ក្នុងអំឡុងពេលនៃការធ្វើដំណើរលើកទីមួយ របស់បេសកជនស្កត់ឡង់ ឈ្មោះ អាឡេស៊ែនឌ័រ ដាហ្វ(Alexander Duff) ទៅកាន់ប្រទានឥណ្ឌា នៅឆ្នាំ១៨៣០ សំពៅគាត់បានលិច ពេលមានខ្យល់ព្យុះនៅក្បែរតំបន់ឆ្នេរនៃប្រទេសអាហ្វ្រិកខាងត្បូង។ គាត់ និងអ្នករួមដំណើរជាមួយគាត់បានទៅដល់កោះតូចមួយ ដែលនៅដាច់ស្រយាល ហើយបន្តិចក្រោយមក ក្នុងចំណោមពួកនាវិក មានម្នាក់បានរកឃើញព្រះគម្ពីរប៊ីបរបស់លោកដាហ្វ ដែលបានអណ្តែតមកទើរលើឆ្នេរ។ ពេលព្រះគម្ពីរនោះស្ងួត លោកដាហ្វក៏បានអានបទគម្ពីរទំនុកដំកើង ជំពូក១០៧ ទៅកាន់អ្នកដែលបានរួចជីវិតជាមួយគាត់ ហើយពួកគេក៏មានចិត្តក្លាហានឡើង។ ទីបំផុត បន្ទាប់ពីគេបានជួយសង្រ្គោះ ហើយលោកដាហ្វបានលិចសំពៅម្តងទៀត គាត់ក៏បានមកដល់ប្រទេសឥណ្ឌាដោយសុវត្ថិភាព។
បទគម្ពីរទំនុកដំកើង ជំពូក១០៧ បានចែងអំពីវិធីដែលព្រះទ្រង់ជួយរំដោះប្រជាជនអ៊ីស្រាអែល។ បទគម្ពីរនេះពិតជាត្រូវនឹងរឿងរបស់លោកដាហ្វ និងមិត្តរួមនាវារបស់គាត់បានជួបប្រទះ បានជាពួកគេមានការកម្សាន្តចិត្ត ដោយសារសេចក្តីដែលបានចែងថា “ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ”(ខ.២៩-៣០)។ ហើយពួកគេក៏បាន អរព្រះគុណព្រះអម្ចាស់ ដូចពួកអ៊ីស្រាអែល “សម្រាប់សេចក្តីស្រឡាញ់ដែលមិនប្រែប្រួលរបស់ព្រះ និងការដ៏អស្ចារ្យដែលព្រះអង្គបានប្រោសដល់មនុស្សជាតិ”(ខ.៣១)។
សេចក្តីដែលមានចែងក្នុងបទគម្ពីរទំនុកដំកើង ១០៧:២៨-៣០ ក៏ស្របនឹងសេចក្តីដែលមានចែងក្នុងបទគម្ពីរសញ្ញាថ្មីផងដែរ(ម៉ាថាយ ៨:២៣-២៧ ម៉ាកុស ៤:៣៥-៤១)។ ខ្យល់ព្យុះបានចាប់ផ្តើមបក់បោកមក ពេលដែលព្រះយេស៊ូវ និងពួកសាវ័ករបស់ព្រះអង្គកំពុងគង់នៅក្នុងទូក។ ពួកសិស្សព្រះអង្គក៏បានស្រែកឡើង ដោយការភ័យខ្លាច ហើយព្រះយេស៊ូវ ដែលជាព្រះដែលបានប្រសូតជាមនុស្ស ក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់។ យើងក៏អាចមានចិត្តក្លាហានឡើងផងដែរ! ព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះដ៏មានអំណាចចេស្តានៃយើង ស្តាប់ឮ និងឆ្លើយតប ពេលយើងស្រែករកព្រះអង្គ ហើយកម្សាន្តចិត្តយើង ក្នុងពេលដែលមានខ្យល់ព្យុះ។—Alyson Kieda