជួបលោកយ៉ូសែបបានពន្យល់ថា ព្រះនាមព្រះអង្គ គឺមានន័យថា បុត្រនេះនឹង “ជួយសង្រ្គោះរាស្រ្តទ្រង់ ឲ្យរួចពីបាប”។
គេក៏ហៅព្រះនាមទ្រង់ថា “អេម៉ាញូអែល”ផងដែរ(អេសាយ ៧:១៤) ដែលមានន័យថា “ព្រះគង់នៅជាមួយយើង” ព្រោះទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស។ លោកហោរាអេសាយ ក៏បានហៅព្រះអង្គថា “ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព”(៩:៦)។
ការដាក់ឈ្មោះឲ្យកូនដែលទើបកើត ជារឿងដ៏រំភើបរីករាយ។ គ្មានទារកណា ដែលមានឈ្មោះដ៏អស្ចារ្យ ដ៏រំភើបរីករាយ និងកែប្រែពិភពលោក ដូចព្រះយេស៊ូវ ដែលជាព្រះមែស៊ីនោះឡើយ(ម៉ាថាយ ១:១៦)។ យើងក៏មានចិត្តរំភើបរីករាយណាស់ដែរ ដែលអាច “អំពាវនាវព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ”(១កូរិនថូស ១:២)។ គ្មានព្រះនាមណាទៀត ដែលអាចជួយសង្រ្គោះឲ្យរួចពីបាបនោះឡើយ(កិច្ចការ ៤:១២)។
ចូរយើងសរសើរដំកើងព្រះយេស៊ូវ ហើយជញ្ជឹងគិតអំពីអត្ថន័យដែលព្រះអង្គចង់ឲ្យយើងយល់ ក្នុងរដូវកាលនៃបុណ្យណូអែលនេះ!—Dave Branon