ខ្សែ​ភាព​យន្ត​មាន​ចំណង​ជើង​ថា ចំហៀងដែលមើលមិនឃើញ  ដែល​គេ​បាន​ចាក់​បញ្ចាំង កាល​ពី​ឆ្នាំ​២០០៩ បាន​ពិពណ៌នា អំពី​រឿង​ពិត​របស់​លោក​ម៉ៃឃល អូហ័រ(Michael Oher) ជា​ក្មេង​ជំទង់​ដែល​រស់​នៅ​អនាថា។ មាន​គ្រួសារ​មួយ​បាន​ឲ្យ​គាត់​រស់​នៅ​ជា​មួយ ហើយ​ក៏​បាន​ជួយ​គាត់ ឲ្យ​ជម្នះ​ការ​លំបាក​នៅ​ក្នុង​ការ​រៀន​សូត្រ ហើយ​គាត់​ក៏​បាន​ទទួល​ជោគ​ជ័យ​ដ៏​ល្អ​ប្រសើរ ក្នុង​កីឡាបាល់​ទាត់​អាមេរិក។ ក្នុង​ឈុត​មួយ​នោះ ក្រុម​គ្រួសារ​នោះ​ក៏​បាន​ជជែក​ជា​មួយ​ម៉ៃឃល អំពី​លទ្ធភាព​ដែល​ពួក​គេ​អាច​ទទួល​គាត់​ជា​កូន​ចិញ្ចឹម​ជា​ផ្លូវ​ការ បន្ទាប់​ពី​គាត់​បាន​រស់​នៅ​ជា​មួយ​ពួក​គេ​អស់​ជា​ច្រើន​ខែ​ហើយ។ គាត់​ក៏​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​ផ្អែម​ល្ហែម និង​សុភាព​ថា គាត់​គិត​ថា​គាត់​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នេះ​ហើយ។

ពេល​នោះ​ជា​ពេល​ដ៏​រំភើប​រីករាយ​ណាស់។ ការ​ទទួល​ចិញ្ចឹម​កូន ជា​រឿង​ដ៏​គាប់​ប្រសើរ។ សេចក្តី​ស្រឡាញ់​បាន​ពង្រីក​កាន់​តែ​ធំ​ទូលាយ ហើយ​ការ​រាប់​បញ្ចូល​ទាំង​ស្រុង​ក្នុង​គ្រួសារ​ក៏​បាន​កើត​មាន ខណៈ​ពេល​ដែល​គ្រួសារ​មួយ​បាន​បើក​ចំហ ទទួល​សមាជិក​ថ្មី។​ ការ​ទទួល​ចិញ្ចឹម នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្តូរ គឺ​ដូច​ដែល​ជីវិត​របស់​ម៉ៃឃល​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។

ក្នុង​ព្រះ​យេស៊ូវ អ្នក​ជឿ​ទំាង​ឡាយ​ក្លាយ​ជា “កូន​ព្រះ” ដោយសារ​ជំនឿ​លើ​ព្រះ​អង្គ(កាឡាទី ៣:២៦)។ ព្រះ​ទ្រង់​បាន​ទទួល​ចិញ្ចឹម​យើង ហើយ​យើង​ក្លាយ​ជា​កូន​ប្រុស​ស្រី​របស់​ព្រះ​អង្គ(៤:៥)។ ក្នុង​នាម​យើង​ជា​កូន​ចិញ្ចឹម​របស់​ព្រះ យើង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​អង្គ ហើយ​យើង​ហៅ​ព្រះ​អង្គ​ថា​ “ព្រះ​វរបិតា”(ខ.៦) ហើយ​យើង​ក៏​បាន​ក្លាយ​ជា​អ្នក​ស្នង​មរតក​របស់​ព្រះ​អង្គ(ខ.៧) និង​ស្នង​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ​(រ៉ូម ៨:១៧)។ យើង​ក៏​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​មហា​គ្រួសារ​របស់​ព្រះ​អង្គ។​

ពេល​ដែល​លោក​ម៉ៃឃល អូហ័រ ក្លាយ​ជា​កូន​ចិញ្ចឹម ការ​ផ្លាស់​ប្តូរ​ក៏​បាន​កើត​មាន ក្នុង​ជីវិត អត្ត​សញ្ញាណ និង​អនាគត​របស់​គាត់។ ចុះ​ទំរាំ​តែ​យើង​ដែល​ព្រះ​ទ្រង់​បាន​ទទួល​ចិញ្ចឹម តើ​យើង​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ជាង​អម្បាលម៉ាន។ ជីវិត​យើង​ផ្លាស់​ប្តូរ ពេល​ដែល​យើង​បាន​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​វរបិតា។ អត្ត​សញ្ញាណ​របស់​យើង​ផ្លាស់​ប្តូរ ពេល​ដែល​យើង​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ។ ហើយ​អនាគត​យើង​ក៏​ផ្លាស់​ប្តូរ ដោយសារ​ព្រះ​បន្ទូល ដែល​បាន​សន្យា​ថា យើង​នឹង​បាន​ទទួល​កេរមរតក​ដ៏​រុង​រឿង និង​អស់​កល្ប។—Con Campbell