តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David C. McCasland

អំណាចនៃការបង្ហាញចេញនូវគំរូ

ពេល​ខ្ញុំ​ព្យាយាម​ជួស​ជុល​អ្វី​ដែល​ខូច នៅ​ផ្ទះ​ខ្ញុំ តាម​ធម្មតា ខ្ញុំ​បែរ​ជា​ធ្វើ​ឲ្យ​ខូច​លើស​ដើម ហើយ​ត្រូវ​បង់​ថ្លៃ​ឈ្នួល ឲ្យ​គេមក​ជួស​ជុល​ការ​ខូច​ខាត ដែល​ខ្ញុំ​បាន​ធ្វើ​បន្ថែម​ពី​អ្វី​ដែល​ខូច​ស្រាប់។ ប៉ុន្តែ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជួស​ជុល​ឧបករណ៍​ប្រើ​ប្រាស់ នៅ​ផ្ទះ​មួយ​គ្រឿង ដោយ​ជោគ​ជ័យ ដោយ​អនុវត្ត​តាម​ការ​បង្ហាញ​របស់​មនុស្ស​ម្នាក់​ អំពី​របៀប​ជួស​ជុស នៅ​ក្នុង​វីដេអូ​Youtube មួយ​ជំហាន​ម្តង​ៗ​។

សាវ័កប៉ុលបានធ្វើជាគំរូដ៏មានអំណាច សម្រាប់យុវជន ឈ្មោះធីម៉ូថេ ដែលជាសិស្សគាត់ ដែលបានធ្វើដំណើរជាមួយគាត់ ហើយមើលគំរូនៃការប្រព្រឹត្តរបស់គាត់។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើគាត់ ពីមន្ទីរឃុំឃាំងថា “អ្នក​បាន​ស្គាល់​គ្រប់​សេចក្តី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត និង​បំណង​ចិត្ត សេចក្តី​ជំនឿ សេចក្តី​អត់ធ្មត់ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន​របស់​ខ្ញុំ​ហើយ ព្រម​ទាំង​ការ​ដែល​គេ​បៀត​បៀន​ដល់​ខ្ញុំ និង​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់ទីយ៉ូក ក្រុង​អ៊ីកូនាម និង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្តី​បៀត​បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ​ទ្រ​នោះ​ដែរ”(២ធីម៉ូថេ ៣:១០-១១)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យនៅ​ជាប់​ក្នុង​សេចក្តី​ដែលគាត់​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា គាត់​បាន​រៀន​សេចក្តី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​តូច​មក គាត់​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន”(ខ.១៤-១៥)។

ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​សាវ័ក​ប៉ុល បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ អំពី​ភាព​ចាំ​បាច់​នៃ​ការ​កសាង​ជីវិត​យើង នៅ​លើ​គ្រឹះ​នៃ​ព្រះ​បន្ទូល​ព្រះ។ គាត់​បាន​រំឭក​លោក​ធីម៉ូថេ​ថា ព្រះ​គម្ពីរ​គឺ​ជា​ប្រភព​ដ៏​មាន​អំណាច ដែល​ព្រះ​បាន​ប្រទាន ដែល​យើង​ត្រូវ​យក​ទៅ​បង្រៀន និង​បង្ហាត់​បង្ហាញ​ដល់​អ្នក ដែល​ចង់​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ។

ខណៈ​ពេល​ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់…

ការជួយយិតយោងគ្នា

ហេតុ​អ្វី​ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​៥​លាន​នាក់  បាន​បង់​លុយ​ឲ្យ​គេ ដើម្បី​ឲ្យ​បាន​ចូល​រួម​ការ​រត់​ប្រណាំង ជា​ច្រើន គីឡូ​ម៉ែត្រ ដោយ​ឆ្លង​កាត់​ឧប​ស័គ្គ​ជា​ច្រើន​ដំណាក់ ដែល​មាន​ដូច​ជា ការ​ឡើង​ជញ្ជាំង​ចោទ​ៗ ការ​លុយ​ភក់ និង​ឡើងតាម​បំពង់​បញ្ឈរ​ដ៏​ធំ​មួយ ដែល​មាន​ទឹក​ធ្លាក់​មក​លើ​ពួក​គេ​ជា​ដើម? អ្នក​ខ្លះ​យល់​ថា ការ​ធ្វើ​ដូច​នេះ គឺ​ជា​ការ​តស៊ូ​ផ្ទាល់​ខ្លួន ដើម្បី​ជំរុញ​ខ្លួន​ឯង​ឲ្យ​មាន​ការ​អត់​ធន់​កាន់​តែ​ខ្លាំង ឬ​ដើម្បី​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ឯង។ អ្នក​ខ្លះ​ទៀត ចាប់​អារម្មណ៍​នឹង​ការ​រួប​រួម​គ្នា​ជា​ក្រុម ដែល​ក្នុង​នោះ អ្នក​ប្រ​កួត​ទាំង​ឡាយ​ជួយ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​មនុស្ស​ម្នាក់​បាន​ហៅ​ការ​ប្រកួត​នោះ​ថា “តំបន់​ដែល​គ្មាន​ការ​កាត់​ទោស” ដែល​ក្នុង​នោះ មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា បាន​ឈោង​ទៅ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រត់​ទៅ​ឲ្យ​ដល់​ទី​ទាំង​អស់​គ្នា(Stephanie Kanowitz, The Washington Post)។

ព្រះ​គម្ពីរ​បាន​ជំរុញ​យើង ឲ្យ​ខិត​ខំ​ធ្វើ​ការ​ជា​ក្រុម ធ្វើ​ជា​គំរូ​នៃសេច​ក្តី​ជំនឿ ក្នុង​ព្រះ​យេស៊ូវ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង  ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ហេព្រើរ ១០:២៤-២៥)។

គោល​ដៅ​របស់​យើង គឺ​មិន​មែន​ដើម្បី “ទៅ​ដល់​ទី” នៃ​សេចក្តី​ជំនឿ​ឲ្យ​បាន​មុន​គេ​នោះ​ទេ ប៉ុន្តែ គឺ​ត្រូវ​ឈោង​ទៅ​រក​គ្នា ដោយ​ការ​លើក​ទឹក​ចិត្ត​ទៅ​វិញ​ទៅ​មក ធ្វើ​ជា​គំរូ​ដ៏​ល្អ ហើយ​ផ្តល់​ជំនួយ​ដល់​គ្នា នៅ​តាម​ផ្លូវ​នៃ​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ​។

ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ដល់​ទី​បញ្ចប់​នៃ​ជីវិត​យើង នៅ​លើ​ផែន​ដី​នេះ។ ទំរាំ​តែ​ដល់​ពេល​នោះ…

គ្រឹះដ៏រឹងមាំរបស់យើង

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​ក​ហើយ ដែល​ប្រ​ជា​ជន​នៅ​ក្នុង​ទីក្រុង​របស់​ខ្ញុំ បាន​សាង​សង់​ផ្ទះ នៅ​ក្នុង​តំបន់ ដែ​ល​ងាយនឹង​មាន​គ្រោះ​ថ្នាក់​បាក់​ដី។ អ្នក​ខ្លះ​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់ ដែល​អាច​កើត​ឡើង ពី​ដីដែល​មិន​រឹង​មាំ ខណៈ​ពេល​ដែលអ្នក​ដទៃ​ទៀត មិន​បាន​ដឹង​អំពី​រឿ​ង​នេះ។ “អ្នក​សិក្សាអំ​ពីស​ណ្ឋានដី​បា​ន​ធ្វើ​ការ​ដាត់​តឿន​ប្រជា​ជន​អស់​រយៈ​ពេល​៤០ឆ្នាំ​មក​ហើយ ហើយ​បទ​បញ្ជា​របស់​សាលា​ក្រុង​ក៏​ត្រូវ​បាន​គេប​ង្កើត​ឡើង ដើម្បី​ធានា​ការ​សាង​សង់​ឲ្យ​មាន​សុវត្ថិ​ភាព” ប៉ុន្តែ គេ​មិន​បាន​ពន្យ​ល់ប្រជា​ជន​អំពី​រឿង​នេះ ហើយ​ក៏​មាន​អ្ន​កដែ​លមិ​ន​អើពើរ​នឹង​រឿង​នេះ​តែ​ម្តង​(ដកស្រង់ពីកាសែត The Gazette, Colorado Springs, ចេញថ្ងៃទី២៧ មេសា ឆ្នាំ ២០១៦)។ ដោយ​សារ​គេ​សង់​ផ្ទះទាំង​នោះ នៅ​លើភ្នំ​ នោះគេ​អាច​ទស្សនា​ទេស​ភាព​ដ៏​ស្រស់​ស្អាត ពី​​​ផ្ទះ​ទាំង​នោះ ប៉ុន្តែ ដី​ដែល​ពួក​គេបាន​សង់​ផ្ទះ​ពី​លើ​នោះ អាច​បាក់​ស្រុត​នៅពេល​ណា​មួយ ដោយ​មិ​នឲ្យ​ដំណឹង​ជា​មុន។

មាន​មនុស្ស​ជា​ច្រើន នៅ​នគរ​អ៊ីស្រាអែល សម័យ​បុរាណ​បាន​ព្រងើយ​កន្តើយ ចំពោះ​ការ​ដាស់​តឿន​របស់​ព្រះ​អម្ចាស់ ឲ្យ​ងាក​ចេញ​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ឲ្យ​ស្វែង​រក​ទ្រង់ ដែល​ជា​ព្រះ​ដ៏​ពិត និង​ដ៏​រស់។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​កត់ត្រា​អំពី​សោក​នាដ​កម្ម ដែល​ជា​លទ្ធ​ផល​នៃ​ការ​មិន​ស្តាប់​បង្គាប់​នោះ។ ប៉ុន្តែ ទោះជាលោកិយកំពុងរង្គោះរង្គើរនៅជុំវិញពួកគេក៏ដោយ ក៏ព្រះអម្ចាស់ នៅតែបន្តឈោងទៅរករាស្រ្តទ្រង់ ដោយព្រះបន្ទូល អំពីការអត់ទោសបាប និងក្តីសង្ឃឹម បើសិនជាពួកគេងាកបែរមករកទ្រង់ ហើយដើរតាមផ្លូវទ្រង់។​

ហោរា​អេសាយ​បាន​ថ្លែង​ថា “នឹង​មាន​សេចក្តី​សុខ​ស្រួល​នៅ​ក្នុង​គ្រាឯ​ង ព្រមទាំងសេចក្តីសង្គ្រោះប្រាជ្ញា និង​ដំរិះ​ជាបរិបូរ​ដែរ សេចក្តីកោ​ត​ខ្លាច​ដ​ល់​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ជា​ឃ្លាំង​របស់​ឯង”(អេសាយ ៣៣:៦)។

សព្វថ្ងៃនេះ មិន​ខុស​ពីគ្រា​សញ្ញា​ចាស់​ឡើយ…

បញ្ហានៃសេចក្តីអំណួត

មនុស្ស​ដែល​​សម្រេច​បាន​នូវ​កេរ្តិ៍​ឈ្មោះ ក្នុង​កំរិត​មិន​ធម្មតា ខណៈ​ពេល​ដែ​លពួក​គេ​នៅ​មាន​ជីវិត ច្រើន​តែ​ត្រូវ​បាន​គេហៅ​ថា “ជន​ល្បី​ឈ្មោះ ក្នុង​សម័យ​របស់​ខ្លួន”។ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ដែ​លជា​កីឡាករ​វាយ​កូន​បាល់​បេស​ប៊ល​អាជីព បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ជួប​មនុស្ស​ជា​ច្រើន ក្នុង​ពិភព​នៃ​កីឡា ដែល​ជា “ជន​ល្បី​ឈ្មោះ តែ​នៅ​ក្នុង​គំនិត​ខ្លួន​ឯងប៉ុណ្ណោះ”។ ត្រង់​ចំណុច​នេះ សេចក្តី​អំណួត​ធ្វើ​ឲ្យ​មនុស្ស​យើង​គិត​ឃើញ​ខ្លួន​ឯង​ល្អ ហួស​ពី​ការ​ពិត តែ​ការ​បន្ទាប​ខ្លួន ធ្វើ​ឲ្យ​យើង​មាន​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ។

អ្នកនិពន្ធព្រះគម្ពីរសុភាសិតបានមានប្រសាសន៍ថា “សេចក្តីឆ្មើងឆ្មៃនាំមុខសេចក្តីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ”(សុភាសិត ១៦:១៨)។ ការគិតអំពីខ្លួនឯង ដោយផ្អែកទៅលើការលើកដំកើងខ្លួនឯង នាំឲ្យយើងយល់ខុសអំពីខ្លួនឯង។ ការលើកដំកើងខ្លួនឯង នាំឲ្យយើងដួលចុះ។

ដើម្បីព្យាបាលថ្នាំពុល នៃភាពក្រអឺតក្រទម យើងត្រូវប្រើការបន្ទាបខ្លួនដ៏ពិត ដែលមកពីព្រះ។ “ការ​ដែល​មាន​ចិត្ត​សុភាព ជា​មួយ​នឹង​ពួក​មនុស្ស​រាប​ទាប នោះ​វិសេស​ជាង​ការ​ចែក​របឹប​ជា​មួយ​នឹង​មនុស្ស​អួត​អាង”(ខ.១៩)។

ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “អ្នក​​ណា​​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង”(ម៉ាថាយ ២០:២៦-២៨)។

ការ​ទទួល​រង្វាន់ សម្រាប់​ការ​សម្រេច​ស្នា​ដៃ និង​ជោគ​ជ័យ  គឺ​មិន​មាន​អ្វី​ជា​បញ្ហាទេ​។ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​ផ្តោត​ទៅ​លើ​ព្រះ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ​មាន​បន្ទូល​ថា “ដ្បិតខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង”(១១:២៩)។-DAVID C. MACCALAND

ដូចក្មេងតូច

នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​លួអាន(Luann) ភរិយា​ខ្ញុំ ​នាំ​កូន​ស្រី​អាយុ​ពីរ​ឆ្នាំ​របស់​យើង អធិស្ឋាន​មុន​ចូល​គេង​ហើយ ក្មេង​តូច​ម្នាក់នេះ​​​ក៏​បាន​សួរ​ម្តាយ​នាង​ថា “ម៉ាក់ ព្រះ​យេស៊ូវ​នៅ​ទី​ណា?” ពេល​នោះ​ម្តាយ​នាង មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។  ភរិយា​របស់​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “ព្រះ​យេស៊ូវ​គង់​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​គង់​នៅ​គ្រប់​ទិសទី និង​កំពុង​គង់​នៅ​ជា​មួយ​យើង​នៅ​ទី​នេះ​ផង​ដែរ។ ហើយ​ទ្រង់​អាច​គង់​នៅ​ក្នុង​ចិត្ត​កូន បើ​សិន​ជា​កូន​ចង់​យាង​ទ្រង់​ចូលគង់”។ នាង​ក៏​បាន​ឆ្លើយ​ថា “កូន​ចង់​ឲ្យ​ព្រះ​យេស៊ូវ​គង់​នៅ​ក្នុង​ចិត្ត​កូន”។ ម្តាយ​របស់​នាង​ក៏​បាន​តប​ថា “កូន​អាច​យាង​ទ្រង់​ចូល​គង់​នៅ​ពេល​ណា​ក៏​បាន”។ នាង​ក៏​បាន​ប្រាប់​ថា “កូន​ចង់​យាង​ទ្រង់​ចូល​គង់​នៅ​ក្នុង​ចិត្ត​កូន នៅ​ពេល​ឥឡូវនេះ”។ ពេល​នោះ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ក៏​បាន​និយាយ​ថា “ព្រះ​យេស៊ូវ សូម​យាង​ចូល​គង់​ក្នុង​ចិត្ត​ទូល​បង្គំ ហើយ​គង់​នៅ​ជា​មួយ​ទូលបង្គំ”។ ហើយ​នាង​ក៏​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ​ជា​មួយ​ទ្រង់ ចាប់​ពី​ពេល​នោះ​មក។

ពេល​ពួក​សិស្ស​ព្រះ​យេស៊ូវ​សួរ​ទ្រង់​ថា តើ​នរណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌ ទ្រង់​ក៏​បាន​ហៅ​ក្មេង​តូច​ម្នាក់ ឲ្យ​មក​ក្នុងកណ្តាល​ចំណោម​ពួក​គេ(ម៉ាថាយ ១៨:១-២)។ ទ្រង់​មាន​ព្រះបន្ទូល​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ”(ខ.៣-៥)។

ព្រះយេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​យើង​ថា ក្មេង​ដែល​មាន​ជំនឿ​លើ​ទ្រង់ អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ​នៃ​សេចក្តី​ជំនឿ។ ទ្រង់​ក៏បាន​ប្រាប់​យើង ឲ្យ​ស្វាគមន៍​អ្នក​ដែល​បើក​ចិត្ត​ថ្វាយ​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថានសួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា”(១៩:១៤)។-DAVID MCCASLAND

ដំណោះស្រាយសម្រាប់ការពន្យាពេល

ការ​ជាប់​គាំង​ប្រព័ន្ធ​កំព្យូទ័រ​អន្តរ​ជាតិ បាន​បណ្តាល​ឲ្យ​មាន​ការ​លប់​ចោល​នូវ​ជើង​ហោះ​ហើរ នៅ​តាម​អាកាស​យាន្ត​ដ្ឋាន​ជា​ច្រើន ធ្វើ​ឲ្យ​អ្នក​ដំណើរ​រាប់​សែន​នាក់​បាន​ជាប់​គាំង​ដំណើរ។ ក្នុង​អំឡុង​ពេល​ព្យុះ​ព្រឹល រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ត្រូវ​បិទ​ផ្លូវ​ជាតិ​ជា​ច្រើន។ មនុស្ស​ម្នាក់​ដែល​បាន​សន្យា​ថា នឹង​ផ្ញើ​សារ​តប​មក​វិញ ​ភ្លាម​ៗ តែ​ខក​ខាន​មិន​បាន​ផ្ញើ​មក។ ការ​ពន្យា​ពេល​ច្រើន​តែ​អាច​ធ្វើ​ឲ្យ​មាន​កំហឹង និង​ចិត្ត​នឿយ​ណាយ ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ស្វែង​រក​ជំនួយ​ពី​ទ្រង់។​

លោក​យ៉ូសែប​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ផ្តល់​ជា​គំរូ​នៃ​ការ​អត់​ធ្មត់​ដ៏​ប្រសើរ ក្នុង​ព្រះ​គម្ពីរ។ គាត់​ត្រូវ​បង​ប្អូន​គាត់​លក់​ឲ្យ​ពួក​ជួញ​ដូរ​ទាសករ ហើយ​ក្រោយ​មក គាត់​ត្រូវ​ភរិយា​របស់​ម្ចាស់​គាត់​ចោទ​បង្ខូច​ទៀត ធ្វើ​ឲ្យ​គាត់​ត្រូវ​ជាប់​គុក នៅ​នគរ​អេស៊ីព្ទ។ ប៉ុន្តែ ពេល​គាត់​កំពុង​ជាប់​ក្នុង​គុក ព្រះ​អម្ចាស់​បាន​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច(លោកុប្បត្តិ ៣៩:២០-២១)។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​សុបិន្ត ថ្វាយ​ស្តេច​ផារ៉ោន គាត់​ក៏​បាន​ទទួល​ការ​តែង​តាំង ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ទីពីរ ដែល​ខ្ពស់​ជាង​គេ ក្នុង​នគរ​អេស៊ីព្ទ​(ជំពូក ៤១)។

ផល​ផ្លែ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​បំផុត ដែល​គាត់​ទទួល​បាន​ពី​ការ​អត់​ធ្មត់​ក្នុង​ពេល​ដ៏​ពិបាក​ទាំង​អស់​នេះ បាន​កើត​មាន ពេល​ដែល​បង​ប្អួន​គាត់​បាន​មក​ទិញ​គ្រាប់​ពូជ ក្នុង​អំឡុង​ពេល​មាន​គ្រោះ​ទុរភិក្ស។ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ ឥឡូវ​នេះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក … ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ”(៤៥:៤-៥,៨)។

ពេល​យើង​ស្ថិត​នៅ​ក្នុង​ការ​ពន្យា​ពេល ទោះ​យូរ ឬ​ឆាប់ ចូរ​យើង​មាន​ចិត្ត​អត់​ធ្មត់ និងមាន​ចក្ខុ​វិស័យ ហើយ​និង​សន្តិភាព ដោយ​ទុក​ចិត្ត​ព្រះ​អម្ចាស់…

ដេញតាមការរួបរួម

កាល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ខ្ញុំ​មិន​ដែល​មាន​សំណួរ​អំពី​ការ​រើស​អើង​ជាតិ​សាសន៍  និង​ការ​បែង​ចែក​ពូជ​សាសន៍ ដែល​គេ​បាន​អនុវត្ត ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ក្នុង​ទីក្រុង​ដែល​ខ្ញុំ​រស់​នៅ​ឡើយ។ គេ​បាន​ញែកមនុស្ស​ដែល​មាន​ពណ៌​សម្បុរ​ខុស​គ្នា ឲ្យ​នៅ​កន្លែង​ផ្សេង​គ្នា នៅ​តាម​សាលា​រៀន ភោជ្ជនីយ​ដ្ឋាន ឡាន​ក្រុង និង​តំបន់ដែល​ប្រជា​ជន​រស់​នៅ។

ការ​គិត​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​ឆ្នាំ១៩៦៨ ពេល​ដែល​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​ថ្នាក់​មូល​ដ្ឋាន ក្នុង​ជួរ​ទ័ព​អាមេរិក។ នៅ​ក្នុង​កង​ពល​របស់​យើង មាន​យុវ​ជន​ដែល​មាន​ពណ៌​សម្បុរ និង​វប្ប​ធម៌​ខុស​ៗ​គ្នា។ មិន​យូរ​ប៉ុន្មាន​យើង​ក៏​បាន​ដឹង​ថា យើង​ចំា​បាច់​ត្រូវ​យល់​អំពី​គ្នា និង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក  ហើយធ្វើ​ការ​ជា​មួយ​គ្នា  ព្រម​ទាំង​បំពេញ​បេសក​កម្ម​របស់​យើង។

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស នៅ​សតវត្សរ៍​ទី​១ គាត់​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ថា សមាជិក​ពួក​ជំនុំ​នៅ​ទីនោះ មាន​ជាតិ​សាសន៍​ចម្រុះ។ គាត់​ក៏​បាន​រំឭក​ពួក​គេ​ថា “​គ្មាន​សាសន៍​ក្រេក និង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះគ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង”(កូល៉ុស ៣:១១)។ នៅ​ក្នុង​ក្រុម​មនុស្ស ដែល ​ងាយ​នឹង​មាន​ការ​បែង​ចែក​ពូជ​សាសន៍ ដោយសារ​ភាព​ខុស​គ្នា សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​”(ខ.១២)។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​នោះ…

ឈ្មោះរបស់អង្គបុគ្គលម្នាក់

ក្សត្រី​ក្លេអូផ៉ាត្រា(Cleopatra) លោក​កាលីលេ(Galileo) លោក​សេកស្ពៀរ(Shakespeare) លោក​អែលវីស(Elvis) និង​លោក​ពេលេ(Pelé) សុទ្ធ​តែ​ជា​បុគ្គល​មាន​ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។ ពួក​គេ​នៅ​តែ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្រ្ត ដោយ​សារ​គេ​ដឹង​ថា ពួក​គេ​ជា​នរណា ហើយ​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ។ តែ​មាន​ឈ្មោះ​មួយ​ទៀត ដែល​ល្បីល្បាញ និង​សំខាន់​លើស​ឈ្មោះ​ណា​ទាំង​អស់!

មុន​ពេល​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ប្រសូត្រ​ក្នុង​លោកិយ​នេះ ទេវតា​បាន​ប្រាប់​នាង​ម៉ារា និង​លោក​យ៉ូសែប ឲ្យ​ដាក់​ព្រះ​នាម​ឲ្យ​ទ្រង់​ថា យេស៊ូវ  ព្រោះ “ទ្រង់​នឹង​ជួយ​សង្រ្គោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១) ហើយ “គេ​នឹង​ហៅ​ទ្រង់ថា “​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត”(លូកា ១:៣២)។ ព្រះ​យេស៊ូវ​មិន​បាន​យាង​មក ដើម្បី​ធ្វើ​ជា​ជន​ល្បី​ល្បាញ​ឡើយ តែ​ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ ដែល​បាន​បន្ទាប​ព្រះ​កាយ​ទ្រង់ ហើយ​សុគត  នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទួល​ជឿ​ទ្រង់  អាច​ទទួល​ការ​អត់​ទោស ហើយ​រួច​ពី​អំណាច​នៃ​អំពើ​បាប។

សាវ័ក​ប៉ុល​បាន​សរសេរ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ថា “ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាតបាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ សំរាប់​ជា​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា”(ភីលីព ២:៩-១១)។

យើង​ត្រូវ​តោង​ឲ្យ​ជាប់​ព្រះ​នាម ព្រះយេស៊ូវ ទាំង​នៅ​ពេល​ដែល​មាន​អំណរ​បំផុត ក៏​ដូច​ជា​នៅ​ពេល​ដែល​មាន​តម្រូវ​ការឬ​ខ្វះ​ខាត​ខ្លាំង​បំផុត។ ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ក៏​មិន​ដែល​ប្រែ​ប្រួល​ឡើយ។-DAVID MACCASLAND

សេចក្តីស្រឡាញ់ដ៏អស្ចារ្យ

ពេល​ដែល​ពិធី​បុណ្យ​ណូអែល​ជិត​មក​ដល់ បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី ដាវីដែន(Davidene) បាន​លា​ចាក​លោក​ទៅ អ្នក​ស្រី​ដាវីដែន​បាន​សរសេរ​សំបុត្រ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ ដែល​ក្នុង​នោះ គាត់​បាន​ពិពណ៌​នា អំពី​នគរ​ស្ថាន​សួគ៌ ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ​នៅលើ​ផែន​ដី យ៉ាង​ដូច​នេះ​ថា “ព្រះ​ទ្រង់​តែង​តែ​ជ្រាប​ជា​និច្ច​ថា នឹង​មាន​អ្វី​កើត​ឡើង។ ទាំង​បី​អង្គ ជាព្រះ​តែ​មួយ ហើយ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ព្រះ​រាជ​បុត្រា​ទ្រង់​យាង​ចុះ ពី​ស្ថាន​សួគ៌​មក ដើម្បី​យើង​រាល់គ្នា”។

ពេល​ព្រះ​យេស៊ូវ​បាន​បង្រៀន និង​ប្រោស​ជម្ងឺ​មនុស្ស​ជា​ច្រើន ​នៅ​លើ​ផែន​ដី ទ្រង់​មាន​បន្ទូល​ថា “ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។ នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះរាជបុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត”(យ៉ូហាន ៦:៣៨,៤០)។

ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ  នៅ​ភូមិ​បេថ្លេហិម  ជា​ការ​ចាប់​ផ្តើម​នៃ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​បាន​លៈ​បង់​ព្រះ​ជន្ម​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ទោស និង​អំណាច​នៃ​អំពើ​បាប។ អ្នក​ស្រី​ដាវីដែន បាន​មាន​ប្រសាសន៍​ថា គាត់​ពិបាក​នឹង​កាត់​ចិត្ត​ពី​មនុស្ស​ដែល​គាត់​ស្រឡាញ់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា។ តែ​ព្រះ​ទ្រង់​បានសម្រេច​ព្រះ​ទ័យ​លះ​បង់​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រស់​នៅ ក្នុង​ដំណាក់​ទ្រង់​ជា​រៀង​រហូត។

“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។-David McCasland

សារៈសំខាន់នៃរបៀបដែលយើងបម្រើ

កាល​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ឆាលី(Charlie) កំពុង​រៀន​នៅ​មហា​វិទ្យាល័យ​ព្រះ​គម្ពីរ យើង​បាន​ធ្វើ​ការ នៅ​ក្នុង​ហាង​លក់​គ្រឿង​សង្ហា​រឹម​។ ជា​រឿយ​ៗ យើង​ច្រើន​តែ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ដល់​កន្លែង ដោយ​មាន​អ្នក​ជំនាញ​តុប​តែង​ផ្នែក​ខាង​ក្នុង​ផ្ទះ​ទៅ​ជា​មួយ​ដែរ។ គាត់​ជជែកជា​មួយ​អតិថិជន​របស់​យើង ពេល​យើង​កំពុង​ជញ្ជូន​គ្រឿង​សង្ហា​រឹម​ចេញ​ពី​ឡាន ចូល​ទៅ​ក្នុង​ផ្ទះ។ ជួន​កាល យើង​ត្រូវ​សែង​គ្រឿង​សង្ហារឹម ឡើង​ជណ្តើរ​ជា​ច្រើន​ជាន់ ក្នុង​អគារ​អាផាត​មិន។ ជា​ញឹក​ញាប់ ទាំង​ខ្ញុំ និង​ឆាលី​បាន​គិត​ថា បើ​សិន​ជា​យើង​មាន​ការ​ងារ​ជា​អ្នក​តុប​តែង​នោះ​វិញ មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។

ក្នុង​អំឡុង​ពេល ដែល​ពួក​អ៊ីស្រា​អែល​វិល​វល់​នៅ​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ នៅ​ក្នុង​ពូជ​អំបូរ​លេវី ដែល​ជា​ពូជ​អំបូរ​សង្ឃ​របស់ព្រះ មាន​មនុស្ស​បី​គ្រួសារ ដែល​បាន​ទទួល​បន្ទុក​ដឹក​ជញ្ជូន​ត្រសាល​ជំនុំ​(ឬ​រោង​ឧបោសថ)។ គ្រួសារ​ទាំង​នោះ​មាន​ដូច​ជា កេហាត់ គើសុន និងម្រ៉ារី។ ពួក​គេ​ជា​អ្នក​ដំឡើង រុះ​រើ និង​ដឹក​ជញ្ជូន​ទៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​ដំឡើង ហើយ​ក៏​បន្ត​ធ្វើ​កិច្ច​នេះ​នៅ​លើក​ក្រោយ​ៗ​ទៀត​។ កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ មាន​ភាព​សាមញ្ញ​ទេ គឺ​ត្រូវ “ដឹកជញ្ជូន​គ្រឿង ដែល​គេ​បាន​ចាត់​ឲ្យ​ដឹក​ជញ្ជូន​នោះ”(ជនគណនា ៤:៣២)។

ខ្ញុំ​ឆ្ងល់​ថា តើ “អ្នក​ដឹក​ជញ្ជូន” ទាំង​អស់​នោះ មាន​ការ​ច្រណែន​នឹង “ពួក​សង្ឃ” ដែល​មាននាទី​ថ្វាយ​ដង្វាយ និង​គ្រឿង​ក្រអូប​ដល់​ព្រះ ដោយ​ប្រើ​គ្រឿង​បរិសុទ្ធ នៅ​ក្នុង​ទីបរិសុទ្ធ​ឬទេ(ខ.៤-៥,១៥)។ មើល​ទៅ​ការ​ងារ​ពួក​សង្ឃ ហាក់​ដូច​ជា​ងាយ​ស្រួល​ជាង ហើយ​ក៏​មាន​មុខ​មាន​មាត់​ជាង​ផង​។ តែ​កិច្ចការ​ទាំង​ពីរ គឺ​សុទ្ធ​តែ​សំខាន់ ដែល​ព្រះ​អម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​ថ្វាយ​ទ្រង់។

ជា​ញឹក​ញាប់ យើង​មិន​បាន​ជ្រើស​រើស​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​ឡើយ។…