មានមនុស្សរាប់លាននាក់ កំពុងធ្វើមុខជំនួញនៅតាមផ្ទះ។ ប៉ុន្តែ អ្នកខ្លះយល់ថា ការធ្វើការម្នាក់ឯង អាចនាំឲ្យមានភាពឯកកោខ្លាំងពេក។ ដើម្បីជួយអ្នកដែលមានអារម្មណ៍ឯកកោ ឲ្យមានភាពជាសហគមន៍ គេក៏បានរៀបចំកន្លែង ឲ្យអាច“ធ្វើការជាមួយគ្នា”បាន។ គឺគេ បានបើកអាគារធំៗ ដែលមានតូបសម្រាប់ឲ្យអ្នកប្រកបអាជីវកម្មនីមួយៗ ជួលនៅក្បែរៗគ្នា ដើម្បីឲ្យពួកគេអាចធ្វើការនៅក្នុងកន្លែងតែមួយ។ ពួកគេមានទីតាំងសម្រាប់ធ្វើការរៀងៗខ្លួន តែអាចប្តូរយោបលគ្នាបាន។ ការរៀបចំនេះ គឺសម្រាប់អ្នកដែលយល់ថា ពេលពួកគេធ្វើការនៃក្បែរគ្នា ការងាររបស់ពួកគេអាចមានភាពល្អប្រសើរជាងពេល ដែលពួកគេធ្វើការតែឯង។
ជួនកាល គ្រីស្ទបរិស័ទយល់ថា ពួកគេអាចធ្វើការបានល្អជាង ពេលពួកគេធ្វើការម្នាក់ឯង។ តែយើងត្រូវបានរៀបចំមក សម្រាប់ឲ្យធ្វើការរួមគ្នា ជាមួយអ្នកដទៃក្នុងពួកជំនុំ។ គ្រីស្ទបរិស័ទនីមួយៗ ត្រូវបានដាក់នៅក្នុង “រូបកាយព្រះគ្រីស្ទ”(១កូរិនថូស ១២:២៧)។ ហើយព្រះអម្ចាស់សព្វព្រះទ័យ ឲ្យយើងចូលរួម នៅក្នុងការប្រកបគ្នាជាមួយអ្នកជឿព្រះ ក្នុងសហគមន៍ប្រចាំតំបន់ ដោយប្រើអំណោយទានខាងវិញ្ញាណរបស់យើង ហើយធ្វើការងាបម្រើទ្រង់ជាមួយគ្នា។
តែអ្នកខ្លះមិនអាចចូលរួមបាន ដោយសារមូលហេតុផ្សេងៗ។ ដោយសារបញ្ហាសុខភាព ពួកគេប្រហែលជាត្រូវសង្ងំនៅក្នុងផ្ទះ ឬប្រហែលជាមិនដឹងអំពីរបៀបចូលរួមក្នុងពួកជំនុំឡើយ។ តែពួកគេម្នាក់ៗជាផ្នែកមួយដ៏សំខាន់នៃរូបកាយព្រះគ្រីស្ទ(ខ.២២-២៥)។ គឺនៅពេលនោះ ហើយ ដែលអ្នកដទៃអាចបំពេញសេចក្តីត្រូវការ ឲ្យមានភាពរួមគ្នា។ ចូរយើងបំពេញផ្នែករបស់យើង ដើម្បីឲ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេជាផ្នែកមួយដ៏សំខាន់ នៃសហគមន៍នៃសេចក្តីជំនឿ។ ពេលយើងធ្វើការរួមគ្នា យើងធ្វើការបានល្អជាងពេលយើងធ្វើការតែម្នាក់ឯង។-Anne Cetas