នៅក្នុងការធ្វើដំណើរតាមយន្តហោះនៅពេលយប់ ទៅរដ្ឋវ៉ាស៊ីតោន ឌីស៊ី លោកអាធ័រ ប្រ៊ូក(Arthur Brooks) ដែលជាអ្នកនិពន្ធ បានស្តាប់ឮស្រ្តីចំណាស់ម្នាក់និយាយខ្សិបៗប្រាប់ស្វាមីរបស់ខ្លួនថា “បងកុំគិតថា គ្មាននរណាម្នាក់ត្រូវការបង។ វាមិនពិតទេ”។ បុរសនោះបានរអ៊ូរទាំថា គាត់ចង់ស្លាប់ ហើយភរិយាគាត់ក៏ប្រាប់គាត់ កុំឲ្យនិយាយអញ្ចឹងទៀត។ ពេលដែលយន្តហោះចុះចត លោកប្រ៊ូកក៏បានងាកទៅក្រោយ ហើយភ្លាមៗនោះ គាត់ក៏បានមើលស្គាល់បុរសនោះ។ គាត់ជាវិវរៈបុរស ដែលមានឈ្មោះល្បីទូទាំងពិភពលោក។ អ្នកដំណើរដទៃទៀតក៏បានចាប់ដៃគាត់ ហើយអ្នកបើកយន្តហោះក៏បានអរគុណគាត់ សម្រាប់សេចក្តីក្លាហាន ដែលគាត់បានបង្ហាញចេញមក កាលពីប៉ុន្មានទសវត្សរ៍មុន។ តើអ្នកក្លាហានដ៏ល្បីល្បាញនេះ បានលិចលង់ទៅក្នុងភាពអស់សង្ឃឹមដោយរបៀបណា?
ហោរាអេលីយ៉ាធ្លាប់បានតតាំងនឹងហោរាក្លែងក្លាយទាំង៤៥០នាក់ របស់ព្រះបាល ដោយចិត្តក្លាហាន ហើយក៏បានឈ្នះពួកគេ(១ពង្សាវតាក្សត្រ ១៨)។ តែគាត់មិនបានធ្វើការនេះតែម្នាក់ឯងឡើយ។ តាមពិត ព្រះទ្រង់គង់នៅជាមួយគាត់ជានិច្ច។ តែក្រោយមក គាត់មានអារម្មណ៍ឯកោណាស់ ហើយគាត់ក៏បានសូមឲ្យព្រះទ្រង់ដកជីវិតគាត់។
ព្រះទ្រង់ក៏បានលើកវិញ្ញាណរបស់លោកអេលីយ៉ាឡើង ដោយនាំគាត់ចូលទៅក្នុងព្រះវត្តមានព្រះអង្គ ហើយឲ្យគាត់បម្រើអ្នកផ្សេងទៀត។ គាត់ត្រូវទៅ “ចាក់ប្រេងតាំងហាសែលឡើង ឲ្យធ្វើជាស្តេចស្រុកស៊ីរី” និងចាក់ប្រេងតាំងយេហ៊ូ ឲ្យឡើងធ្វើ “ស្តេចអ៊ីស្រាអែល” ហើយចាក់ប្រេងតាំងលោកអេលីសេ “ធ្វើជាហោរាជំនួសគាត់”(១៩:១៥-១៦)។ បន្ទាប់ពីគាត់មានកម្លាំងឡើងវិញ ដោយមានគោលបំណងថ្មី គាត់ក៏បានទៅរកលោកអេលីសេ ដើម្បីបង្ហាត់បង្រៀន ឲ្យក្លាយជាអ្នកស្នងគាត់។
ជ័យជម្នះដ៏អស្ចារ្យរបស់អ្នកអាចនៅក្រោយខ្នងអ្នក។ អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់អ្នកបានឈានដល់ចំណុចខ្ពស់បំផុត ឬមិនដែលបានទៅដល់សោះ។ ទោះយ៉ាងណាក៏ដោយ បើអ្នកបានឃ្លាតឆ្ងាយពីសេចក្តីពិតហើយ នោះចូរងាកមកក្រោយវិញ។ អ្នកប្រហែលមិនមានភាពលេចធ្លោ ឬមិនមានកិច្ចការធំដំធ្វើទេ តែនៅតែមានមនុស្សដែលត្រូវការអ្នក។ ចូរយើងបម្រើពួកគេឲ្យបានល្អ ថ្វាយព្រះយេស៊ូវ។ ពួកគេក៏ជាមូលហេតុ ដែលព្រះទ្រង់បានឲ្យអ្នកបន្តមានជីវិតរស់នៅលើផែនដីផងដែរ។—Mike Wittmer