ចក្រភព​រ៉ូម៉ាំង​នៅ​សម័យ​បុរាណ មាន​ដំណឹង​ល្អ​មួយ​បែប តាម​ប្រពៃណី​សាសនា​របស់​ខ្លួន។ លោក​វើជីល(Virgil) ដែល​ជា​កវី​កំណាព្យ បាន​ពិពណ៌នា​ថា ព្រះ​ហ្ស៊ូស ដែល​ជា​ស្តេច​របស់​ពួក​ព្រះ​នៃ​ជន​ជាតិ​ក្រិក បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ ឲ្យ​ជន​ជាតិ​រ៉ូម៉ាំង​មាន​នគរ​មួយ ដែល​គ្មាន​ទី​បញ្ចប់ ឬ​គ្មាន​ព្រំដែន។ ទ្រង់​ក៏​បាន​ជ្រើស​រើស​ស្តេច​អ៊ូគូស្ទូស(Augustus) ឲ្យ​ធ្វើ​ជា​បុត្រា​របស់​ព្រះ និង​ជា​អ្នក​សង្រ្គោះ​ពិភព​លោក ដោយ​នាំ​មក​នូវ​យុគសម័យ​មាស ដែល​មាន​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​មនុស្ស​ទំាង​អស់​សុទ្ធ​តែ​ចាត់​ទុក​គំនិត​នេះ ជា​ដំណឹង​ល្អ​នោះ​ទេ។ សម្រាប់​មនុស្ស​ជា​ច្រើន វា​ជា​រឿង​ពិត​ដែល​គេ​មិន​ចង់​ឲ្យ​កើត​ឡើង តែ​បាន​កើត​ឡើង ដោយសារ​កណ្តាប់​ដៃ​ដែក របស់​កង​ទ័ព និង​ពេជ្ឈឃាត​របស់​ព្រះចៅ​អធិរាជ​អង្គ​នោះ។ ភាព​រុង​រឿង​នៃ​ចក្រ​ភព​រ៉ូម៉ាំង​បាន​សង់​ឡើង នៅ​លើ​ខ្នង​នៃ​ទាសករ ដែល​បម្រើ ដោយ​គ្មាន​សិទ្ធិ​ជា​មនុស្ស ឬ​មាន​ទ្រព្យ​សម្បត្តិ ដើម្បី​បំពេញ​ចិត្ត​ពួក​ម្ចាស់​ទាសករ ដែល​គ្រប់​គ្រង​ពួក​គេ។​

គឺ​ក្នុង​ពិភព​លោក​ប្រភេទ​នេះ​ហើយ ដែល​សាវ័ក​ប៉ុល​បាន​ណែនាំ​ឲ្យ​គេ​ស្គាល់​គាត់​ថា ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ​(រ៉ូម ១:១)។ កាល​ពី​មុន សាវ័ក​ប៉ុល​បាន​ស្អប់​ព្រះ​នាម​ព្រះ​យេស៊ូវ​ណាស់។ ហើយ​ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​រង​ទុក្ខ ដោយសារ​ព្រះ​អង្គ​បាន​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ជា​ស្តេច​នៃ​សាសន៍​យូដា និង​ជា​​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភព​លោក។​

នេះ​ជា​ដំណឹង​ល្អ ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ប្រាប់​គេ ក្នុង​សំបុត្រ​ទាំង​មូល ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម។ គាត់​ថា ដំណឹង​ល្អ​នេះ​ជា “ព្រះ​ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ”(ខ.១៦)។ អ្នក​ដែល​កំពុង​រង​ទុក្ខ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​សេសា ពិត​ជា​ត្រូវ​ការ​ដំណឹង​ល្អ​នេះ​ណាស់។ គឺ​ដំណឹង​ល្អ​នៃ​ព្រះអង្គ​សង្រ្គោះ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជា​អ្នក​រំដោះ ដែល​បាន​ឈ្នះ​ខ្មាំង​សត្រូវ​របស់​ទ្រង់ ដោយ​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ប៉ុណ្ណា។​—Mart DeHaan