លោកឃ្លីហ្វហ្វ៊ត វីលៀម(Clifford Williams) ត្រូវគេកាត់ទោសប្រហារជីវិត ពីបទមនុស្សឃាត ដែលគាត់មិនបានប្រព្រឹត្ត។ ខណៈពេលដែលគាត់ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង រង់ចាំពេលទទួលទោសប្រហារជីវិត គាត់ក៏បានដាក់ពាក្យបណ្តឹងទាមទាឲ្យគេពិចារណាឡើងវិញ អំពីភស្តុតាងដែលគេបានប្រើ ក្នុងការកាត់ទោសគាត់នោះ។ ពាក្យបណ្តឹងនីមួយៗ សុទ្ធតែត្រូវគេបដិសេធ អស់រយៈពេល៤២ឆ្នាំ។ បន្ទាប់មក អ្នកស្រី សេលី ធីបូដូ(Shelley Thibodeau) ដែលជាមេធាវី ក៏បានដឹង អំពីរឿងក្តីរបស់គាត់។ នាងក៏បានរកឃើញថា គេមិនគ្រាន់តែគ្មានភស្តុតាង ដើម្បីកាត់ទោសលោកវីលៀមប៉ុណ្ណោះទេ តែមានបុរសម្នាក់ទៀត បានសារភាពថា ខ្លួនជាអ្នកប្រព្រឹត្ត។ ទីបំផុត លោកវីលៀម ក៏បានរួចពីការចោទប្រកាន់ ហើយក៏ត្រូវគេដោះលែង។
ហោរាយេរេមា និងហោរាអ៊ូរីយ៉ា ក៏ជួបរឿងធំផងដែរ។ ពួកគេបានប្រកាសប្រាប់សាសន៍យូដាថា ព្រះទ្រង់បានសន្យាថា នឹងជំនុំជម្រះរាស្រ្តទ្រង់ បើពួកគេមិនប្រែចិត្តទេនោះ(យេរេមា ២៦:១២-១៣,២០)។ ការប្រកាសនោះបានធ្វើឲ្យពួកបណ្តាជន និងពួកនាម៉ឺននៅនគរយូដាមានការខឹងសម្បារ ហើយក៏បានរិះរកវិធីសម្លាប់ហោរាទាំងពីរ។ ពួកគេទទួលជោគជ័យនៅក្នុងការសម្លាប់លោកអ៊ូរីយ៉ា។ គាត់បានរត់គេចទៅនគរអេស៊ីព្ទ តែត្រូវគេចាប់ខ្លួនត្រឡប់មកវិញ ដើម្បីឲ្យស្តេចកាត់ទោស ហើយស្តេចក៏បានសម្រេចឲ្យគេប្រហារជីវិតគាត់ នឹងដាវ(ខ.២៣)។ ហេតុអ្វីពួកគេមិនបានសម្លាប់លោកយេរេមា? ព្រោះលោកអ័ហ៊ីកាម “ជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសំឡាប់លោកឡើយ”(ខ.២៤)។
យើងប្រហែលមិនដឹងថា មាននរណាខ្លះដែលកំពុងប្រឈមមុខដាក់សេចក្តីស្លាប់ឡើយ ប៉ុន្តែ យើងប្រហែលជាដឹងថា មាននរណាខ្លះដែលកំពុងតែត្រូវការជំនួយរបស់យើង។ តើនរណាខ្លះកំពុងតែត្រូវគេជាន់ឈ្លីសិទ្ធិសេរីភាព? តើនរណាខ្លះមានអំណោយទាន ដែលគេមិនឲ្យតម្លៃ? តើនរណាខ្លះ កំពុងត្រូវការការគាំទ្រមតិ? ការជួយគេ តាមគំរូរបស់លោកអ័ហ៊ីកាម អាចនាំឲ្យមានគ្រោះថ្នាក់ តែជាទង្វើដ៏ត្រឹមត្រូវណាស់។ តើនរណាខ្លះ ត្រូវការជំនួយរបស់យើង តាមដែលព្រះទ្រង់ដឹកនាំយើង?—Mike Wittmer01