ពេល​ខ្ញុំ​ព្យាយាម​ជួស​ជុល​អ្វី​ដែល​ខូច នៅ​ផ្ទះ​ខ្ញុំ តាម​ធម្មតា ខ្ញុំ​បែរ​ជា​ធ្វើ​ឲ្យ​ខូច​លើស​ដើម ហើយ​ត្រូវ​បង់​ថ្លៃ​ឈ្នួល ឲ្យ​គេមក​ជួស​ជុល​ការ​ខូច​ខាត ដែល​ខ្ញុំ​បាន​ធ្វើ​បន្ថែម​ពី​អ្វី​ដែល​ខូច​ស្រាប់។ ប៉ុន្តែ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជួស​ជុល​ឧបករណ៍​ប្រើ​ប្រាស់ នៅ​ផ្ទះ​មួយ​គ្រឿង ដោយ​ជោគ​ជ័យ ដោយ​អនុវត្ត​តាម​ការ​បង្ហាញ​របស់​មនុស្ស​ម្នាក់​ អំពី​របៀប​ជួស​ជុស នៅ​ក្នុង​វីដេអូ​Youtube មួយ​ជំហាន​ម្តង​ៗ​។

សាវ័កប៉ុលបានធ្វើជាគំរូដ៏មានអំណាច សម្រាប់យុវជន ឈ្មោះធីម៉ូថេ ដែលជាសិស្សគាត់ ដែលបានធ្វើដំណើរជាមួយគាត់ ហើយមើលគំរូនៃការប្រព្រឹត្តរបស់គាត់។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើគាត់ ពីមន្ទីរឃុំឃាំងថា “អ្នក​បាន​ស្គាល់​គ្រប់​សេចក្តី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត និង​បំណង​ចិត្ត សេចក្តី​ជំនឿ សេចក្តី​អត់ធ្មត់ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន​របស់​ខ្ញុំ​ហើយ ព្រម​ទាំង​ការ​ដែល​គេ​បៀត​បៀន​ដល់​ខ្ញុំ និង​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់ទីយ៉ូក ក្រុង​អ៊ីកូនាម និង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្តី​បៀត​បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ​ទ្រ​នោះ​ដែរ”(២ធីម៉ូថេ ៣:១០-១១)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យនៅ​ជាប់​ក្នុង​សេចក្តី​ដែលគាត់​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា គាត់​បាន​រៀន​សេចក្តី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​តូច​មក គាត់​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន”(ខ.១៤-១៥)។

ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​សាវ័ក​ប៉ុល បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ អំពី​ភាព​ចាំ​បាច់​នៃ​ការ​កសាង​ជីវិត​យើង នៅ​លើ​គ្រឹះ​នៃ​ព្រះ​បន្ទូល​ព្រះ។ គាត់​បាន​រំឭក​លោក​ធីម៉ូថេ​ថា ព្រះ​គម្ពីរ​គឺ​ជា​ប្រភព​ដ៏​មាន​អំណាច ដែល​ព្រះ​បាន​ប្រទាន ដែល​យើង​ត្រូវ​យក​ទៅ​បង្រៀន និង​បង្ហាត់​បង្ហាញ​ដល់​អ្នក ដែល​ចង់​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ។

ខណៈ​ពេល​ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដោយ​ព្រោះ​អ្នក​ដែល​បាន​ជួយ​យើង ឲ្យ​លូត​លាស់​ក្នុង​ជំនឿ យើង​គួរតែ​យក​តម្រាប់​តាម​គំរូ​ដ៏​ល្អ នៃ​ការ​រស់​នៅ​របស់​ពួក​គេ តាម​សេចក្តី​ពិត ហើយ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវ​បង្រៀន និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ផង​ដែរ។

នោះ​ហើយ​ជា​អំណាច​នៃ​ការ​បង្ហាញ​ចេញ​នូវ​គំរូ​ដ៏​ល្អ។—DAVID C. MCCASLAND