ឪពុករបស់លោកស៊ែម(Sam) ត្រូវរត់គេច ឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងអំឡុងពេលរដ្ឋប្រហារដោយពួកយោធា។ ភ្លាមៗនោះ ក្រុមគ្រួសារគាត់បានបាត់បង់ប្រាក់ចំណូល ហើយលែងមានលទ្ធភាពបង់ថ្លៃថ្នាំពេទ្យ ដើម្បីឲ្យប្អូនប្រុសរបស់លោកស៊ែមបន្តមានជីវិតរស់។ លោកស៊ែមក៏បានខឹងនឹងព្រះ ដោយគិតថា តើយើងបានធ្វើអ្វីខុស បានជាយើងត្រូវជួបរឿងនេះ?
មានអ្នកដើរតាមព្រះយេស៊ូវម្នាក់បានដឹង អំពីទុក្ខលំបាករបស់គ្រួសារមួយនេះ។ គាត់មានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ថ្លៃថ្នាំពេទ្យ ដូចនេះ គាត់ក៏បានទិញថ្នាំពេទ្យឲ្យពួកគេ។ អំណោយដែលបានជួយសង្រ្គោះជីវិត ពីមនុស្សដែលពួកគេមិនស្គាល់នេះ មានឥទ្ធិពលយ៉ាងខ្លាំងមកលើពួកគេ។ ម្តាយរបស់ស៊ែមក៏បាននិយាយថា “នៅអាទិត្យនេះ យើងនឹងទៅព្រះវិហាររបស់បុរសនោះ”។ កំហឹងរបស់លោកស៊ែមក៏បានចាប់ផ្តើមថយចុះ។ ហើយទីបំផុត សមាជិកគ្រួសារនេះបានទទួលជឿព្រះយេស៊ូវ ម្តងម្នាក់ៗ។
សាវ័កយ៉ាកុបបង្រៀនថា សេចក្តីជំនឿដែលរស់ត្រូវមានការប្រព្រឹត្ត ដោយយកចិត្តទុកដាក់ចំពោះអ្នកដទៃជាដើម។ គឺដូចដែលគាត់បានសរសេរថា “ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី”(២:១៥-១៦)។
ការប្រព្រឹត្តរបស់យើង ជាភស្តុតាងបង្ហាញ អំពីភាពពិតប្រាកដ នៃសេចក្តីជំនឿរបស់យើង។ ការប្រព្រឹត្តទាំងនោះអាចជះឥទ្ធិពលមកលើការសម្រេចចិត្តរបស់អ្នកដទៃ ដោយនាំឲ្យពួកគេទទួលជឿព្រះអង្គផងដែរ។ ក្នុងករណីរបស់លោកស៊ែម ដោយសារការប្រព្រឹត្តល្អរបស់អ្នកជឿព្រះម្នាក់នោះ គាត់ក៏បានក្លាយជាគ្រូគង្វាល និងអ្នកបង្កើតពួកជំនុំ។ ទីបំផុត អ្នកដែលបានជួយគ្រួសារគាត់ បានក្លាយជាឪពុកខាងវិញ្ញាណ ដែលបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដល់ពួកគេ។—Tim Gustafson