របបអាហារដ៏ត្បិតត្បៀត ស្បែកជើងមិនជ្រាបទឹក និងផែនទី ស្ថិតក្នុងចំណោមរបស់របរដ៏ចាំបាច់ ដែលអ្នកដើរព្រៃត្រូវការ ក្នុងការធ្វើដំណើរតាមផ្លូវលំរបស់លោកចន មួរ(John Muir)។ ផ្លូវលំរបស់លោកចន មួរមានប្រវែង៣៣៩គីឡូម៉ែត្រ ក្នុងភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលបត់ចុះឡើងៗ កាត់តាមជ្រលងដងអូ បឹងបួរ ព្រៃ និងភ្នំដែលស្ថិតនៅរយៈកម្ពស់ប្រហែល១៤៣២៥ម៉ែត្រ។ ដោយសារការឆ្លងកាត់តាមផ្លូវលំមួយនេះ ដោយថ្មើរជើង ត្រូវចំណាយពេលប្រហែល៣សប្តាហ៍ ការដាក់ស្បៀងអាហារឲ្យបានត្រឹមត្រូវ ជាប់តាមខ្លួន គឺពិតជាសំខាន់ណាស់។ បើអ្នកដាក់ច្រើនពេក អ្នកនឹងបាក់កម្លាំងដោយសារទម្ងន់របស់វា តែបើដាក់តិចពេក អ្នកនឹងជួបការខ្វះខាត នៅតាមផ្លូវ។
ដើម្បីបញ្ចប់ការធ្វើដំណើរខាងវិញ្ញាណរបស់យើង ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងក៏ត្រូវពិចារណា អំពីការអ្វីខ្លះដែលយើងត្រូវដាក់ជាប់ខ្លួនផងដែរ។ ក្នុងបទគម្ពីរហេព្រើរ ជំពូក១២ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យ “ចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ”។ គាត់បានប្រៀបធៀបការរស់នៅរបស់យើង ទៅនឹង “ការរត់ ក្នុងទីប្រណាំង នៅមុខយើង” ដែលក្នុងនោះ យើងមិនត្រូវនឿយហត់ និងរសាយចិត្តឡើយ(ខ.១,៣)។ ការមានបន្ទុកនៃអំពើបាបធ្ងន់ពេក ឬការបែកអារម្មណ៍ទៅរកអ្វី នៅក្រៅគោលបំណងរបស់ព្រះ គឺជាការលីបន្ទុកដែលមិនចាំបាច់។
គេបានណែនាំអ្នកដើរព្រៃ ដែលធ្វើដំណើរតាមផ្លូវរបស់លោកចន មួរ ឲ្យដាក់ជាប់ខ្លួននូវរបស់សំខាន់ៗ។ យ៉ាងណាមិញ ព្រះទ្រង់ក៏បានប្រទាននូវការណែនាំ ក្នុងព្រះគម្ពីរប៊ីប សម្រាប់ឲ្យយើងដើរតាមព្រះយេស៊ូវផងដែរ។ យើងត្រូវបើកមើលព្រះគម្ពីរប៊ីប ដើម្បីឲ្យយើងអាចដឹងថា មានទម្លាប់ ក្តីស្រមៃ និងក្តីបំណងអ្វីខ្លះ ដែលសមនឹងឲ្យយើងដាក់ជាប់តាមខ្លួន ក្នុងការធ្វើដំណើរខាងវិញ្ញាណ។ ពេលណាយើងធ្វើដំណើរដោយបន្ទុកស្រាល នោះយើងក៏អាចបញ្ចប់ការធ្វើដំណើរបានល្អផងដែរ។—Karen Pimpo