កាល​ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះវិហារ​ឆូរ៉ា​ដ៏​ស្រស់​ស្អាត ក្នុង​ទីក្រុង​អ៊ីស្តាន​ប៊ូល​ ជា​លើក​ដំបូង ខ្ញុំ​បាន​មើល​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង និង​ផ្ទាំង​គំនូរ​ការ៉ូ​បិទ​របស់​ចក្រ​ភព​ប៊ីហ្សានធីន នៅ​លើ​ពិដាន ហើយ​ក៏​អាច​ស្វែង​យល់​អំពី​សាច់​រឿង​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ តាម​រូប​គំនូរ​ទំាង​នោះ។ ប៉ុន្តែ មាន​ចំណុច​ជា​ច្រើន ដែល​ខ្ញុំ​បាន​មើល​រំលង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​លើក​ទីពីរ ខ្ញុំ​មាន​អ្នក​នាំ​ដើរ​ទស្សនា​ម្នាក់ ទៅ​ជា​មួយ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ភាព​លម្អិត​ទាំង​អស់ ដែល​ខ្ញុំ​បាន​មើល​រំលង កាល​ពី​មុន ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​យល់​ច្បាស់​អំពី​សាច់​រឿង នៅ​លើ​ផ្ទាំង​គំនូរ។ ឧទាហរណ៍ ផ្ទាំងគំនូរ​ទី​មួយ បាន​ពិពណ៌​នា អំពី​ដំណើរ​ជីវិត​របស់​ព្រះ​យេស៊ូវ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​លូកា។

ជួន​កាល ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​មាន​ការ​យល់​ដឹង អំពី​រឿង​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ ប៉ុន្តែ តើ​យើង​យល់អំពី​ទំនាក់​ទំនង ដែល​ជា​ភាព​លម្អិត​នៅ​ក្នុង​សាច់​រឿង ដែល​បាន​ចាក់​ស្រេស បង្កើត​ជា​សាច់​រឿង​ទាំង​មូល​ឬ​ទេ? យើង​អាច​ស្វែង​យល់​អំពី​ចំណុច​លម្អិត​ទាំង​នោះ ដោយ​ប្រើ​សៀវភៅ​ដែល​ពន្យល់​បទ​គម្ពីរ និង​ឧបករណ៍​សម្រាប់​សិក្សា​ព្រះគម្ពីរ​ដទៃ​ទៀត ប៉ុន្តែ យើង​ក៏​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ដែល​បើក​ភ្នែក​យើង ហើយ​ជួយ​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ការ​បើក​សម្តែង​របស់​ព្រះ ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ អ្នក​នាំ​ផ្លូវ​របស់​យើង គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បង្រៀនយើង “នូវ​គ្រប់​សេចក្តី​ទាំង​អស់”(យ៉ូហាន ១៤:២៦)។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ផង​ដែរ​ថា ព្រះវិញ្ញាណ​ក៏ “​ផ្ទឹម​ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយ​សារ​សេចក្តី​ខាង​ឯ​វិញ្ញាណ​”(១កូរិនថូស ២:១៣)។

គឺ​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ព្រះ​ដ៏​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ បាន​បង្ហាញ​យើង ឲ្យ​ស្គាល់​ភាព​អស្ចារ្យ​នៃ​ព្រះ​បន្ទូល​ទ្រង់។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​ប្រទាន​យើង​នូវ​ព្រះ​បន្ទូល​របស់​ទ្រង់ និង​ការ​បើក​សម្តែង នៅ​ក្នុង​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ជួយ​យើង ឲ្យ​យល់​ព្រះ​បន្ទូល​ទ្រង់ ហើយ​ក៏​បាន​រៀន​សូត្រ​ផង​ដែរ។ ដូច​នេះ ចូរ​យើង​អធិស្ឋាន​តាម​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ ឲ្យ​បាន​ឃើញ​សេចក្តី​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ទ្រង់”(ទំនុកដំកើង ១១៩:១៨)។—KEILA OCHOA