នៅ​សម័យ​បុរាណ ទី​ក្រុង​ដែល​មាន​កំផែង​បាក់​បែក ធ្វើ​ឲ្យ​គេ​ដឹង​ថា ប្រជា​ជន​ដែល​នៅ​ក្នុង​ក្រុង ជា​មនុស្ស​បរាជ័យ ដែល​ងាយ​នឹង​ជួប​គ្រោះ​ថ្នាក់ និង​ភាព​អាម៉ាស់។ ហេតុ​នេះ​ហើយ ពួក​សាសន៍​យ៉ូដា​ក៏​បាន​សាង​សង់​ទីក្រុង​យេរូសាឡិមឡើង​វិញ។ តើ​សង់​ដោយ​របៀប​ណា? គឺ​ដោយ​ធ្វើ​ការ​ប្រកៀក​ស្មា​គ្នា ដូច​ដែល​បាន​ពិពណ៌នា​យ៉ាង​ក្បោះ​ក្បាយ នៅ​ក្នុង​បទ​គម្ពីរ​នេហេមា ជំពូក​៣។ មើលពី​ដំបូង ជំពូក​៣ ហាក់​ដូច​ជា​ការ​ពិពណ៌នា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ អំពី​មនុស្ស​ដែល​ធ្វើ​កិច្ចការ​ផ្សេង​ៗ នៅ​ក្នុង​ការ​សាង​សង់​កំផែង​ក្រុង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​បើ​យើង​មើល​ឲ្យ​ជិត យើង​នឹង​បាន​ដឹង​ថា បទ​គម្ពីរ​នេះ​កំពុង​តែ​និយាយ​សង្កត់​ធ្ងន់​ជា​ពិសេស អំពី​របៀប​ដែល​មនុស្ស​ធ្វើ​ការ​រួម​គ្នា។ ពួក​សង្ឃ​កំពុង​តែ​ធ្វើ​ការ​នៅ​ទន្ទឹម​នឹង​អ្នក​គ្រប់​គ្រង។ អ្នក​ផលិត​ទឹក​អប់ និង​ជាង​មាស​ក៏​រួម​ចំណែក​ក្នុង​ការ​ងារ​ផង​ដែរ។ មាន​អ្នក​ខ្លះ​កំពុង​តែ​រស់​នៅ​ក្នុង​ក្រុង​ជិត​ខាង ក៏​បាន​មក​ជួយ​ទៀត។ អ្នក​ដទៃ​ទៀត​ក៏​បាន​ធ្វើ​ការ​ជួស​ជុល​កំផែង ដែល​នៅ​ពី​មុខ​ផ្ទះ​ពួក​គេ។ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ លោក​សាលូម និង​ពួក​កូន​ស្រី​របស់​គាត់ ក៏​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​ប្រុស​ៗ នៅ​ក្នុង​ការជួស​ជុល​ផង​ដែរ​(៣:១២) អ្នក​ខ្លះ​ក៏​បាន​ជួស​ជុល​កំផែង​ពី​ផ្ទាំង ដែល​មាន​ដូច​ជា​ពួក​ត្កូអា​ជា​ដើម(ខ.៥,២៧)។

បទ​គម្ពីរ​មួយ​ជំពូក​នេះ មាន​ចំណុច​សំខាន់​ពីរ​យ៉ាង ដែល​គួរ​ឲ្យ​កត់​សំគាល់។ ទីមួយ ពួកគេ​ទាំង​អស់​គ្នា បាន​ធ្វើ​ការ​រួម​គ្នា ដើម្បី​សម្រេច​គោលដៅ​តែ​មួយ។ ទីពីរ ពួក​គេ​រាល់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ការ​សរសើរ ដោយ​សារ​ការ​រួម​ចំណែក​នៅ​ក្នុង​ការងារ​នោះ គឺ​មិន​មែន​ដោយ​សារ​បរិម៉ាណ​នៃ​ការងារ ដែល​ពួក​គេ​បាន​ធ្វើ​តិច​ឬ​ច្រើន ដោយ​ប្រៀបធៀប​ជា​មួយ​អ្នក​ដទៃ​នោះ​ទេ។

សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​មាន​ក្រុម​គ្រួសារ និង​សង្គម​ជា​ច្រើន ដែល​មាន​ការ​បាក់​បែក។ ប៉ុន្តែ ព្រះយេស៊ូវ​បាន​យាង​មក​កសាង​នគរ​ព្រះ តាម​រយៈ​ការ​កែ​ប្រែ​ជីវិត​មនុស្ស​ជា​ច្រើន។ យើង​អាច​ជួយ​កសាង​តំបន់​ដែល​យើង​រស់​នៅ​ឡើង​វិញ ដោយ​បង្ហាញ​អ្នក​ដទៃ ឲ្យ​ដឹង​ថា ពួក​គេ​អាច​រក​ឃើញ​ក្តី​សង្ឃឹម និង​ជីវិត​ថ្មី​ក្នុង​ព្រះ​យេស៊ូវ។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ។ ដូច​នេះ ចូរ​យើង​ធ្វើ​ការ​ទន្ទឹម​គ្នា ហើយ​បំពេញ​ផ្នែក​នៃ​ការងារ​របស់​យើង ទោះ​តូចឬ​ធំ​ក្តី ដើម្បី​បង្កើត​សហគមន៍​នៃ​សេចក្តី​ស្រឡាញ់ ដែល​ក្នុង​នោះ មនុស្ស​អាច​រក​ឃើញ​ព្រះ​យេស៊ូវ។—KEILA OCHOA