ប្រទេសអាយស៍លែនជាប្រទេសតូចមួយ ដែលមានពេញទៅដោយ អ្នកចូលចិត្តអានសៀវភៅ។ តាមពិត គេបានរាយការណ៍ថា ជារៀងរាល់ឆ្នាំ ប្រទេសនេះបានបោះពុម្ពផ្សាយ និងអានសៀវភៅ សម្រាប់មនុស្សម្នាក់ៗ បានច្រើនជាងប្រទេសណាទាំងអស់។ នៅថ្ងៃបុណ្យណូអែល ប្រជាជនអាយស៍លែនមានប្រពៃណីឲ្យសៀវភៅដល់ក្រុមគ្រួសារ និងមិត្តភក្តិ ហើយបន្ទាប់មកពួកគេក៏បានអានសៀវភៅនោះដល់ពេលយប់។ ប្រពៃណីនេះបានចាប់ផ្តើមមាន ក្នុងសម័យសង្រ្គាមលោកលើកទី២ នៅពេលដែលការនំាចូល មានការរឹតត្បិត ហើយក្រដាស់មានតម្លៃថោក។ អ្នកបោះពុម្ភផ្សាយនៅប្រទេសនេះ ក៏បានចាប់ផ្តើមធ្វើឲ្យទីផ្សាលក់សៀវភៅ ជន់ជោរទៅដោយសៀវភៅដែលមានចំណងជើងថ្មីៗ នៅចុងរដូវស្លឹកឈើជ្រុះ។ សព្វថ្ងៃនេះ បញ្ជីចំណងជើងសៀវភៅដែលគេបោះពុម្ពផ្សាយថ្មីក្នុងប្រទេសនេះ ត្រូវបានគេផ្ញើទៅផ្ទះនីមួយៗ នៅពាក់កណ្តាលខែវិច្ឆិកា។ គេបានហៅប្រពៃណីនេះថា ភាពជន់ជោនៃសៀវភៅនៅថ្ងៃបុណ្យណូអែល។
យើងអាចអរព្រះគុណព្រះ ដែលបានប្រទានពរមនុស្សជាច្រើន ឲ្យមានសមត្ថភាពនិពន្ធរឿងល្អៗដាក់ក្នុងសៀវភៅ ហើយអប់រំ បណ្តាលចិត្ត ឬលើកទឹកចិត្តអ្នកដទៃ តាមរយៈសំណេររបស់ខ្លួន។ ប៉ុន្តែ គ្មានសៀវភៅអ្វីដែលល្អដូចព្រះគម្ពីរប៊ីប ដែលជាសៀវភៅលក់ដាច់បំផុត ត្រូវបាននិពន្ធដោយអ្នកនិពន្ធជាច្រើននាក់ ដែលបានសរសេរបទកំណាព្យ និងការបង្រៀន និយាយអំពីរឿងដ៏អស្ចារ្យ ដោយព្រះវិញ្ញាណបានបណ្តាលឲ្យពួកគាត់តែង។ គឺដូចដែលសាវ័កប៉ុលបានរំឭកលោកធីម៉ូថេថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។ ព្រះគម្ពីរដាស់តឿន បណ្តាលចិត្ត និងជួយយើងឲ្យរស់នៅថ្វាយព្រះអង្គ ហើយដឹកនាំយើង ចូលទៅក្នុងសេចក្តីពិត(២:១៥)។
នៅក្នុងការអានសៀវភៅរបស់យើង ចូរយើងកុំភ្លេចចំណាយពេលអានសៀវភៅដែលអស្ចារ្យបំផុត គឺព្រះគម្ពីរប៊ីប។—Alyson Kieda