ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ថ្នាក់រៀនព្រះគម្ពីរសម្រាប់អ្នកបាត់បង់ប្តីឬប្រពន្ធ នៅព្រះវិហាររបស់ខ្ញុំ បានក្លាយជាគ្រួសារមួយ ដែលមានចំណងដ៏ជិតស្និទ្ធ សម្រាប់មនុស្សជាច្រើន ដែលបានបាត់បង់ប្តីឬប្រពន្ធ ដោយសារការលែងលះគ្នា ឬដោយសារប្តីឬប្រពន្ធបានស្លាប់។ ពេលដែលគ្នាយើងណាម្នាក់ ចង់ផ្លាស់ប្តូរទីលំនៅ យើងក៏បានជួយរៀបអីវ៉ាន់ដាក់ក្នុងប្រអប់ឲ្យគាត់ ជួយសែងគ្រឿងសង្ហារឹម និងផ្តល់អាហារឲ្យគាត់។ គ្មានសមាជិកណាម្នាក់ធ្វើពិធីខួបកំណើត ឬចំណាយពេលថ្ងៃឈប់សម្រាកដោយភាពឯកកោដូចមុនទៀតឡើយ ដោយសារក្តីជំនឿ និងមិត្តភាពយើងបានរួមគ្នា ក្លាយជាទំនាក់ទំនងដ៏ជាប់លាប់ ដែលមានការលើកទឹកចិត្ត។ គ្នាយើងជាច្រើននាក់ ដែលបានបង្កើតចំណងមិត្តភាពជាមួយគ្នា ក្នុងពេលដែលមានទុក្ខលំបាក កាលពី៣ទសវត្សរ៍មុន បានបន្តមានភាពរីកចម្រើន ព្រមទាំងបន្តជួយទ្រទ្រង់បុគ្គល និងក្រុមគ្រួសារដទៃទៀត ក្នុងពេលសព្វថ្ងៃផងដែរ។

សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើរទៅអ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងថែស្សាឡូនិច ក៏បានបង្ហាញឲ្យយើងឃើញទំនាក់ទំនងដែលជួយជ្រោងគ្នាឡើង ក្នុងគ្រួសារនៃព្រះផងដែរ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងសំបុត្រនោះថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។  “ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ”(ខ.៩)។ “ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង”(ខ.១១)។ សាវ័កប៉ុល និងគូកនការងាររបស់គាត់ មានទំនាក់ទំនងជាបងប្អូនរួមជំនឿ នៅក្រុងថែស្សាឡូនិច ដូចជាម្តាយ ឪពុក និងបងប្អូនប្រុសស្រី ដោយផ្សាយដំណឹងល្អ និងបានរស់នៅជាគំរូ សម្រាប់ពួកគេ បានជាគាត់ថា “យើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម៉្លេះ”(ខ.៨)។

ក្នុងគ្រួសារនៃក្តីជំនឿរបស់ព្រះ ទ្រង់បានប្រទានម្តាយ ឳពុក និងបងប្អូនប្រុសស្រីដល់យើង។ ព្រះអម្ចាស់ប្រទានក្តីអំណរ ខណៈពេលដែលយើងរស់នៅ ដោយក្តីស្រឡាញ់ និងការលះបង់ដល់គ្នា ក្នុងព្រះគុណ និងក្តីស្រឡាញ់របស់ទ្រង់។-David McCasland