ថ្វាយទឹកភ្នែកអ្នកទៅព្រះជាម្ចាស់
កាលពីរដូវក្តៅឆ្នាំមុន សត្វត្រីបាឡែនពិឃាតមួយក្បាលទៀត ឈ្មោះ តាលេខ្វះ(Talequah)បានបង្កើតកូន។ ហ្វូងរបស់ត្រីបាឡែនពិឃាត តាលេខ្វះ ត្រូវបានគេចាត់ទុកជាសត្វដែលជិតផុតពូជ ហើយកូនរបស់វា ដែលទើបតែកើតថ្មីនោះ គឺជាក្តីសង្ឃឹមរបស់ពួកគេ សម្រាប់ពេលអនាគត។ ប៉ុន្តែ កូនរបស់វាក៏បានស្លាប់ បន្ទាប់ពីកើតបានរយៈពេលមិនដល់១ម៉ោង។ មេត្រីបាឡែនមួយក្បាលនេះបានរុញសាកសពរបស់កូនវា កាត់តាមតំបន់ទឹកត្រជាក់ ក្នុងមហាសមុទ្របាស៊ីភិច អស់រយៈពេល៧០ថ្ងៃ ទំរាំតែវាអាចព្រលែងសាកសពរបស់កូនវា។ គេក៏បានថតព្រឹត្តិការណ៍ដ៏សោកសៅនេះ ហើយចាក់ផ្សាយឲ្យមនុស្សទូទាំងពិភពលោកទស្សនា។
ជួនកាល អ្នកជឿព្រះយេស៊ូវ ក៏មានការពិបាក នៅក្នុងការជម្នះភាពសោកសង្រេងផងដែរ។ ជួនកាល យើងខ្លាចគេគិតថា ភាពសោកសង្រេងរបស់យើង គឺជាសញ្ញាបង្ហាញថា យើងកំពុងតែខ្វះសេចក្តីសង្ឃឹម។ ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលបានស្រែករកព្រះ ពេលដែលពួកគេសោកសង្រេង។ ការពោលទំនួញ និងក្តីសង្ឃឹម អាចជាផ្នែកមួយនៃការឆ្លើយតប ដ៏ស្មោះត្រង់។
កណ្ឌគម្ពីរបរិទេវ ជាកណ្ឌគម្ពីរដែលមានបទកំណាព្យ៥បទ ដែលបង្ហាញភាពសោកសង្រេងរបស់អ្នកដែលបានបាត់បង់ផ្ទះសម្បែង ត្រូវពួកខ្មាំងសត្រូវតាមសម្លាប់ ហើយក៏ស្ទើរតែបាត់បង់ជីវិត(៣:៥២-៥៤) ហើយពួកគេក៏បានទួញយំ និងទូលអង្វរឲ្យព្រះជាម្ចាស់ប្រទានភាពយុត្តិធម៌(ខ.៦៤)។ ពួកគេស្រែករកព្រះ មិនមែនដោយសារពួកគេអស់សង្ឃឹមនោះទេ តែគឺដោយសារពួកគេជឿថា ព្រះជាម្ចាស់កំពុងតែស្តាប់ពួកគេ។ ហើយពេលដែលពួកគេស្រែករកព្រះអង្គ ព្រះជាម្ចាស់ក៏បានយាងមកជិតពួកគេ(ខ.៥៧)។
ការសោកសង្រេងអំពីរឿងដ៏សោកសៅក្នុងពិភពលោក ឬក្នុងជីវិតយើង គឺមិនមែនជាទង្វើរខុសឆ្គងទេ។ ព្រះជាម្ចាស់តែងតែស្តាប់យើងអធិស្ឋានជានិច្ច ហើយយើងអាចដឹងច្បាស់ថា ព្រះជាម្ចាស់ប្រាកដជានឹងទតមើលយើង ពីស្ថានសួគ៌មកមិនខាន។—Amy Peterson
ព្រះអង្គជ្រាប មុនពេលអ្នកទូលសូម
លោករ៉ូបឺត(Robert) និងអ្នកស្រីខូលីន(Colleen) បានរស់នៅជាប្តីប្រពន្ធ យ៉ាងសុខសាន្តអស់ជាច្រើនទសវត្សរ៍មកហើយ។ ខ្ញុំពិតជាចូលចិត្តមើលមិត្តភក្តិទាំងពីរនាក់នេះទំនាក់ទំនងគ្នា។ ខ្ញុំឃើញពួកគេហុចបឺរឲ្យគ្នា ក្នុងពេលអាហារពេលល្ងាច ទាំងមុនពេលដែលពួកគេណាម្នាក់សុំបឺរនោះ។ ពួកគេក៏បានចាក់ទឹកចូលកែវឲ្យគ្នា ចំពេលដែលគូរស្នេហ៍របស់ខ្លួនត្រូវការទឹក។ ពេលពួកគេនិយាយរឿង ពួកគេក៏បានជួយបញ្ចប់ឃ្លាប្រយោគឲ្យគ្នាទៀត។ ជួនកាល ពួកគេហាក់ដូចជាដឹងថា ស្វាមីឬភរិយាខ្លួនកំពុងគិតពីអ្វី។
យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់ជ្រាប ហើយយកព្រះទ័យទុកដាក់ចំពោះយើង លើសលទ្ធភាពដែលមនុស្សអាចស្គាល់ និងយកចិត្តទុកដាក់ចំពោះយើង។ ពេលដែលហោរាអេសាយពិពណ៌នា អំពីទំនាក់ទំនងដែលព្រះជាម្ចាស់ មានជាមួយរាស្រ្តរបស់ព្រះអង្គ នៅក្នុងនគរដែលត្រូវមកដល់ គាត់បាននិយាយថា ព្រះអង្គមានទំនាក់ទំនងដ៏ទន់ភ្លន់ និងជិតស្និទ្ធជាមួយពួកគេ។ គឺដូចដែលព្រះអង្គបានមានបន្ទូលអំពីរាស្រ្តរបស់ព្រះអង្គថា មុនពេលដែលពួកគេអំពាវនាវរកព្រះអង្គ នោះព្រះអង្គក៏បានឆ្លើយតបរួចទៅហើយ ហើយកាលដែលពួកគេកំពុងតែនិយាយ នោះព្រះអង្គក៏ជ្រាបថា ពួកគេនឹងនិយាយពីអ្វី(អេសាយ ៦៥:២៤)។
ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចដឹងថា នេះជាការពិតមែន? មានការជាច្រើន ដែលខ្ញុំបានអធិស្ឋានទូលសូមអស់ជាច្រើនឆ្នាំ តែមិនបានទទួលការឆ្លើយតប។ តែខ្ញុំជឿថា ពេលណាយើងមានការលូតលាស់ នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ ដោយមានចិត្តដែលស្របនឹងព្រះទ័យព្រះអង្គ នោះយើងអាចរៀនទុកចិត្តថា ព្រះអង្គនឹងឆ្លើយតបតាមពេលវេលា និងព្រះទ័យរបស់ព្រះអង្គ។ ពេលនោះ យើងអាចចាប់ផ្តើមមានសេចក្តីប្រាថ្នា ដែលត្រូវតាមបំណងព្រះទ័យទ្រង់។ ពេលយើងអធិស្ឋាន យើងអាចទូលសូមនូវសេចក្តី ដែលបានពិពណ៌នា ក្នុងបទគម្ពីរអេសាយ ជំពូក៦៥ ដែលមានដូចជា : ចុងបញ្ចប់នៃការសោកសង្រេង(ខ.១៩) គ្រួសារដ៏សុខសាន្ត…
ការរង់ចំារបស់សត្វអណ្តើក
រៀងរាល់ឆ្នាំ ក្នុងរដូវស្លឹកឈើជ្រុះ ពេលដែលសត្វអណ្តើកពណ៌ដឹងថា រដូវរងាជិតមកដល់ហើយ វាក៏បានជ្រមុជទៅបាតស្រះ ដោយកប់ខ្លួនវានៅក្នុងភក់។ ជើង និងក្បាលរបស់វាក៏បានលិបចូលទៅក្នុងស្នូក ហើយវាក៏នៅស្ងៀម ដោយចង្វាក់បេះដូងរបស់វាបានថយចុះ គឺស្ទើរតែលែងដើរ។ កម្តៅក្នុងខ្លួនរបស់វាក៏បានធ្លាក់ចុះ គឺគ្រាន់តែមានសីតុណ្ហភាពត្រជាក់លើសទឹកកកតែបន្តិចប៉ុណ្ណោះ។ វាក៏ឈប់ដកដង្ហើម ហើយក៏បាននៅរង់ចាំ។ វាក៏បាននៅកប់ក្នុងភក់អស់រយៈពេល៦ខែ ហើយរាងកាយរបស់វាក៏បានបញ្ចេញជាតិកាល់ស្យូមពីក្នុងឆ្អឹងចូលទៅក្នុងប្រព័ន្ធឈាមរបស់វា ដើម្បីឲ្យខ្លួនវាចុះស្គមយឺតៗ។
ប៉ុន្តែ ពេលដែលទឹកកក្នុងស្រះរលាយ វាក៏បានអណ្តែតមកខាងលើ ហើយចាប់ផ្តើមដកដង្ហើមឡើងវិញ។ ឆ្អឹងរបស់វានឹងលូតលាស់ឡើងវិញ ហើយវានឹងទទួលកម្តៅថ្ងៃ ដែលបានចាំងមកលើស្នូករបស់វា។
ខ្ញុំបាននឹកចាំ អំពីសត្វអណ្តើកពណ៌នេះ ពេលដែលខ្ញុំអានបទគម្ពីរទំនុកដំកើង ដែលបានពិពណ៌នា អំពីការរង់ចាំព្រះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានជាប់នៅក្នុងអន្លង់ភក់ស្អិត ប៉ុន្តែ ព្រះជាម្ចាស់បានស្តាប់ឮសម្រែករបស់គាត់(ទំនុកដំកើង ៤០:២)។ ព្រះជាម្ចាស់ក៏បានលើកគាត់ឡើង ហើយក៏បានប្រទានកន្លែងដ៏រឹងមាំ សម្រាប់ឲ្យគាត់ឈរ។ គាត់ក៏បានបន្លឺសម្លេងច្រៀងថា “ព្រះអង្គជាជំនួយ និងជាអ្នកប្រោសឲ្យទូលបង្គំរួច”(ខ.១៧)។
អ្នកប្រហែលជាកំពុងតែរង់ចាំការផ្លាស់ប្តូរ ទំាងពីយូរមកហើយ ដែលមានដូចជាទិសដៅថ្មី នៅក្នុងអាជីព ការផ្សះផ្សាទំនាក់ទំនង ការជម្នះទម្លាប់អាក្រក់ ឬរង់ចំាការរំដោះឲ្យរួចពីស្ថានភាពដ៏ពិបាកណាមួយ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានរំឭកយើងថា យើងត្រូវទុកចិត្តព្រះជាម្ចាស់ ដ្បិតព្រះអង្គស្តាប់ឮ ហើយព្រះអង្គនឹងរំដោះយើងឲ្យរួច។—AMY PETERSON
កត់ជាប់នៅក្នុងចិត្ត
ក្នុងការងាររបស់ខ្ញុំជាសាស្រ្តាចារ្យ ជាញឹកញាប់ មាននិសិ្សតជាច្រើនបានសុំឲ្យខ្ញុំសរសេរសំបុត្របញ្ចាក់ឲ្យពួកគេ សម្រាប់មុខតំណែងជាអ្នកដឹកនាំ សម្រាប់កម្មវិធីសិក្សានៅបរទេស សម្រាប់ការចូលរៀនថ្នាក់ឧត្តមសិក្សាជាន់ខ្ពស់ និងសម្រាប់ការដាក់ពាក្យសុំធ្វើការជាដើម។ នៅក្នុងសំបុត្រនីមួយៗ ខ្ញុំមានឱកាសនិយាយសរសើរ អំពីចរិយាសម្បត្តិ និងសមត្ថភាពរបស់និសិ្សតម្នាក់ៗ។
នៅសម័យពួកជំនុំដំបូង កាលគ្រីស្ទបរិស័ទធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត ជាញឹកញាប់ ពួកគេក៏ត្រូវការសំបុត្របញ្ជាក់ ពីព្រះវិហាររបស់ពួកគេផងដែរ សម្រាប់ដាក់ជាប់តាមខ្លួន។ សំបុត្រប្រភេទនេះបានជួយឲ្យពួកគេទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីបងប្អូនរួមជំនឿ។
ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលមិនត្រូវការសំបុត្របញ្ជាក់ នៅក្នុងការធ្វើដំណើរ ទៅចែកចាយព្រះបន្ទូល ក្នុងព្រះវិហារ នៅទីក្រុងកូរិនថូសឡើយ ព្រោះគេស្គាល់គាត់ហើយ។ ក្នុងសំបុត្រទីពីរ ដែលគាត់បានសរសេរផ្ញើពួកជំនុំនេះ គាត់បានសរសេរថា គាត់បានផ្សាយដំណឹងល្អ ដោយចិត្តស្មោះត្រង់ គឺមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ(២កូរិនថូស ២:១៧)។ ប៉ុន្តែ ត្រង់ចំណុចនេះ តើអ្នកអានសំបុត្ររបស់គាត់គិតថា គាត់កំពុងតែសរសេរសំបុត្របញ្ជាក់ដើម្បីការពារខ្លួនឬ?
គាត់ប្រាប់ពួកគេថា គាត់មិនត្រូវការសំបុត្រប្រភេទនេះឡើយ ព្រោះពួកជំនុំ នៅទីក្រុងកូរិនថូស គឺប្រៀបបាននឹងសំបុត្របញ្ជាក់ទៅហើយ។ ព្រះរាជកិច្ចដែលព្រះគ្រីស្ទបានធ្វើក្នុងជីវិតពួកគេ គឺជាប្រៀបដូចជា សំបុត្រព្រះគ្រីស្ទ “មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងចិត្តខាងសាច់ឈាមវិញ”(៣:៣)។ ជីវិតផ្លាស់ប្រែរបស់ពួកគេបានធ្វើបន្ទាល់ចំពោះដំណឹងល្អដ៏ពិត ដែលសាវ័កប៉ុលបានផ្សាយដល់ពួកគេ និយាយរួម ជីវិតផ្លាស់ប្រែរបស់ពួកគេជាសំបុត្រ “ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ”(៣:២)។ ពេលណាយើងដើរតាមព្រះយេស៊ូវ ជីវិតរបស់យើងក៏នឹងក្លាយជាសំបុត្រ ដែលថ្លែងអំពីសេចក្តីល្អនៃដំណឹងល្អផងដែរ។ —AMY PETERSON
ការជជែកគ្នាអំពីព្រះ
ការសិក្សាមួយ ត្រូវបានធ្វើឡើងដោយក្រុមបាម៉ា កាលពីឆ្នាំ២០១៨ រកឃើញថា ជនជាតិអាមេរិកភាគច្រើន មិនចូលចិត្តនិយាយអំពីព្រះទេ។ មានជនជាតិអាមេរិកតែ៧ភាគរយប៉ុណ្ណោះ ដែលនិយាយថា ពួកគេបានជជែកគ្នាអំពីបញ្ហាខាងព្រលឹងវិញ្ញាណជាទៀងទាត់ ហើយគ្រីស្ទបរិស័ទដែលអនុវត្តជំនឿរបស់ខ្លួននៅអាមេរិក ក៏មិនមានអ្វីខុសប្លែកពីនេះដែរ។ មានតែ៣០ភាគរយនៃអ្នកទៅព្រះវិហារទៀងទាត់ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេមានការសន្ទនាអំពីរឿងខាងព្រលឹងវិញ្ញាណ មួយសប្តាហ៍ម្តង។
គេប្រហែលជាមិនមានការភ្ញាក់ផ្អើលទេ ដែលការសន្ទនាគ្នា អំពីរឿងខាងព្រលឹងវិញ្ញាណ កំពុងតែមានការថយចុះ។ ការជជែកគ្នាអំពីព្រះ អាចនាំឲ្យមានគ្រោះថ្នាក់។ យើងអាចមានអារម្មណ៍ថា ការសន្ទនាប្រភេទនេះហាក់ដូចជាមានហានីភ័យខ្ពស់ ដោយសារច្បាប់បានហាមឃាត់ ឬដោយសារយើងខ្លាចមានជម្លោះនៅក្នុងទំនាក់ទំនង ឬក៏ដោយសារយើងមិនចង់និយាយអំពីចំណុចខ្វះខាត ដែលយើងចំាបាច់ត្រូវកែប្រែក្នុងជីវិតយើងជាដើម។
ប៉ុន្តែ តាមព្រះរាជបញ្ជាដែលបានបង្គាប់ប្រជាជនអ៊ីស្រាអែលដែលជារាស្រ្តរបស់ព្រះ នៅក្នុងកណ្ឌគម្ពីរចោទិយកថា ការជជែកគ្នាអំពីព្រះ អាចធ្វើជាផ្នែកធម្មតាមួយ នៃការរស់នៅប្រចាំថ្ងៃរបស់យើង។ រាស្រ្តរបស់ព្រះត្រូវតែទន្ទេញព្រះបន្ទូលព្រះឲ្យចាំ ហើយត្រូវដាក់តាំងព្រះបន្ទូលទ្រង់ នៅកន្លែងណាដែលពួកគេអាចមើលឃើញញឹកញាប់។ ពួកគេត្រូវបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅជំនាន់ក្រោយ ដោយនិយាយប្រាប់ក្នុងកាល ដែល “ពួកគេអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(១១:១៩)។
ព្រះជាម្ចាស់ត្រាស់ហៅយើង ឲ្យជជែកគ្នាអំពីរឿងខាងវិញ្ញាណ។ ចូរយើងស្វែងរកឱកាសជជែកគ្នា ដោយពឹងផ្អែកលើព្រះវិញ្ញាណ ហើយកែប្រែការនិយាយអំពីរឿងតូច ទៅជាការនិយាយស៊ីជម្រៅ អំពីរឿងខាងវិញ្ញាណ។ ព្រះជាម្ចាស់នឹងប្រទានពរដល់សហគមន៍របស់យើង ពេលណាយើងជជែកគ្នាអំពីព្រះបន្ទូលទ្រង់ ហើយអនុវត្តតាម។—AMY PETERSON
ការជប់លៀងដោយការលះបង់
នៅក្នុងខ្សែភាពយន្តរបស់ប្រទេសដាណឺម៉ាក មានចំណងជើងថា ពិធីជប់លៀងរបស់បាបេត(Babette) គេឃើញមានជនភាសខ្លួនម្នាក់ឈ្មោះបាបេតបានបង្ហាញមុខក្នុងភូមិមួយ នៅមាត់សមុទ្រ។ មានបងប្អូនស្រីពីរនាក់ ដែលជាចាស់ទុំ និងអ្នកដឹកនាំខាងជំនឿ នៅក្នុងសហគមន៍នោះ បានឲ្យនាងចូលជ្រកកោននៅក្នុងភូមិរបស់ពួកគេ ហើយបាបេតក៏បានធ្វើការជាអ្នកបម្រើក្នុងផ្ទះរបស់ពួកគេអស់រយៈពេល១៤ឆ្នាំ។ ពេលគាត់សន្សំបានលុយច្រើន គាត់ក៏បានអញ្ជើញមិត្តភក្តិ និងអ្នកជិតខាងរបស់គាត់ដែលមានគ្នា១២នាក់ ឲ្យមកចូលរួមជាមួយនាង នៅក្នុងការបរិភោគម្ហូបថ្លៃៗរបស់ជនជាតិបារាំង ដែលមានពងត្រីប្រឡាក់ ក្រួចបំពងម្ស៉ៅមី និងម្ហូបជាច្រើនមុខទៀត។
ពេលដែលពួកគេញាំអាហារចប់មួយវគ្គហើយ ភ្ញៀវទាំងឡាយក៏បានសម្រាក ដោយខ្លះបានរកឃើញការអត់ទោសបាប ខ្លះរកឃើញចំណងនៃសេចក្តីស្រឡាញ់ឡើងវិញ ហើយខ្លះទៀតក៏បានចាប់ផ្តើមរាប់ការអស្ចារ្យដែលពួកគេឃើញ និងសេចក្តីពិតដែលពួកគេបានរៀនកាលពីក្មេង។ ពួកគេសួរថា “តើយើងនៅចាំអ្វីដែលគេបានបង្រៀនយើងទេ? ក្មេងៗទាំងឡាយអើយ ចូរស្រឡាញ់គ្នាទៅវិញទៅមក”។ ពេលដែលការញាំអាហារបានបញ្ចប់ បាបេតក៏បានប្រាប់បងប្អូនទាំងពីរនាក់នោះថា នាងបានចំណាយលុយទាំងអស់ដែលនាងបានសន្សំ ទៅលើអាហារទាំងនោះ។ ហើយដើម្បីឲ្យមិត្តភក្តិរបស់នាងបានញាំអាហារ ហើយបើកចំហរចិត្ត នាងបានលះបង់អ្វីៗទាំងអស់ ដែលរាប់បញ្ចូលទាំងឱកាសវិលត្រឡប់ទៅរកជីវិតចាស់របស់នាង ដែលជាចុងភៅដ៏ល្បីល្បាញ នៅទីក្រុងបារីស។
ព្រះយេស៊ូវបានបង្ហាញព្រះអង្គទ្រង់ នៅលើផែនដី ក្នុងនាមជាអ្នកក្រៅ និងអ្នកបម្រើ ហើយទ្រង់បានលះបង់អ្វីៗទាំងអស់ ដើម្បីចម្អែតការស្រេកឃ្លានខាងវិញ្ញាណរបស់យើង។ ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន ទ្រង់បានរំឭកអ្នកស្តាប់របស់ទ្រង់ថា កាលបុព្វបុរសរបស់ពួកគេបានវិលវល់នៅក្នុងវាលរហោស្ថាន ដោយការស្រេកឃ្លាន ព្រះជាម្ចាស់បានប្រទានសត្វក្រួច និងនំប៉័ង ដើម្បីចម្អែតពួកគេ(និក្ខមនំ ១៦)។ អាហារនោះអាចចម្អែតពួកគេបានមួយពេល តែព្រះយេស៊ូវបានសន្យាថា អ្នកដែលបានទទួលទ្រង់ ជា “នំប៉័ងនៃជីវិត” និង “មានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៦:៤៨,៥១)។…
ថ្នាំបន្សាបដែលនៅក្បែរយើងស្រាប់
មានពេលមួយខ្ញុំបានទៅលេងកោះបាហាម៉ា។ អ្នកនាំផ្លូវម្នាក់បានដឹកនាំដំណើរកម្សាន្តនេះ នៅក្នុងឧទ្យានជាតិមួយ។ ពេលនោះ ខ្ញុំក៏បានសរសេរខ្វៀកនៅលើសៀវភៅកត់ត្រា ខណៈពេលដែលគាត់កំពុងតែណែនាំ អំពីរុក្ខជាតិទាំងឡាយ ក្នុងព្រៃបុរាណរបស់កោះបាហាម៉ា។ គាត់បានប្រាប់យើង អំពីដើមឈើដែលយើងត្រូវជៀសវាង។ គាត់ថា មានដើមឈើពិសមួយប្រភេទ បញ្ចេញរុក្ខរស់ពណ៌ខ្មៅ ដែលនាំឲ្យមានកន្ទួលរមាស់ដ៏ឈឺចាប់។ ប៉ុន្តែ កុំបារម្ភអី! តាមធម្មតា គេអាចរកឃើញថ្នាំបន្សាបនៅក្បែរដើមឈើនោះ។ គាត់ថា “គេត្រូវជាសម្បកឈើពណ៌ក្រហមរបស់ដើមជ័រដែលនៅក្បែរនោះ ហើយយកទឹកដមរបស់វាមកឈ្លីពីលើកន្លែងកន្ទួលរមាស់នោះ។ កន្ទួលរមាស់នឹងបាត់ភ្លាម”។
ពេលឮគាត់និយាយដូចនេះ ខ្ញុំស្ទើរជ្រុះខ្មៅដៃពីដៃ ដោយការភ្ញាក់ផ្អើល។ ពីមុនមក ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំអាចរកឃើញរឿងប្រៀបប្រដូចអំពីសេចក្តីសង្រ្គោះ នៅក្នុងព្រៃឡើយ។ ប៉ុន្តែ ដើមជ័រនោះបានធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះយេស៊ូវ។ ព្រះអង្គជាថ្នាំ សម្រាប់បន្សាបជាតិពុលនៃអំពើបាប នៅគ្រប់ពេល។ ព្រះលោហិតរបស់ព្រះយេស៊ូវនាំមកនូវការប្រោសឲ្យជា ដូចសម្បកពណ៌ក្រហមនៃដើមជ័រនោះ។
ហោរាអេសាយដឹងថា មនុស្សជាតិត្រូវការការប្រោសឲ្យជា។ មនុស្សទាំងអស់សុទ្ធតែមានបាប។ កណ្ឌគម្ពីរអេសាយបានសន្យាថា ការប្រោសឲ្យជារបស់យើង គឺបានមកពី “មនុស្សទូទុក្ខ” ដែលបានទទួលយកជម្ងឺរបស់យើង(អេសាយ ៥៣:៣)។ មនុស្សទូទុក្ខនោះ គឺជាអង្គព្រះយេស៊ូវ។ យើងមានជម្ងឺ ប៉ុន្តែ ព្រះយេស៊ូវស្ម័គ្រព្រះទ័យទទួលយកការឈឺចាប់ និងរបួសជំនួសយើង។ ពេលណាយើងទទួលជឿទ្រង់ យើងបានទទួលការប្រោសឲ្យជាពីជម្ងឺនៃអំពើបាប(ខ.៥)។ យើងអាចចំណាយពេលមួយជីវិត ដើម្បីរៀនរស់នៅជាមនុស្សដែលបានទទួលការប្រោសឲ្យជា ដោយទទួលស្គាល់ថា យើងមានបាប ហើយបដិសេធវា ស្របតាមអត្តសញ្ញាណថ្មីរបស់យើង ប៉ុន្តែ…
តើនរណាខ្លះកំពុងតែឯកោ?
សេវ៉ាកម្ម “ជួលគ្រួសារ” កំពុងតែមានការលូតលាស់ នៅតាមបណ្តាប្រទេសជាច្រើន ដើម្បីបំពេញតម្រូវការមនុស្សដែលកំពុងតែមានភាពឯកោ។ អ្នកខ្លះបានប្រើសេវ៉ាកម្មនេះ ដើម្បីឲ្យតែល្អមើល ឧទាហរណ៍ដូចជានៅក្នុងកម្មវិធីសង្គមជាដើម ដើម្បីឲ្យអ្នកដទៃមើលមកឃើញថា ខ្លួនមានគ្រួសារដែលរីករាយ។ អ្នកខ្លះបានជួលតួសម្តែង ឲ្យដើរតួជាសាច់ញាតិដែលឈប់រស់នៅជាមួយគ្នា ដើម្បីឲ្យខ្លួនអាចមានអារម្មណ៍ថា មានភាពកក់ក្តៅនៅក្នុងទំនាក់ទំនងគ្រួសារដែលខ្លួនប្រាថ្នាចង់បាន ទោះក្នុងរយៈពេលដ៏ខ្លីក៏ដោយ។
ទំនោរមួយនេះ បានឆ្លុះបញ្ចាំងអំពីរឿងពិតមួយ ដែលថា ព្រះជាម្ចាស់បានបង្កើតមនុស្សមក សម្រាប់ការទំនាក់ទំនងគ្នា។ នៅក្នុងរឿងនៃការបង្កើតរបស់ព្រះជាម្ចាស់ ក្នុងបទគម្ពីរលោកុប្បត្តិ យើងឃើញថា ព្រះជាម្ចាស់បានទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជា “ការល្អប្រពៃ”(១:៣១)។ ប៉ុន្តែ ពេលដែលទ្រង់គិតដល់អ័ដាម ទ្រង់ក៏បានមានបន្ទូលថា “មនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ”(២:១៨)។ មនុស្សត្រូវការការទំនាក់ទំនងជាមួយមនុស្ស។
ព្រះគម្ពីរមិនគ្រាន់តែបានប្រាប់យើងថា យើងត្រូវការការទំនាក់ទំនងគ្នាប៉ុណ្ណោះឡើយ។ ព្រះគម្ពីរក៏បានប្រាប់យើង អំពីកន្លែងដែលយើងអាចរកឃើញទំនាក់ទំនងនោះ គឺក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវផងដែរ។ មុនពេលព្រះយេស៊ូវអស់ព្រះជន្ម ទ្រង់បានផ្តាំលោកយ៉ូហាន ឲ្យចាត់ទុកមាតារបស់ទ្រង់ ជាម្តាយរបស់គាត់។ ពួកគេក្លាយជាក្រុមគ្រួសារតែមួយ បន្ទាប់ពីព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌វិញ(យ៉ូហាន ១៩:២៦-២៧)។ ហើយសាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទឲ្យប្រព្រឹត្តចំពោះអ្នកដទៃ ដូចឪពុកម្តាយ និងបងប្អូនបង្កើតផងដែរ(១ធីម៉ូថេ ៥:១-២)។ បទគម្ពីរទំនុកដំកើង ក៏បានពិពណ៌នាផងដែរថា ព្រះរាជកិច្ចប្រោសលោះរបស់ព្រះជាម្ចាស់ ក្នុងលោកិយនេះ ក៏រាប់បញ្ចូល “ការនាំមនុស្សឯកោ ឲ្យមានគ្រួសារ”(ទំនុកដំកើង ៦៨:៦) ហើយព្រះជាម្ចាស់ក៏បានរៀបចំពួកជំនុំ ឬព្រះវិហារ ធ្វើជាកន្លែងដ៏ល្អបំផុត…
ការបង្រៀនដោយគំរូ
កូនប្រុសរបស់ខ្ញុំឈ្មោះ អូវែន(Owen) អាយុ៦ឆ្នាំ។ គាត់មានចិត្តរំភើបរីករាយ ដែលបានទទួលល្បែងកម្សាន្តថ្មីមួយ សម្រាប់លេងនៅលើសន្លឹកក្រដាស់។ ប៉ុន្តែ បន្ទាប់ពីគាត់បានអានក្បួនសម្រាប់លេងប្រហែលកន្លះម៉ោង គាត់ក៏មានអារម្មណ៍នឿយណាយ។ គាត់មិនដឹងថា ត្រូវលេងល្បែងកម្សាន្តនោះយ៉ាងដូចម្តេចទេ។ តែក្រោយមក មិត្តភក្តិដែលចេះលេង ក៏បានមកលេងយើង ហើយទីបំផុត អូវែនក៏បានលេងល្បែងកម្សាន្តដែលជាអំណោយរបស់គាត់ ដោយចិត្តរីករាយ។
ពេលខ្ញុំមើលពួកគេលេងល្បែងកម្សាន្តនោះ ខ្ញុំក៏បាននឹកចាំថា យើងកាន់តែមានភាពងាយស្រួលនៅក្នុងការលេងអ្វីដែលថ្មី បើសិនជាយើងមានគ្រូបង្រៀនដែលមានបទពិសោធន៍។ យើងអាចរៀន ដោយអានក្រដាស់ ឬសៀវភៅណែនាំ ប៉ុន្តែ បើសិនជាយើងមានមិត្តភក្តិម្នាក់ ដែលអាចជួយបង្ហាត់បង្ហាញបន្ថែមទៀត គឺកាន់តែប្រសើរ។
សាវ័កប៉ុលក៏បានយល់អំពីបញ្ហានេះផងដែរ។ មានពេលមួយ គាត់បានសរសេរសំបុត្រផ្ញើទៅលោកទីតុស ដើម្បីជួយឲ្យពួកជំនុំរបស់គាត់មានការលូតលាស់ក្នុងជំនឿ។ គាត់បាននិយាយសង្កត់ធ្ងន់អំពីតម្លៃនៃគ្រីស្ទបរិស័ទដែលមានបទពិសោធន៍ ដែលអាចធ្វើជាគំរូនៃសេចក្តីជំនឿដល់អ្នកដទៃ។ ជាការពិតណាស់ “ការបង្រៀនត្រឹមត្រូវ” គឺសំខាន់ណាស់ ប៉ុន្តែ បើគ្រាន់តែបង្រៀនគេ ដោយពាក្យសម្តី នោះមិនទាន់គ្រប់គ្រាន់ទេ។ យើងក៏ត្រូវអនុវត្តតាមការបង្រៀននោះផងដែរ។ សាវ័កប៉ុលក៏បានបង្រៀនផងដែរថា អ្នកចាស់ទុំត្រូវមានការដឹងខ្នាត សប្បុរស និងមានក្តីស្រឡាញ់(ទីតុស ២:២-៥)។ ហើយត្រូវធ្វើជាគំរូល្អ ក្នុងគ្រប់ការទាំងអស់ ដល់អ្នកដទៃ(ខ.៧)។
ខ្ញុំសូមអរព្រះគុណព្រះអង្គសម្រាប់ការបង្រៀនក្នុងព្រះគម្ពីរ និងសៀវភៅ តែខ្ញុំក៏សូមអរព្រះគុណព្រះអង្គ ដែលបានឲ្យមនុស្សជាច្រើនមកបង្ហាត់បង្រៀនខ្ញុំ។ ពួកគេបានបង្ហាញ និងបង្រៀនខ្ញុំ តាមរយៈគំរូនៃការរស់នៅរបស់ពួកគេ ឲ្យខ្ញុំបានដឹងអំពីរបៀបរស់នៅជាសិស្សរបស់ព្រះគ្រីស្ទ និងបានជួយឲ្យខ្ញុំកាន់តែមានភាពងាយស្រួល ក្នុងការដើរតាមផ្លូវរបស់ទ្រង់ផងដែរ។—AMY…
ព្រះអម្ចាស់សប្បាយព្រះទ័យ
កាលពីពេលថ្មីៗនេះ ជីដូនរបស់ខ្ញុំបានផ្ញើកញ្ចប់ក្រដាស់មួយមកខ្ញុំ ដែលក្នុងនោះ មានពេញទៅដោយរូបថតចាស់ៗ ហើយពេលដែលខ្ញុំមើលរូបថតទាំងនោះម្តងមួយសន្លឹកៗ ខ្ញុំក៏បានចាប់ចិត្តនឹងរូបមួយជាងគេ។ ក្នុងរូបថតនោះ ខ្ញុំឃើញ រូបខ្ញុំកាលអាយុ២ឆ្នាំ កំពុងអង្គុយនៅចុងម្ខាងនៃជើងក្រាន សម្រាប់ដុតកម្តៅផ្ទះ។ ហើយប៉ារបស់ខ្ញុំកំពុងតែអង្គុយកៀកកម៉ាក់ខ្ញុំ នៅចុងម្ខាងទៀតនៃជើងក្រាននោះ។ អ្នកទាំងពីរមើលមកខ្ញុំ ដោយសេចក្តីស្រឡាញ់ និងទឹកមុខរីករាយ។
ដោយសារខ្ញុំបានបិទវាលើទូខោអាវរបស់ខ្ញុំ នោះខ្ញុំអាចមើលឃើញវា ជារៀងរាល់ពេលព្រឹក។ វាបានរំឭកខ្ញុំ អំពីសេចក្តីស្រឡាញ់ ដែលពួកគាត់មានចំពោះខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ សូម្បីតែសេចក្តីស្រឡាញ់របស់ឪពុកម្តាយក៏មិនល្អឥតខ្ចោះដែរ។ ខ្ញុំបានរក្សាទុករូបថតនោះ ព្រោះវាបានរំឭកខ្ញុំថា ទោះសេចក្តីស្រឡាញ់របស់មនុស្ស អាចមានចំណុចខ្វះខាតនៅពេលខ្លះក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តែងតែល្អឥតខ្ចោះជានិច្ច ហើយព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់កំពុងតែទតមើលមកខ្ញុំ ដោយសេចក្តីស្រឡាញ់ ដូចដែលឪពុកម្តាយខ្ញុំបានមើលមកខ្ញុំ នៅក្នុងរូបថតនោះដែរ។
ហោរាសេផានាបានពិពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល។ គាត់បានពិពណ៌នាថា ព្រះជាម្ចាស់បានអរសប្បាយនឹងរាស្រ្តរបស់ទ្រង់ ដោយបន្លឺសម្លេងច្រៀង។ រាស្រ្តរបស់ទ្រង់មិនសក្តិសមនឹងទទួលសេចក្តីស្រឡាញ់នេះទេ។ ព្រោះពួកគេមិនបានស្តាប់បង្គាប់ទ្រង់ ឬមិនបានប្រព្រឹត្តចំពោះអ្នកដទៃ ដោយចិត្តអាណឹតអាសូរ។ ប៉ុន្តែ លោកសេផានាបានសន្យាថា ទីបញ្ចប់ សេចក្តីស្រឡាញ់របស់ព្រះ ក៏បានលប់ពីលើកំហុសរបស់ពួកគេ។ ទ្រង់នឹងលើកលែងទោសឲ្យពួកគេ(សេផានា ៣:១៥) ហើយទ្រង់ក៏នឹងមានសេចក្តីរីករាយចំពោះពួកគេផងដែរ(ខ.១៧)។ ទ្រង់នឹងប្រមូលរាស្រ្តទ្រង់ ដាក់នៅក្នុងរង្វង់ដៃទ្រង់ និងនាំពួកគេត្រឡប់មកផ្ទះវិញ ហើយស្អាងពួកគេឡើង(ខ.២០)។
នេះជាសេចក្តីស្រឡាញ់ ដែលសក្តិសមនឹងឲ្យខ្ញុំយកមកជញ្ជឹងគិត រៀងរាល់ពេលព្រឹក។—AMY…