ជាច្រើនឆ្នាំកន្លងទៅ ពេលខ្ញុំកំពុងសិក្សា នៅសកលវិទ្យាល័យកាលីហ្វូញ៉ា នៅក្រុងប៊ើខេលី(Berke-ley) ខ្ញុំបានចងមិត្តភាពជាមួយមិត្តរួមថ្នាក់ម្នាក់ ដែលបានទទួលរងការបាត់បង់ដ៏ធ្ងន់ធ្ងរ។ កូនរបស់គាត់បានលាចាកលោក ហើយភរិយារបស់គាត់បានចាកចេញពីគាត់ ដោយសារនាងមិនអាចទ្រាំទ្រនឹងការឈឺចាប់។
ថ្ងៃមួយ ពេលដែលមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ កំពុងដើរជាមួយខ្ញុំ នៅតាមដងផ្លូវ មានស្រ្តីម្នាក់មានសក់កន្ទ្រើង កំពុងពរកូនតូចមួយ ដែលមានរូបកាយកខ្វក់ នៅពីមុខយើង។ នាងកំពុងខឹងនឹងកូនតូចនោះ ហើយបានដើរលឿនស្លេវ ដោយរលាក់កូននោះ យ៉ាងញាប់ធ្វើឲ្យជើងដ៏តូចរបស់វាមិនអាចតោងជាប់បាន។ ពេលយើងដើរទៅដល់ផ្លូវប្រសព្វដែលមានមនុស្សដើរទៅមកយ៉ាងមមាញឹក កូននោះក៏បានឈប់តោងម្តាយវាភ្លាម ហើយក៏របួតធ្លាក់ចេញពីដែរម្តាយវា។ នាងក៏ងាយក្រោយមករកវា ហើយប្រទេចផ្តាសាវា រួចដើរដោយជើងធ្ងន់ៗ ទៅមុខទៀត។ កូនប្រុសដ៏តូចនោះ បានអង្គុយចុះ ហើយស្រែកយំ ទាំងទឹកភ្នែករហាម។ មិត្តភ័ក្ររបស់ខ្ញុំក៏បានអង្គុយក្បែរវា ដោយគ្មានការស្ទាក់ស្ទើរ ហើយដាក់កូនតូចនេះនៅក្នុងរង្វង់ដៃគាត់។
ស្រ្តីនោះក៏បានបែរក្រោយ ហើយសម្លឹងមើលទៅកូននោះ រួមចាប់ផ្តើមជេរប្រទេចវាទៀត។ មិត្តភ័ក្ររបស់ខ្ញុំក៏បានដកដង្ហើមធំ ហើយងើបមុខមើលទៅនាង។ គាត់និយាយយ៉ាងស្រទន់ថា “អ្នកស្រី បើអ្នកមិនចង់មានកូននេះទេ ខ្ញុំនឹងយកវាទៅចិញ្ចឹមហើយ”។
ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងធ្វើយ៉ាងដូចនេះដែរ។ ទ្រង់ក៏បានស្គាល់ការបាត់បង់ដ៏ធ្ងន់ធ្ងរ ហើយបានស្រឡាញ់យើង ដោយភាពស្រទន់។ ទោះបីជាមិត្តភ័ក្រ និងគ្រួសារយើងបោះបង់យើងក៏ដោយ ក៏ព្រះនៃយើងនឹងមិនបោះបង់ចោលយើងឡើយ(ទំនុកតម្កើង ២៧:១០)។ ទ្រង់តែងយកចិត្តទុកដាក់ចំពោះយើងជានិច្ច។-David Roper