ការ​សិក្សា​មួយ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បាម៉ា កាល​ពី​ឆ្នាំ​២០១៨ រក​ឃើញ​ថា ជន​ជាតិ​អាមេរិក​ភាគ​ច្រើន​ មិន​ចូល​ចិត្ត​និយាយ​អំពី​ព្រះ​ទេ។​ មាន​ជន​ជាតិ​អាមេរិក​តែ​៧​ភាគ​រយ​ប៉ុណ្ណោះ ដែល​និយាយ​ថា ពួក​គេ​បាន​ជជែក​គ្នា​អំពី​បញ្ហា​ខាង​ព្រលឹង​វិញ្ញាណ​ជា​ទៀង​ទាត់ ហើយ​គ្រីស្ទ​បរិស័ទ​ដែល​អនុវត្ត​ជំនឿ​របស់​ខ្លួន​នៅ​អាមេរិក ក៏​មិន​មាន​អ្វី​ខុស​ប្លែក​ពី​នេះ​ដែរ។ មាន​តែ​៣០​ភាគ​រយ​នៃអ្នក​ទៅ​ព្រះវិហារ​ទៀង​ទាត់​ប៉ុណ្ណោះ ដែល​បាន​និយាយ​ថា ពួក​គេ​មាន​ការ​សន្ទនា​អំពី​រឿង​ខាង​ព្រលឹង​វិញ្ញាណ មួយ​សប្តាហ៍​ម្តង។

គេ​ប្រហែល​ជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​ការ​សន្ទនា​គ្នា អំពី​រឿង​ខាង​ព្រលឹង​វិញ្ញាណ កំពុង​តែ​មាន​ការ​ថយ​ចុះ។ ការ​ជជែក​គ្នាអំពី​ព្រះ អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ យើង​អាច​មាន​អារម្មណ៍​ថា ការ​សន្ទនា​ប្រភេទ​នេះ​ហាក់​ដូច​ជា​មាន​ហានី​ភ័យ​ខ្ពស់ ដោយ​សារ​ច្បាប់​បាន​ហាម​ឃាត់ ឬ​ដោយ​សារ​យើង​ខ្លាច​មាន​ជម្លោះ​នៅ​ក្នុង​ទំនាក់​ទំនង ឬ​ក៏​ដោយសារ​យើង​មិន​ចង់​និយាយ​អំពី​ចំណុច​ខ្វះខាត ដែល​យើង​ចំា​បាច់​ត្រូវ​កែ​ប្រែ​ក្នុង​ជីវិត​យើង​ជា​ដើម។​

ប៉ុន្តែ តាម​ព្រះ​រាជ​បញ្ជា​ដែល​បាន​បង្គាប់​ប្រជាជន​អ៊ីស្រាអែល​ដែល​ជា​រាស្រ្ត​របស់​ព្រះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា ការ​ជជែក​គ្នា​អំពី​ព្រះ អាច​ធ្វើ​ជា​ផ្នែក​ធម្មតា​មួយ នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។ រាស្រ្ត​របស់​ព្រះ​ត្រូវ​តែ​ទន្ទេញ​ព្រះ​បន្ទូល​ព្រះ​ឲ្យ​ចាំ ហើយ​ត្រូវ​ដាក់​តាំង​ព្រះ​បន្ទូល​ទ្រង់ នៅ​កន្លែង​ណា​ដែល​ពួក​គេ​អាច​មើល​ឃើញ​ញឹក​ញាប់។ ពួក​គេ​ត្រូវ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ជំនាន់ក្រោយ ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ ដែល “ពួកគេ​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង”(១១:១៩)។

ព្រះ​ជា​ម្ចាស់​ត្រាស់ហៅ​យើង ឲ្យ​ជជែក​គ្នា​អំពី​រឿង​ខាង​វិញ្ញាណ។ ចូរ​យើង​ស្វែង​រក​ឱកាស​ជជែក​គ្នា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ ហើយ​កែ​ប្រែ​ការ​និយាយ​អំពី​រឿង​តូច ទៅ​ជា​ការ​និយាយ​ស៊ី​ជម្រៅ អំពី​រឿង​ខាង​វិញ្ញាណ។ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ពរ​ដល់​សហគមន៍​របស់​យើង ពេល​ណា​យើង​ជជែក​គ្នា​អំពី​ព្រះ​បន្ទូល​ទ្រង់ ហើយ​អនុវត្ត​តាម។​—AMY PETERSON