កូនប្រុសរបស់ខ្ញុំឈ្មោះ អូវែន(Owen) អាយុ៦ឆ្នាំ។ គាត់មានចិត្តរំភើបរីករាយ ដែលបានទទួលល្បែងកម្សាន្តថ្មីមួយ សម្រាប់លេងនៅលើសន្លឹកក្រដាស់។ ប៉ុន្តែ បន្ទាប់ពីគាត់បានអានក្បួនសម្រាប់លេងប្រហែលកន្លះម៉ោង គាត់ក៏មានអារម្មណ៍នឿយណាយ។ គាត់មិនដឹងថា ត្រូវលេងល្បែងកម្សាន្តនោះយ៉ាងដូចម្តេចទេ។ តែក្រោយមក មិត្តភក្តិដែលចេះលេង ក៏បានមកលេងយើង ហើយទីបំផុត អូវែនក៏បានលេងល្បែងកម្សាន្តដែលជាអំណោយរបស់គាត់ ដោយចិត្តរីករាយ។

ពេលខ្ញុំមើលពួកគេលេងល្បែងកម្សាន្តនោះ ខ្ញុំក៏បាននឹកចាំថា យើងកាន់តែមានភាពងាយស្រួលនៅក្នុងការលេងអ្វីដែលថ្មី បើសិនជាយើងមានគ្រូបង្រៀនដែលមានបទពិសោធន៍។ យើងអាចរៀន ដោយអានក្រដាស់ ឬសៀវភៅណែនាំ ប៉ុន្តែ បើសិនជាយើងមានមិត្តភក្តិម្នាក់ ដែលអាចជួយបង្ហាត់បង្ហាញបន្ថែមទៀត គឺកាន់តែប្រសើរ។

សាវ័កប៉ុលក៏បានយល់អំពីបញ្ហានេះផងដែរ។ មានពេលមួយ គាត់បានសរសេរសំបុត្រផ្ញើទៅលោកទីតុស ដើម្បីជួយឲ្យពួកជំនុំរបស់គាត់មានការលូតលាស់ក្នុងជំនឿ។ គាត់បាននិយាយសង្កត់ធ្ងន់អំពីតម្លៃនៃគ្រីស្ទបរិស័ទដែលមានបទពិសោធន៍ ដែលអាចធ្វើជាគំរូនៃសេចក្តីជំនឿដល់អ្នកដទៃ។ ជាការពិតណាស់ “ការបង្រៀនត្រឹមត្រូវ” គឺសំខាន់ណាស់ ប៉ុន្តែ បើគ្រាន់តែបង្រៀនគេ ដោយពាក្យសម្តី នោះមិនទាន់គ្រប់គ្រាន់ទេ។ យើងក៏ត្រូវអនុវត្តតាមការបង្រៀននោះផងដែរ។ សាវ័កប៉ុលក៏បានបង្រៀនផងដែរថា អ្នកចាស់ទុំត្រូវមានការដឹងខ្នាត សប្បុរស និងមានក្តីស្រឡាញ់(ទីតុស ២:២-៥)។ ហើយត្រូវធ្វើជាគំរូល្អ ក្នុងគ្រប់ការទាំងអស់ ដល់អ្នកដទៃ(ខ.៧)។

ខ្ញុំសូមអរព្រះគុណព្រះអង្គសម្រាប់ការបង្រៀនក្នុងព្រះគម្ពីរ និងសៀវភៅ តែខ្ញុំក៏សូមអរព្រះគុណព្រះអង្គ ដែលបានឲ្យមនុស្សជាច្រើនមកបង្ហាត់បង្រៀនខ្ញុំ។ ពួកគេបានបង្ហាញ និងបង្រៀនខ្ញុំ តាមរយៈគំរូនៃការរស់នៅរបស់ពួកគេ ឲ្យខ្ញុំបានដឹងអំពីរបៀបរស់នៅជាសិស្សរបស់ព្រះគ្រីស្ទ និងបានជួយឲ្យខ្ញុំកាន់តែមានភាពងាយស្រួល ក្នុងការដើរតាមផ្លូវរបស់ទ្រង់ផងដែរ។—AMY PETERSON