កាល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ខ្ញុំ​មិន​ដែល​មាន​សំណួរ​អំពី​ការ​រើស​អើង​ជាតិ​សាសន៍  និង​ការ​បែង​ចែក​ពូជ​សាសន៍ ដែល​គេ​បាន​អនុវត្ត ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ក្នុង​ទីក្រុង​ដែល​ខ្ញុំ​រស់​នៅ​ឡើយ។ គេ​បាន​ញែកមនុស្ស​ដែល​មាន​ពណ៌​សម្បុរ​ខុស​គ្នា ឲ្យ​នៅ​កន្លែង​ផ្សេង​គ្នា នៅ​តាម​សាលា​រៀន ភោជ្ជនីយ​ដ្ឋាន ឡាន​ក្រុង និង​តំបន់ដែល​ប្រជា​ជន​រស់​នៅ។

ការ​គិត​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​ឆ្នាំ១៩៦៨ ពេល​ដែល​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​ថ្នាក់​មូល​ដ្ឋាន ក្នុង​ជួរ​ទ័ព​អាមេរិក។ នៅ​ក្នុង​កង​ពល​របស់​យើង មាន​យុវ​ជន​ដែល​មាន​ពណ៌​សម្បុរ និង​វប្ប​ធម៌​ខុស​ៗ​គ្នា។ មិន​យូរ​ប៉ុន្មាន​យើង​ក៏​បាន​ដឹង​ថា យើង​ចំា​បាច់​ត្រូវ​យល់​អំពី​គ្នា និង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក  ហើយធ្វើ​ការ​ជា​មួយ​គ្នា  ព្រម​ទាំង​បំពេញ​បេសក​កម្ម​របស់​យើង។

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស នៅ​សតវត្សរ៍​ទី​១ គាត់​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ថា សមាជិក​ពួក​ជំនុំ​នៅ​ទីនោះ មាន​ជាតិ​សាសន៍​ចម្រុះ។ គាត់​ក៏​បាន​រំឭក​ពួក​គេ​ថា “​គ្មាន​សាសន៍​ក្រេក និង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះគ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង”(កូល៉ុស ៣:១១)។ នៅ​ក្នុង​ក្រុម​មនុស្ស ដែល ​ងាយ​នឹង​មាន​ការ​បែង​ចែក​ពូជ​សាសន៍ ដោយសារ​ភាព​ខុស​គ្នា សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​”(ខ.១២)។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​នោះ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ឲ្យ​ប្រដាប់​កាយ ដោយ​សេចក្តី​ស្រឡាញ់ “ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍” ដែល​នាំ​ឲ្យ​មាន​ការ​រួប​រួម​គ្នា(ខ.១៤)។

ការ​អនុវត្ត​តាម​គោល​ការណ៍​នេះ ច្រើន​តែ​ត្រូវ​ការ​ពេល​វេលា​ច្រើន ប៉ុន្តែ វា​ជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ។ អ្វី​ដែល​គ្រីស្ទ​បរិស័ទ​មាន​ដូច​គ្នា គឺ​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​សម្រាប់​ទ្រង់។ យើង​អាច​ឈរ​នៅ​លើ​គោល​ការណ៍​នៃ​សេចក្តី​ស្រឡាញ់​នោះ ដើម្បី​ដេញ​តាម​ការ​យោគ​យល់ សន្តិ​ភាព និង​ការ​រួប​រួម​គ្នា ក្នុង​នាម​ជា​អវយវៈ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ។

នៅ​ក្នុង​ភាព​ចម្រុះ​ដ៏​អស្ចារ្យ យើង​ដេញ​តាម​ការ​រួប​រួម​គ្នា ក្នុង​ព្រះ​គ្រីស្ទ។-DAVID MCCASLAND