តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Keila Ochoa

អំណោយដ៏ផុយស្រួយ

ពេល​ខ្ញុំ​វេច​ខ្ចប់​អំណោយ​ដែល​មាន​ភាព​ផុយ​ស្រួយ ខ្ញុំ​ត្រូវ​ប្រាកដ​ថា នៅ​សម្បក​កញ្ចប់​នោះ មាន​សញ្ញា​សំគាល់​ដើម្បី​ឲ្យ​គេ​ដឹង​ថា ខាង​ក្នុង​កញ្ចប់​មាន​របស់​ផុយ​ស្រួយ។​ ខ្ញុំ​ក៏​បាន​សរសេរ​អក្សរ​ធំ​ៗ​ពី​លើ​ថា “របស់​ផុយ​ស្រួយ” ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខូច​អំណោយ​ដ៏​មាន​តម្លៃ នៅ​ខាង​ក្នុង​កញ្ចប់​ឡើយ។

យ៉ាង​ណា​មិញ អំណោយ​ដ៏​ល្អ​ផុត​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង គឺ​ជា​ទារក​តូច ដែល​ទ្រង់​ក៏ជា​អំណោយ​ដ៏​ផុយ​ស្រួយ​ផង​ដែរ។​ ជួន​កាល​យើង​ស្រមៃ​ឃើញ​ថា ថ្ងៃ​បុណ្យ​ណូអែល ជា​ថ្ងៃ​ដែល​មាន​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត ដូច​នៅ​លើ​រូប​គំនូរ ប៉ុន្តែ ស្រ្តី​ដែល​ធ្លាប់​ឆ្លង​ទន្លេ ប្រាកដ​ជា​អាច​ប្រាប់​យើង​ថា អ្វី​ៗ​មិន​សុទ្ធ​តែ​ស្រស់​ស្អាត ដូច​ការ​គិត​របស់​យើង​ឡើយ។​ នាង​ម៉ារា​ប្រាកដ​ជា​អស់​កម្លាំង។ កាល​នោះ នាង​ទើប​តែ​បាន​ឆ្លង​ទន្លេ​កូន​ដំបូង នៅ​កន្លែង​ដែល​ខ្វះ​អនាម័យ​បំផុត​ផង។ នាង “​រុំ​ទ្រង់នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ”(លូកា ២:៧)។ ទារក​ដែល​ទើប​តែ​កើត​ត្រូវ​ការ​ការ​មើល​ថែរ​ជាប់​ជា​និច្ច។ គេ​យំ​ច្រើន ត្រូវ​បៅដោះ គេង ហើយ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​មើល​ថែរ​ជា​និច្ច។ គេ​មិន​អាចធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ឡើយ។ នៅ​សម័យ​នាង​ម៉ារា អត្រា​នៃ​ការស្លាប់​របស់​ទារក​មាន​កំរិត​ខ្ពស់ ហើយ​ម្តាយ​ជា​ច្រើន​បាន​ស្លាប់ ពេល​ឆ្លងទន្លេ។

ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ មក​ក្នុង​លោកិយ ដោយ​ឲ្យ​ទ្រង់​ប្រសូត្រ​តាម​របៀប​ដ៏​ផុយ​ស្រួយ​ដូច​នេះ? ពី​ព្រោះ​ទ្រង់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​ជា​យើង​រាល់​គ្នា ដើម្បី​ជួយ​សង្រ្គោះ​យើង។ អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ គឺ​បាន​ប្រទាន​មក​ក្នុង​រូប​កាយ​ទារក​តូច ដ៏​ផុយ​ស្រួយ តែ​ព្រះ​ទ្រង់​ហ៊ាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នេះ ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង។​ ចូរ​យើង​មាន​ការ​ដឹង​គុណ​ទ្រង់ សម្រាប់​អំណោយ​ដ៏​អស្ចារ្យ​នេះ!-Keila Ochoa

អ្នកបម្រើដ៏ស្មោះត្រង់

លោក​ម៉ាដាលេណូ(Madaleno) ជា​អ្នក​រៀប​ឥដ្ឋ។ ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ព្រហស្បត្តិ៍ គាត់​បាន​សង់​ជញ្ជាំង​ផ្ទះ និង​ជួស​ជុល​ដំបូល។ គាត់​ជា​មនុស្ស​ស្ងាត់​ស្ងៀម គួរ​ឲ្យ​ជឿ​ជាក់​បាន ហើយ​ខិត​ខំ​ធ្វើ​ការ។ បន្ទាប់​មក ចាប់​ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ គាត់​ឡើង​ទៅ​លើ​ភ្នំ ​ដើម្បី​បង្រៀន​ព្រះ​បន្ទូល​ព្រះ។ លោក​ម៉ាដាលេណូ​បាន​និយាយ​ភាសា ណាហួត(Nahuatl ដែល​ជាក្រៀម​ភាសា​របស់​ជន​ជាតិ​មិច​ស៊ិច​កូ) ដូច​នេះ គាត់​អាច​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ យ៉ាង​ងាយ​ស្រួល ដល់​ប្រជាជន​ក្នុង​តំបន់​នោះ។ ពេល​គាត់​មាន​អាយុ​៧០​ឆ្នាំ គាត់​នៅ​តែ​ធ្វើ​ការ​ដោយ​ដៃ ក្នុង​ការ​សាង​សង់​ផ្ទះ​ឲ្យ​គេ តែ​គាត់​ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​ការបង្កើត​មហា​គ្រួសារ​នៃ​ព្រះ​ផង​ដែរ។ ជីវិត​គាត់​បាន​ទទួល​ការ​គំរាមកំហែង ជា​ច្រើន​ដង។ គាត់​បាន​គេង​នៅ​កណ្តាល​វាល​ ហើយ​ប្រឈម​មុខ​នឹង​ការ​ស្លាប់ ដោយ​សារ​គ្រោះ​ថ្នាក់​រថយន្ត និង​ការ​ធ្លាក់​ពី​កន្លែង​ខ្ពស់។ គេ​បាន​បណ្តេញ​គាត់​ចេញ​ពី​ក្រុង។ តែ​គាត់​គិត​ថា ព្រះ​បាន​ត្រាស់​​ហៅ​គាត់ ឲ្យ​បម្រើ​ទ្រង់ ហើយ​គាត់​ក៏​បាន​ធ្វើ​ដោយអំណរ។  គាត់​បាន​ជឿ​ថា​ មនុស្ស​ត្រូវ​ស្គាល់​ព្រះ​អម្ចាស់ បាន​ជា​គាត់​ពឹង​ផ្អែក​លើ​ទ្រង់​ ដើម្បី​ទទួល​បាន​នូវ​កម្លាំង ដែល​គាត់​ត្រូវ​ការ​។​

ភាព​ស្មោះ​ត្រង់​របស់​លោក​ម៉ាដាលេណូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​ភាព​ស្មោះ​ត្រង់​របស់​លោក​កាលែប និង​លោក​យ៉ូស្វេ ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដីសន្យា ហើយ​វិល​ត្រឡប់​មក​រាយ​ការណ៍​ដល់​ជន​ជាតិ​អ៊ីស្រាអែល​វិញ(ជនគណនា ១៤:៦-១៣)។ ពួក​ឈ្លប​ដទៃ​ទៀត ដែល​ទៅ​ជា​មួយ​គាត់​មាន​ការ​ភ័យ​ខ្លាច ចំពោះ​មនុស្ស​ដែល​រស់​នៅ​ទី​នោះ តែ​លោក​កាលែប និង​លោក​យ៉ូស្វេ​បាន​ទុក​ចិត្ត​លើ​ព្រះ​ ហើយ​ជឿ​ថា ទ្រង់​នឹង​ជួយ​ពួក​គេ ឲ្យ​ចូល​កាន់​កាប់​ទឹក​ដី​សន្យា។

ការ​ងារ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ធ្វើ ប្រហែល​ជា​ខុស​ពី​ការ​ងារ​របស់​លោក​ម៉ាដាលេណូ លោក​កាលែប និង​លោក​យ៉ូស្វែ។…

ការភ័យខ្លាចគេទៅចោលយើង

នៅពេល​ដែល​កូន​ប្រុស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​សាលា​មេត្តេយ្យ នៅ​ថ្ងៃ​ដំបូង គាត់​បាន​ស្រែក​យំថា “ខ្ញុំ​មិន​ចូល​ចិត្ត​សាលា​រៀន​ទេ”។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា “ថ្វីដ្បិត​តែ​ប៉ា និង​ម៉ាក់​មិន​បាន​នៅ​សាលា​រៀន​ជា​មួយ​កូន​មែន តែ​ប៉ា និង​ម៉ាក់​អធិស្ឋាន​ឲ្យ​កូន។​ ម្យ៉ាង​ទៀត ព្រះ​យេស៊ូវ​ទ្រង់​គង់​នៅ​ជា​មួយ​កូន​ជា​និច្ច”។ តែ​កូន​ប្រុស​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា “តែ​កូន​មិន​ដែល​ឃើញ​ទ្រង់​ទេ!” ពេល​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ឱប​វា ហើយ​និយាយ​ថា “ព្រះ​អង្គ​គង់​នៅ​ក្នុង​កូន​ជា​និច្ច។ ទ្រង់​មិន​ដែល​ចាក​ចេញ​ពី​កូន​ឡើយ”។ កូន​ប្រុស​ខ្ញុំ​ក៏​មាន​ការ​ប៉ះពាល់​ចិត្ត ហើយ​ក៏​បាន​និយាយ​ថា “បាទ ទ្រង់​គង់​នៅ​ក្នុង​កូន​មែន”។

មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​ភ័យ​ខ្លាច​គេ​ទៅ​ចោល។ នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ជីវិត យើង​ជួប​ពេល​ដែល​យើង​ត្រូវ​ឃ្លាត​ចេញ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ ជួន​កាល ដោយ​សារ​យើង​ត្រូវ​រស់​នៅ​ក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ខុស​គ្នា ហើយ​ជួន​កាល ដោយ​សារ​សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​បែក​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ថា គេ​បាន​បោះ​បង់​យើង​ចោល​ក៏​ដោយ ក៏​ព្រះ​ទ្រង់​មិន​ដែល​បោះ​បង់​យើង​ចោល​ឡើយ។ ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ជា​ព្រះ​ដ៏​កម្សាន្ត​ចិត្ត និង​ព្រះ​ដ៏​ជា​ជំនួយ ឲ្យ​យាង​មក​គង់​នៅ​ជា​មួយ​យើង និង​នៅ​ក្នុង​យើង​ជា​រៀង​រហូត(យ៉ូហាន ១៤:១៥-១៨)។ យើង​ជា​កូន​ស្ងួន​ភ្ញារ​របស់​ទ្រង់។

កូន​ប្រុស​របស់​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត​លើ​ព្រះ ហើយ​ខ្ញុំ​ក៏​រៀន​ទុក​ចិត្ត​ទ្រង់​ផង​ដែរ។ ខ្ញុំ​មិន​អាចមើល​ឃើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​មិន​ខុស​ពី​កូន​ប្រុស​ខ្ញុំ​ឡើយ តែ​ខ្ញុំ​បាន​ពិសោធន៍​នឹង​អំណាច​ចេស្តា​ទ្រង់ ពេល​ដែល​ទ្រង់​បាន​លើក​ទឹក​ចិត្ត និង​ដឹក​នាំ​ខ្ញុំ ពេល​ដែល​ខ្ញុំ​បាន​អាន​ព្រះ​បន្ទូល​ទ្រង់។ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​អំណោយ​ដ៏​អស្ចារ្យ ដែល​ជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ដែល​បាន​គង់​នៅ​ជា​មួយ​យើង និង​គង់​នៅ​ក្នុង​យើង។ ដូច​នេះ…

សំណល់នៃពេលវេលា

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ដែល​ខ្ញុំ​រស់​នៅ។ គាត់​ជា​បុរស​ដែល​មាន​ការ​មមា​ញឹក​ខ្លាំង ស្ទើរ​តែ​រក​ពេល​ទំនេរ​មិន​បាន តែ​បន្ទាប់​ពី​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​ការ​ប្រជុំ​ដ៏​សំខាន់​មួយ ដោយ​ការ​ហត់​នឿយ គាត់​ក៏​បាន​ឈ្លាត​ពេល​បាន​កន្លះ​ម៉ោង ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច ទាំង​ប្រញាប់​ប្រញាល់ នៅ​ពេល​យប់​ជ្រៅ​បន្តិច​ហើយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ។ យើង​មាន​អំណរ ចំពោះ​ការ​ដែល​គាត់​មក​លេង​ផ្ទះ​យើង តែ​ខ្ញុំ​ចាំ​ថា នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ចាន​បាយ​ខ្ញុំ ហើយ​គិត​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​ថា “យើង​ទទួល​បាន​តែ​សំណល់​នៃ​ពេលវេលា​គាត់​ប៉ុណ្ណោះ”។ បន្ទាប់​មក ខ្ញុំ​ក៏​ចាំ​ថា មាន​ពេល​ជា​ច្រើន​ដង​ហើយ ដែល​ខ្ញុំ​បាន​ថ្វាយ​តែ​សំណល់​នៃ​ពេល​វេលា ដល់​​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ជួន​កាល ខ្ញុំ​បាន​ថ្វាយ​ពេល​តែ​បន្តិច ដែល​ខ្ញុំ​នៅ​សល់​មុនពេល​ខ្ញុំ​គេង​លក់។

លោក​ដានីយ៉ែល​ក៏​ជា​មនុស្ស​រវល់​ផង​ដែរ។ គាត់​មាន​តំណែង​ខ្ពស់ នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន​សម័យ​បុរាណ ដូច​នេះ ខ្ញុំ​យល់​ថា ​គាត់​រវល់​ស្ទើរ​តែ​រក​ពេល​ទំនេរ​គ្មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គាត់​បាន​បង្កើត​ទម្លាប់​ចំណាយ​ពេល​ជា​មួយ​ព្រះ ដោយ​អធិ​ស្ឋាន​មួយ​ថ្ងៃ​បី​ដង ដោយ​ការ​សរសើរ​ដំកើង ហើយ​អរ​ព្រះ​គុណ​ទ្រង់។ ការ​អនុវត្តន៍​ជាប់​ជា​ប្រចាំ​នេះ បាន​ជួយ​ឲ្យ​គាត់​មាន​ជំនឿ​រឹង​មាំ ដែល​មិន​ចេះ​រេរា ពេល​គាត់​ជួប​ការ​បៀត​បៀន(ដានីយ៉ែល ៦)។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​យើង​រាល់​គ្នា។ នៅ​ពេល​ព្រឹក​ព្រលឹម យើង​អាច​យាង​ទ្រង់ ចូល​គង់​នៅ​ក្នុង​ពេល​ថ្ងៃ​នេះ ហើយ​បន្ទាប់​មក យើង​អាច​សរសើរ​ដំកើង​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ជួយ​យើង ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។ នៅ​ពេល​ផ្សេង​ទៀត យើង​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ដ៏​មាន​តម្លៃ​ជា​មួយ​ទ្រង់ ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​។

ពេល​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ ក្នុង​ការ​អធិ​ស្ឋាន និង​ក្នុង​ព្រះ​បន្ទូល​ទ្រង់ យើង​នឹង​មាន​ការ​លូត​លាស់ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ទ្រង់ និង​បាន​ផ្លាស់​ប្រែ ឲ្យ​កាន់​តែ​ល្អ​ដូច​ទ្រង់​។…

កត់ទុក​ក្នុងចិត្ត​របស់​ខ្ញុំ

ខ្ញុំមានទម្លាប់​អានទស្សនាវដ្ដីឌីជីថល តាមទូរស័ព្ទ ឬកំព្យូទ័រ ហើយខ្ញុំ​មាន​អារម្មណ៍ល្អ ដោយដឹងថា ខ្ញុំបានចូលរួមការកាត់បន្ថយការកាប់ដើមឈើរដើម្បីផលិតក្រដាស។ លើសពីនោះទៅទៀត ខ្ញុំ​មិនចាំបាច់​រង់ចាំ​គេយកសៀវភៅទស្សនាវដ្ដី មកដាក់ប្រអប់សំបុត្រមុខផ្ទះខ្ញុំទៀតទេ។ ទោះបីជា​យ៉ាង​ណាក៏ដោយ ខ្ញុំ​ពិតជា​នឹកទស្សនាវដ្ដី​ដែលផលិតពីក្រដាស់ ព្រោះ​ខ្ញុំចូលចិត្ត​បើកសន្លឹករបស់វាដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំ​អាចយកកន្ត្រៃមកកាត់យកសន្លឹក ដែលមានរូបមន្ត​ធ្វើម្ហូបដែល​ខ្ញុំចូលចិត្ត។

ខ្ញុំក៏មាន​ព្រះគម្ពីរ​ឌីជីថល នៅក្នុងទូរស័ព្ទរបស់ខ្ញុំផងដែរ​។ ប៉ុន្តែ ខ្ញុំ​នៅតែ​មាន​ព្រះគម្ពីរ​បោះពុម្ព​ពី​ក្រដាស ដែលខ្ញុំចូលចិត្ត គឺព្រះគម្ពីរ​មួយក្បាល​ដែល​ខ្ញុំ​បានគូសពណ៌ចំណាំនៅលើទំព័រ និង​បានអាន​ច្រើន​លើក​ច្រើន​សារមកហើយ។ យើង​មិនដឹងថា តើអនាគត​នៃ​ព្រះគម្ពីរ​​ដែលបោះពុម្ភពីក្រដាស នឹងទៅជាយ៉ាងណាទេ តែមានការមួយ​ដែលយើងអាចដឹងច្បាស់នោះគឺថា កន្លែង​ល្អបំផុត​សម្រាប់​ដាក់​ព្រះបន្ទូល​របស់​ព្រះ​ មិនមែននៅលើ​ទូរស័ព្ទ​ដៃរបស់​យើង ឬនៅលើម៉ាស៊ីន​អេឡិចត្រូនិចសម្រាប់អាន ឬក៏នៅក្នុងក្រដាស់សៀវភៅ​នោះឡើយ។

បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បានចែងអំពី ការទុកដាក់ព្រះបន្ទូលព្រះ​នៅ​ក្នុងចិត្តរបស់​យើង។ គឺដូចមានសេចក្តីចែងថា​ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត”(ទំនុកដំកើង ១១៩:១១)។ គ្មាន​អ្វី​អាចប្រៀបស្មើ​នឹង​ការពិចារណា​ព្រះបន្ទូល​របស់​ព្រះ និង​ការរៀន​ឲ្យ​ស្គាល់ទ្រង់​កាន់តែច្បាស់ ព្រមទាំង​ការ​យក​ព្រះបន្ទូល​របស់ព្រះមកអនុវត្ត​នៅក្នុងជីវិត​ប្រចាំថ្ងៃ​របស់​យើង​នោះឡើយ។ កន្លែង​ល្អបំផុត​សម្រាប់​ព្រះបន្ទូល​របស់ទ្រង់ គឺស្ថិត​នៅ​ក្នុង​ជម្រៅ​ដួងចិត្តរបស់យើង។

យើង​ប្រហែលជា​មានការដោះសារ​ជាច្រើន  សម្រាប់​ការ​​ខកខាន​មិន​បានអាន​ព្រះគម្ពីរ  និងជញ្ជឹងគិត ឬ ទន្ទេញឲ្យចាំមាត់ ប៉ុន្តែ យើង​ត្រូវការ​ព្រះបន្ទូល​របស់ព្រះ។ ខ្ញុំសូមអធិស្ឋាន ​សូម​ព្រះអង្គជួយ​យើង ​​ឲ្យអាច​រក្សាទុក​ព្រះបន្ទូល​ទ្រង់​ នៅ​ក្នុង​កន្លែង​ដែល​ល្អបំផុត គឺ​នៅ​ក្នុងចិត្ត​របស់​យើង។-KEILA OCHOA

បទចំរៀង​នៃជីវិត​របស់​យើង

មនុស្ស​គ្រប់​គ្នា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​តាម​បែប​ផ្សេង​ពី​គ្នា ពេល​ពួក​គេ​ស្តាប់​បទ​ភ្លេង​មួយ​បទ ក្នុងពេល​តែ​មួយ។ អ្នក​និពន្ធ​បទ​ភ្លេង​ស្ដាប់​ឮ​បទ​ដែល​គាត់​បាន​តែង តាម​គំនិត​ស្រមើ​ស្រម៉ៃរបស់​គាត់។ ប្រិយ​មិត្ត​អ្នក​ស្តាប់​បទ​ភ្លេង​របស់​គាត់ ក៏​បាន​ស្តាប់​ដោយ​ញ្ញាណ និង​អារម្មណ៍​របស់​ពួក​គេ។ ចំណែក​ឯ​តន្ត្រីក​ទាំង​ឡាយ ដែល​កំពុង​ប្រគំ​បទ​នោះ នៅ​ក្នុង​វង់​តន្រ្តី ស្ដាប់​ឮ​បទ​ភ្លេង​នោះ​យ៉ាង​ច្បាស់​បំផុត​ ចេញ​ពី​ឧបករណ៍​តន្រ្តី​ដែល​នៅ​ជិត​ខ្លួន​បំផុត។

គ្រីស្ទ​បរិស័ទ​គ្រប់​រូប គឺ​ប្រៀប​បាន​នឹង​តន្រ្តី​នៅ​ក្នុង​វង់​តន្ត្រី​របស់​ព្រះ។ ជា​ញឹក​ញាប់ យើង​ស្ដាប់​ឮ​តែ​សម្លេង​ឧបករណ៍​តន្រ្តី​ណា​ដែល​នៅ​ជិត​យើង​បំផុត​ប៉ុណ្ណោះ។ យើង​មិន​ស្ដាប់​ឮឧបករណ៍ភ្លេងទាំងអស់ ក្នុងពេលតែមួយ គឺមិនខុសពី​លោកយ៉ូបដែលនិយាយ ទាំងការឈឺចាប់ថា “ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់” (យ៉ូប ៣០:៩)។

លោកយ៉ូប​បានរំឭក អំពី​កាល​ដែល​ពួកខ្សែរាជវង្ស និង​ពួកមន្ត្រីទាំងប៉ុន្មាន​បានគោរព​ដល់គាត់។ ជីវិត​របស់​គាត់ធ្លាប់​​បានលាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​គាត់ផងដែរ(យ៉ូប ២៩:៦)។ ប៉ុន្តែ​ឥឡូវនេះ រូបគាត់​បាន​ត្រឡប់ជា​ផ្ទាំងស៊ីប​នៃ​អ្នកចំអកឡកឡឺយ​ទៅវិញ។ គាត់ក៏បាន​ថ្លែងទំនួញថា “ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ​បាន​ត្រឡប់​ជា​សេចក្ដី​សោក​សៅ” (យ៉ូប ៣០:៣១)។ តែតន្រ្តីនៃជីវិតគាត់ មិនមែនមានសម្លេងតែប៉ុណ្ណឹងឡើយ។ គាត់គ្រាន់​តែមិន​បានស្ដាប់​ឮបទភ្លេងឲ្យបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។

នៅថ្ងៃនេះ អ្នក​ប្រហែល​អាចស្ដាប់​ឮតែណោទ​ភ្លេងកំសត់ៗ ចេញពីវីយូឡុង​របស់​អ្នក​ប៉ុណ្ណោះ។ តែសូមកុំទាន់អស់សង្ឃឹមឡើយ។ ​សេចក្ដីលម្អិត​គ្រប់​យ៉ាង​នៃជីវិត​របស់អ្នក ​សុទ្ធតែ​ជា​ចំណែកមួយ​នៃ​ការតែង​និពន្ធ​របស់​ព្រះ។ ឬអ្នក​កំពុងតែ​ស្ដាប់​ឮសម្លែង​ខ្លុយដ៏រីករាយ។ សូមសរសើរដំកើង​ព្រះ​ សម្រាប់​ការនោះ ហើយចែករំលែក​សេចក្តីអំណរនោះ​ ជាមួយ​អ្នក​ឯទៀតផងចុះ។

បទភ្លេងដ៏ល្អឯក​នៃ​ការប្រោសលោះ​របស់​ព្រះ​ គឺជាសម្លេងតន្រ្តី​​ដែល​យើង​កំពុង​តែ​ប្រគំ ហើយ​​នៅទីបំផុត គ្រប់​ការទាំងអស់​ផ្សំគ្នា​​ សម្រាប់បំពេញ​​បំណង​ព្រះហឫទ័យ​ដ៏​ល្អ​របស់​ទ្រង់។ ព្រះទ្រង់ជា​អ្នកនិពន្ធបទភ្លេងនៃជីវិត​របស់​យើង។ បទចំរៀង​របស់​ទ្រង់​គឺ​គ្រប់លក្ខណ៍ ដូច្នេះ​…

គ្មានអ្វីគួរឲ្យឆ្ងល់ទេ!

តាំង​ពី​យូរ​ណាស់​មក​ហើយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​បុរស​ម្នាក់ ដែល​នាង​ទើប​តែ​ជួប។ នាង​ថា គាត់​សម​នឹង​ខ្ញុំ​ឥត​មាន​កន្លែង​ទាស់​ត្រង់​ណា។ នាង​បាន​រៀប​រាប់ អំពី​ភាព​សប្បុរស ដែល​មាន​នៅ​ក្នុង​កែវ​ភ្នែក នៅ​លើស្នាម​ញញឹម និង​ក្នុង​ចិត្ត​គាត់។ ពេល​ខ្ញុំ​ជួប​គាត់ ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​ការ​រៀប​រាប់​នេះ។ សព្វ​ថ្ងៃ​នេះ គាត់​គឺ​ជា​ស្វាមី​របស់​ខ្ញុំ ហើយ​ពិត​ណាស់ ខ្ញុំ​ស្រឡាញ់​គាត់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ!

ក្នុង​បទ​ចម្រៀង​សាឡូម៉ូន កូន​ក្រមុំ​បាន​ថ្លែង​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង។ នាង​បាន​ពិពណ៌​នា​ថា សេចក្តី​ស្រឡាញ់​របស់​គាត់ ល្អ​ជាង​ស្រា​ទំពាំង​បាយ​ជូរ ហើយ​ក៏​មាន​ក្លិន​ក្រអូប​ជាង​ទឹក​អប់​ផង។ ឈ្មោះ​គាត់​ក៏​ពិរោះ ​លើស​អ្វី​ៗ​ក្នុង​លោក​នេះ។ ដូច​នេះ នាង​ក៏​បាន​សន្និដ្ឋាន​ថា នាង​ស្រឡាញ់​គាត់​ណាស់ គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​ទេ។

តែ​មាន​ព្រះ​មួយ​អង្គ ដែល​ប្រសើរ​ជាង​មនុស្ស​ជា​ទី​ស្រឡាញ់​​ទាំង​អស់​​ៗ ដែល​មាន​ក្នុង​លោកិយនេះ។ ក្តី​ស្រឡាញ់​ទ្រង់​ក៏​ប្រសើរ​ជាង​ស្រាទំពាំង​បាយ​ជូរ។ ក្តី​ស្រឡាញ់​ទ្រង់​បាន​ចម្អែត​គ្រប់​ទាំង​សេចក្តី​ត្រូវ​ការ​។ “ក្លិន​ក្រអូប”របស់​ទ្រង់ ​ក៏​ល្អ​លើស​ក្លិន​ទឹក​អប់​ទាំង​អស់ ព្រោះ​ពេល​ដែល​ទ្រង់​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​យើង​រាល់​គ្នា ការលះ​បង់​របស់​ទ្រង់​បាន​ក្លាយ​ជា​ក្លិន​ដ៏​ក្រអូប ជា​ទី​គាប់​ព្រះ​ទ័យ​ដល់​ព្រះ(អេភេសូរ ៥:២)។ ព្រះ​នាម​ទ្រង់​ក៏​ខ្ពស់ លើស​អស់​ទាំង​នាម(ភីលីព ២:៩)។ ហេតុ​នេះ​ហើយ ​បាន​ជា​យើង​ស្រឡាញ់​ទ្រង់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ។

យើង​មាន​អភ័យ​ឯក​សិទ្ធិ​ណាស់ ដែល​បាន​ស្រឡាញ់​ព្រះ​យេស៊ូវ។ យើង​មាន​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត ដែល​បាន​ស្រឡាញ់​ទ្រង់។ តើ​យើង​បាន​ចំណាយ​ពេល​ទូល​ប្រាប់​ទ្រង់​ថា យើង​ស្រឡាញ់​ទ្រង់​ហើយ​ឬ​នៅ? តើ​យើង​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់ ចំពោះ​ទ្រង់ ដោយ​ពាក្យ​សម្តី ដែល​ពោល​សរសើរ​សិរីល្អ​នៃ​ព្រះ​សង្រ្គោះ​យើង​ឬ​ទេ? តែ​បើ​យើង​ថ្វាយ​សិរីល្អ​ទ្រង់ ដោយ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង…

ផែនការរបស់ព្រះ

មេបញ្ជា​ការ​ត្រូវ​មាន​ផែន​ការ​ដ៏​គ្រប់​ជ្រុង​ជ្រោយ សម្រាប់​ធ្វើ​សង្រ្គាម  តែ​មុន​ពេល​សង្រ្គាម​នីមួយ​ៗ​ចាប់​ផ្តើម គាត់​ប្រហែល​ជា​ត្រូវ​ទទួល​បញ្ជា​ថ្មី​ៗ​ពី​ថ្នាក់​លើ ហើយ​ចេញ​បញ្ជា​ថ្មី​នោះ​ទៅ​ថ្នាក់​ក្រោម​គាត់។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ប្រជា​ជន​អ៊ីស្រា​អែល លោក​យ៉ូស្វេ​ក៏​ត្រូវ​រៀន​មេរៀន​មួយ​នេះ​ផង​ដែរ។ បន្ទាប់​ពី​រាស្រ្ត​របស់​ព្រះ​បាន​ចំណាយ​ពេល​៤០​ឆ្នាំ ក្នុង​វាល​រហោ​ស្ថាន ព្រះ​ទ្រង់​ក៏​បាន​ជ្រើស​រើស​លោក​យ៉ូស្វេ​ឲ្យ​ដឹក​នាំ​ពួក​គេ ចូល​ទឹក​ដី​សន្យា ដែល​ទ្រង់​បាន​សន្យា​ប្រទាន​ពួក​គេ។

ក្នុង​ការ​ចូល​កាន់​កាប់​ទឹក​ដី​សន្យា ទី​មាំ​មួន​ទី​មួយ ដែល​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នោះ គឺ​ទី​ក្រុង​យេរីខូ។ មុន​ពេល​សង្រ្គាម​ចាប់​ផ្តើម លោក​យ៉ូស្វេ​បាន​ឃើញ “មេ​បញ្ជា​ការ​របស់​កង​ទ័ព​នៃ​ព្រះអម្ចាស់”​(គេជឿ​ថា នោះ​ជា​ព្រះ​អម្ចាស់) កំពុង​ឈរ​នៅ​ពី​មុខ​គាត់ ដោយ​មាន​ដាវ​កាន់​នៅ​ព្រះ​ហស្ត​ទ្រង់​ស្រាប់។ លោក​យ៉ូស្វេ​ក៏​បាន​ក្រាប​ថ្វាយ​បង្គំ​ទ្រង់។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា លោក​យ៉ូស្វេ​បាន​ទទួល​ស្គាល់​ភាព​ធំ​ប្រសើររបស់​ព្រះ និង​ភាព​តូច​ទាប​របស់​គាត់។ បន្ទាប់​មក គាត់​ក៏​បាន​សួរ​ថា “ព្រះ​អម្ចាស់ នៃ​ទូល​បង្គំ ចង់​មាន​ព្រះបន្ទូល​ដល់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ថា​ដូច​ម្តេច?”(យ៉ូស្វេ ៥:១៤) លោក​យ៉ូស្វេ​បាន​ទទួល​ជ័យ​ជម្នះ នៅ​ទីក្រុង​យេរីខូ ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់។

នៅ​ពេល​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​និង​ប្រជា​ជន​របស់​គាត់ “ទូល​សួរ​ព្រះ​អម្ចាស់” ឲ្យ​ទ្រង់​ដឹក​នាំ​ពួក​គេ​(៩:១៤)។ ហេតុ​នេះ​ហើយ ពួក​សត្រូវ​ក៏​បាន​បោក​បញ្ឆោត​ពួក​គេ​ឲ្យ​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មួយ​សាសន៍​គីបៀន ដែល​ជា​ខ្មាំង​សត្រូវ​ក្នុង​ទឹក​ដី​កា​ណាន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មិន​សព្វ​​ព្រះ​​ទ័យ ហើយ​ពួក​គេ​ក៏​ទទួល​លទ្ធ​ផល​អាក្រក់​ជា​ច្រើន(ខ.៣-២៦)។

យើង​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​ផង​ដែរ ពេល​ដែល​យើង​ជួប​ការ​ពិបាក ក្នុង​ជីវិត។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់ នៅ​ថ្ងៃ​នេះ ដោយ​ការ​បន្ទាប​ខ្លួន។ ហើយ​ទ្រង់​នឹង​នៅ​តែ​គង់​នៅក្បែរ​យើង រង់​ចាំ​ដឹក​នាំ​យើង​នៅ​ថ្ងៃ​ស្អែក​ទៀត។-Keila Ochoa

កូនក្មេងរៀនដើរ

ពេល​កូន​ខ្ញុំ​រៀន​ដើរ ខ្ញុំ​ត្រូវ​កាន់​ដៃ​នាង ហើយ​នាង​ក៏​បាន​តោង​ម្រាម​ដៃ​ខ្ញុំ​ជាប់ ព្រោះ​នាង​នៅ​មិន​ទាន់​ចេះ​ទប់​ខ្លួន។ នាង​ខ្លាច​រអិល​ដួល តែ​ខ្ញុំ​នៅ​ចាំ​ជួយ​ទប់​នាង ហើយ​មើល​ថែរ​នាង​ផង។ ពេល​នាង​ដើរ​ដោយ​មាន​ជំនួយ​ពី​ខ្ញុំ កែវ​ភ្នែក​របស់​នាង​បាន​បញ្ចេញ​ពន្លឺ​នៃ​ការ​ដឹង​គុណ ការ​សប្បាយ​ចិត្ត និង​សុវត្ថិ​ភាព។ ប៉ុន្តែ ជួន​កាល នាង​យំ ពេល​ខ្ញុំ​​​បណ្តោយ​ឲ្យ​នាង​ដើរ​តាម​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នាក់ ដោយ​នាង​មិន​បាន​ដឹង​ទេ​ថា ខ្ញុំ​កំពុង​ការពារ​នាង។

យើង​ច្រើន​តែ​ត្រូវ​ការ​នរណា​ម្នាក់ មើល​ថែរ​យើង ដឹក​នាំ និង​ជួយ​ទប់​យើង​មិន​ឲ្យ​ដួល នៅ​ក្នុង​ការ​ដើរ​ខាង​វិញ្ញាណ គឺ​មិន​ខុស​ពី​កូន​ស្រី​ដ៏​តូច​របស់​ខ្ញុំ​ទេ។ ហើយ​យើង​មាន​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង នៅ​ចាំ​ជួយ​កូន​ទ្រង់​រៀន​ដើរ ​នាំ​យើង​ដើរ​ម្តង​មួយ​ជំហាន​ៗ កាន់​ដៃ​យើង ហើយ​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ។

យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​ជ្រាប​យ៉ាង​ច្បាស់​ថា ទ្រង់​ត្រូវ​ការ​ព្រះ​មើល​ថែរ​ទ្រង់ ក្នុង​ការ​រស់​នៅ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៨ ទ្រង់​បាន​រៀប​រាប់ អំពី​ការ​ដែល​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​កម្លាំង និង​ការ​នាំ​ផ្លូវ ពេល​យើង​វង្វេង ឬ​ភ័ន្ត​ច្រឡំ(ខ.៣២)។ ទ្រង់​បាន​ទប់​ជើង​យើង​ឲ្យ​នឹង ដូច​ជើង​សត្វ​ក្តាន់ ដែល​អាច​ឡើង​ទៅកន្លែង​ខ្ពស់​ៗ​បាន ដោយ​មិន​រអិល(ខ.៣៣)។ ហើយ​បើ​យើង​រអិល នោះ​ព្រះ​ហស្ត​ទ្រង់ នឹង​ទប់​យើង(ខ.៣៥)។

ទោះ​យើង​ជា​អ្នក​ជឿ​ថ្មី ដែល​ទើប​តែ​រៀន​ដើរ ក្នុង​ជំនឿ ឬ​យើង​បាន​ដើរ​ជា​មួយ​ព្រះ​ ជា​យូរ​មកហើយ​ក្តី យើង​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ការ​ដឹក​នាំ និង​ព្រះ​ហស្ត​ដ៏​រឹង​មាំ​របស់​ទ្រង់។-Keila Ochoa

អង្គុយនៅក្បែរ

មាន​ពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​ជីវិត និង​គ្រួសារ​គាត់។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ ឬ​ធ្វើ​អ្វី​ឡើយ។ គាត់​ក៏​បាន​មើល​មុខ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​គ្រាន់​តែ​អង្គុយ​នៅ​ក្បែរ​គាត់​បាន​ហើយ។ ខ្ញុំ​ក៏​បាន​នៅ​ក្បែរ​គាត់ ហើយ​ក្រោយ​មក  យើង​ក៏​បាន​ចាប់​ផ្តើម​ជជែក​គ្នា អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។

ជា​រឿយ​ៗ ពេល​ដែល​អ្នក​ដទៃ​កំពុង​សោក​សង្រេង យើង​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ទេ ហើយ​ពេល​ខ្លះ ការ​និយាយ​ស្តី​ទៅ​កាន់​ពួក​គេ អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទុក្ខ​កាន់​តែ​ខ្លាំង។​ ការបម្រើ​អ្នក​ដទៃ​តម្រូវ​ឲ្យ​យើង​យល់​ចិត្ត​ពួក​គេ ដោយ​ដឹង​ថា ពួក​គេ​ត្រូវ​ការ​អ្វី។

ជា​ញឹក​ញាប់ យើង​អាច​ជួយ​ពួក​គេ ដោយ​បំពេញ​តម្រូវ​ការ​ជាក់​ស្តែង​របស់​ពួក​គេ។ ប៉ុន្តែ ការ​អង្គុយ​នៅ​ក្បែរ ស្តាប់​ពួក​គេនិយាយ អាច​ស្ថិត​ក្នុង​ចំណោម​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​យើង ពេល​យើង​ស្រែក​អំពាវ​នាវ​រក​ទ្រង់។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ពោល​ឡើង​ថា “ឯ​មនុស្ស​សុចរិត គេ​អំពាវនាវ ហើយ​ព្រះយេហូវ៉ាទ្រង់​ទទួល​ស្តាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្តី​លំបាក​របស់​គេ ព្រះយេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប”(ទំនុកដំកើង ៣៤:១៧-១៨)។

យើង​អាច​ជួយ​អ្នក​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ដោយ​យល់​ចិត្ត ហើយ​បង្ហាញ​ក្តី​អាណិត​ចំពោះ​ពួក​គេ។ យើង​អាច​អង្គុយ​នៅ​ក្បែរ​ពួក​គេ ដូច​ដែល​ព្រះ​គង់​នៅ​ជា​មួយ​យើង​ដែរ។ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ឲ្យ​យើង​មាន​ពាក្យ​សម្រាប់​និយាយ​ទៅ​កាន់​ពួក​គេ បើ​សិន​ជា​ចាំ​បាច់។-Keila Ochoa