កាលពីក្មេង ខ្ញុំមានឆ្កែខូលីឈ្មោលមួយក្បាលឈ្មោះ ព្រីន ប៊យ(Prince Boy)។ វាជាសត្វសុនខ ដែលខ្ញុំពិតជាស្រឡាញ់យ៉ាងខ្លាំង។ ថ្ងៃមួយ វាបានបាត់ខ្លួន។ ខ្ញុំមិនដឹងថា គេបានលួចវា ឬវាគ្រាន់តែបានរត់ចេញពីយើងឡើយ តែខ្ញុំបានពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានស្វែងរកវានៅគ្រប់ទិសទី។ តាមពិត ខ្ញុំនៅចាំថា កាលនោះខ្ញុំបានឡើង ដើមឈើដ៏ខ្ពស់មួយ ដែលអាចជួយឲ្យខ្ញុំមើលទៅកន្លែងជិតខាងចុះឡើងៗ ដោយសង្ឃឹមថា នឹងមើលឃើញវានៅកន្លែងណាមួយ។ ខ្ញុំពិតជាចង់ឲ្យឆ្កែជាទីស្រឡាញ់របស់ខ្ញុំ វិលត្រឡប់វិញខ្លាំងណាស់។ អស់រយៈពេលជាច្រើនសប្តាហ៍ ខ្ញុំតែងតែខំរកមើល ដោយសង្ឃឹមថា នឹងបានឃើញព្រីន ប៊យ។ តែយើងមិនដែលបានជួបគ្នាវិញឡើយ។
តែយើងមានអារម្មណ៍បាត់បង់កាន់តែខ្លាំង ពេលយើងគិតថា យើងនឹងមិនអាចជួបអ្នកជាទីស្រឡាញ់ ដែលបានបាត់បង់ជីវិតបានឡើយ។ ប៉ុន្តែ សម្រាប់អ្នកដែលស្គាល់ និងស្រឡាញ់ព្រះអម្ចាស់ ការបែកគ្នាដោយសេចក្តីស្លាប់ គឺមាន រយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ។ ថ្ងៃណាមួយ យើងនឹងបានជួបជុំគ្នាឡើងវិញ ជារៀងរហូត! សាវ័កប៉ុលបានបញ្ជាក់ពួកជំនុំនៅក្រុងថែស្សាឡូនិចថា “ ព្រោះព្រះអម្ចាស់ទ្រង់ នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែល កំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច្ច ៤:១៦-១៧)។ ពាក្យដែលកម្សាន្តចិត្ត អ្នកដែលកំពុងកើតទុក្ខ មានដូចជាពាក្យ ទាំងអស់គ្នា និងពាក្យ យើង ។ ពាក្យនៃការជួបជុំគ្នាទាំងនេះ បង្ហាញថា អ្នកដើរតាមព្រះគ្រីស្ទ មិនជួបការបែកគ្នាជារៀងរហូតឡើយ។ សម្រាប់យើងដែលជាអ្នកជឿព្រះ សេចក្តីស្លាប់ មិនមែនជាការលាគ្នាឡើយ តែជាការនិយាយថា “ជួបគ្នាពេលក្រោយ”។-Bill Crowder