តាមធម្មតា នៅក្នុងការប្រឹងប្រែងសម្រេចគោលដៅ ក្នុងវិស័យនីមួយៗ គេចង់បានរង្វាន់ ព្រោះគេបានចាត់ទុកវា ជាតំណាងឲ្យ ជោគជ័យ និងការទទួលស្គាល់ពីអ្នកដទៃ។ មេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិក ពាន់រង្វាន់ក្រេមី និងអាខេដេមី ក្នុងវិស័យខ្សែភាពយន្ត ឬពានរង្វាន់ណូបែល សុទ្ធតែស្ថិតក្នុងចំណោម “រង្វាន់ធំៗ” ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះឡើយ។
តែមានរង្វាន់មួយដែលអស្ចារ្យជាងនេះទៀត ដែលនរណាក៏អាចទទួលបាន។ សាវ័កប៉ុលមានការយល់ដឹងច្បាស់ អំពីការប្រកួតកីឡាអត្តពលកម្ម នៅសតវត្សរ៍ទី១ ដែលក្នុងនោះ កីឡាករទាំងឡាយបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឲ្យបានពានរង្វាន់។ គាត់បានគិតអំពីរឿងនេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅអ្នកដើរតាមព្រះគ្រីស្ទ នៅក្រុងភីលីពថា “សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ”(ភីលីព ៣:៧)។ តើហេតុអ្វី? ព្រោះចិត្តគាត់បានដក់ជាប់នឹងគោលដៅថ្មីមួយ គឺ “ដើម្បីឲ្យគាត់បានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់”(ខ.១០)។ បានជាគាត់មានប្រសាសន៍ថា “តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ”(ខ.១២)។ រង្វាន់ដែលគាត់នឹងទទួលបានក្នុងការរត់ប្រណាំងខាងវិញ្ញាណ គឺជា “មកុដនៃសេចក្តីសុចរិត”(២ធីម៉ូថេ ៤:៨)។
យើងម្នាក់ៗក៏អាចមមុលទៅរករង្វាន់ដូចនេះផងដែរ ដោយដឹងថា យើងត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ ពេលយើងដេញតាមរង្វាន់នោះ។ ជារៀងរាល់ថ្ងៃ ពេលយើងកំពុងបំពេញកិច្ចការដ៏សាមញ្ញរបស់យើង គឺយើងកំពុងតែធ្វើដំណើរឆ្ពោះទៅរក “រង្វាន់ដ៏ធំ” ដែលជា “រង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១៤)។-David Mccasland