នៅថ្ងៃទី៦ ធ្នូ ឆ្នាំ១៩០៧ មានបន្ទុះដ៏ធំបានធ្វើឲ្យរង្គោះរង្គើសហគមន៍តូចមួយ ក្នុងរដ្ឋវើជីនា ខាងលិច នៃសហរដ្ឋអាមេរិក ដោយបណ្តាលឲ្យមានសោកនាដកម្មដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មរ៉ែធ្យូងថ្ម។ គ្រោះថ្នាក់នោះបានឆក់យកជីវិតកម្មករអណ្តូងរ៉ែ៣៦០នាក់ ហើយគេបានប៉ាន់ប្រមាណឃើញថា សោកនាដកម្មដ៏រន្ធត់នេះបានបន្សល់ទុកនូវស្រ្តីមេម៉ាយ២៥០នាក់ និងបណ្តាលឲ្យក្មេងៗប្រហែល១ពាន់នាក់កំព្រាឪពុក។ អ្នកប្រវត្តិសាស្រ្តជឿថា កម្មវិធីរំឭកមរណភាពរបស់ពួកគេ បានក្លាយជាប្រភពនៃទិវាឪពុក នៅសហរដ្ឋអាមេរិក។ ការនឹកចាំនេះបានកើតចេញពីការបាត់បង់ដ៏ធំ ហើយទីបំផុតក្លាយជាការប្រារព្ធទិវាឪពុក។
សោកនាដកម្មធំបំផុតក្នុងប្រវត្តិសាស្រ្តបានកើតឡើង ពេលដែលមនុស្សជាតិបានឆ្កាងព្រះ ដែលបានបង្កើតពួកគេ។ ប៉ុន្តែ ពេលដ៏ខ្មៅងងឹតនោះក៏បានបង្កើតឲ្យមានការនឹកចាំ និងការប្រារព្ធពិធីផងដែរ។ នៅពេលយប់ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ព្រះអង្គបានប្រើធាតុផ្សំនៃពិធីបុណ្យរំលង របស់សាសន៍អ៊ីស្រាអែល ដើម្បីបង្កើតពិធីរំឭកអំពីការសុគតរបស់ព្រះអង្គ។ កណ្ឌគម្ពីរដំណឹងល្អលូកាបានពិពណ៌នា អំពីរឿងនេះយ៉ាងដូចនេះថា “ទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយព្រះបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ”(លូកា ២២:១៩)។
រហូតមកដល់ពេលសព្វថ្ងៃ កាលណាយើងប្រារព្ធពិធីលៀងព្រះអម្ចាស់ យើងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ រំឭកអំពីសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលព្រះអង្គមានសម្រាប់យើង ដោយនឹកចាំ អំពីការលះបង់របស់ព្រះអង្គ ដើម្បីសង្រ្គោះយើង និងអបអរអំណោយនៃជីវិត ដែលការលះបង់របស់ព្រះអង្គបានប្រទាន។ ក្នុងបទចម្រៀងទំនុកដំកើង ដែលលោកឆាល វេសលី(Charles Wesley) បាននិពន្ធ គាត់បានសរសេរថា “ឱសេចក្តីស្រឡាញ់ដ៏អស្ចារ្យ! តើហេតុអ្វីបានជាព្រះអង្គសុគតជំនួសទូលបង្គំ?”—Bill Crowder