ពេល​ដែល​នាង​ម៉ារា​មាន​ផ្ទៃ​ពោះ នាង​មិន​ចាំ​បាច់​ត្រូវ​សួរ​លោក​យ៉ូសែប​ថា ត្រូវ​ដាក់​ឈ្មោះ​អ្វី​ ឲ្យ​បុត្រ​ដែល​នឹង​ប្រសូត្រ​មក​នោះ​ឡើយ។ ពួក​គេ​ខុស​ពី​មនុស្ស​ជា​ទូទៅ ដែល​រង់​ចំា​ការ​ចាប់​កំណើត​របស់​កូន។ ទេវតា​ដែល​បាន​មក​ជួប​នាង​ម៉ារា រួច​ក៏​បាន​ជួបលោក​យ៉ូសែប បាន​ប្រាប់​ពួក​គេ​ថា បុត្រ​នោះ​នឹង​មាន​ព្រះ​នាម​ថា យេស៊ូវ​(ម៉ាថាយ ១:២០-២១ លូកា ១:៣០-៣១)។ ទេវតា ដែល​មក​ជួប​លោក​យ៉ូសែប​បាន​ពន្យល់​ថា ព្រះ​នាម​ព្រះអង្គ គឺ​មាន​ន័យ​ថា​ បុត្រ​នេះនឹង “ជួយ​សង្រ្គោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​បាប”។​

គេ​ក៏​ហៅ​ព្រះ​នាម​ទ្រង់​ថា “អេម៉ាញូអែល”ផង​ដែរ(អេសាយ ៧:១៤) ដែល​មាន​ន័យ​ថា “ព្រះ​គង់​នៅ​ជា​មួយ​យើង” ព្រោះ​ទ្រង់ជា​ព្រះ​ដែល​យក​កំណើត​ជា​មនុស្ស។ លោក​ហោរា​អេសាយ ក៏​បាន​ហៅ​ព្រះ​អង្គ​ថា “ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព”(៩:៦)។

ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​ទើប​កើត ជា​រឿង​ដ៏​រំភើប​រីក​រាយ។ គ្មាន​ទារក​ណា ដែល​មាន​ឈ្មោះ​ដ៏​អស្ចារ្យ​ ​ដ៏​រំភើប​រីក​រាយ និង​កែប្រែ​ពិភព​លោក ដូច​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​មែស៊ី​នោះ​ឡើយ​(ម៉ាថាយ ១:១៦)។ យើង​ក៏​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់​ដែរ ដែល​អាច “អំពាវ​នាវ​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ”(១កូរិនថូស ១:២)។ គ្មាន​ព្រះ​នាម​ណា​ទៀត ដែល​អាច​ជួយ​សង្រ្គោះឲ្យ​រួច​ពី​បាប​នោះ​ឡើយ(កិច្ចការ ៤:១២)។

ចូរ​យើង​សរសើរ​ដំកើង​ព្រះ​យេស៊ូវ ហើយ​ជញ្ជឹង​គិត​អំពី​អត្ថ​ន័យ​ដែល​ព្រះ​អង្គ​ចង់​ឲ្យ​យើង​យល់ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល​នេះ!—Dave Branon