ខ្ញុំនៅតែងឿងឆ្ងល់ពីទំនុកបំពេរកូន ដែលមានចំណងជើងថា “លីថលជែក ហន័រ ដ៏តូចល្អិត(Jack Horner)” ដែលគេច្រៀងដូចនេះថា : លីថលជែក ហន័រក អង្គុយនៅគៀនជ្រុង កំពុងញាំនំបុណ្យណូអែល។ ក្មេងប្រុសនោះដាក់មេដៃចូលទៅក្នុងផ្លែផ្លាំ ដែលនៅក្នុងនំ ហើយលើកផ្លែនោះចេញមក រួចនិយាយទៅកាន់ខ្លួនឯងថា “ខ្ញុំអីក៏ឆ្លាតយ៉ាងនេះ!”
វាដូចជាមិនសមសោះ ដែលជែកអង្គុយនៅគៀនជ្រុង ដោយដាក់មេដៃចូលក្នុងផ្លែផ្លាំ ហើយលើកដៃឡើងលើ រួចនិយាយថា “ខ្ញុំអីក៏ឆ្លាតយ៉ាងនេះ!” ព្រោះតាមធម្មតា គេតែងដាក់ក្មេងខូច ឲ្យអង្គុយនៅគៀនជ្រុង ដើម្បីដាក់ពិន័យវា។ តែក្នុងរឿងនេះ ក្មេងម្នាក់នេះហាក់ដូចជាកំពុងព្យាយាមធ្វើឲ្យគេមានចំណាប់អារម្មណ៍ចំពោះវាទៅវិញ ហើយចង់ឲ្យគេកោតសរសើរវា ដោយសាររឿងនំនេះទៅវិញ។
តាមធម្មតា យើងរាល់គ្នាចង់ទទួលការចាប់អារម្មណ៍ពីអ្នកដទៃ ហើយចង់អួតអំពីសមិទ្ធផលដែលខ្លួនសម្រេចបាន និងសមត្ថភាពផ្សេងៗ។ ជួនកាលយើងគិតថា យើងរស់នៅសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែ ការមានជីវិតបែបនេះ គឺជាការវង្វេង ហើយជាការរស់ដែលបរាជ័យបំផុត។ តាមពិត និស្ស័យបាបរបស់យើងបានដាក់យើងនៅ “គៀនជ្រុង” ដែលឃ្លាតឆ្ងាយចេញពីព្រះ។ តែយើងអរព្រះគុណទ្រង់ ដែលនាំឲ្យយើងមានទស្សនៈត្រឹមត្រូវ តាមរយៈទីបន្ទាល់របស់សាវ័កប៉ុល។ ទោះបីជាគាត់ធ្លាប់មានគុណសម្បត្តិច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែចុះចូលចំពោះភាពធំឧត្តម្ភរបស់ព្រះយេស៊ូវ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ”(ភីលីព ៣:៧)។ លោកប៉ូលទទួលស្គាល់ថា “ដើម្បីឲ្យបានព្រះគ្រីស្ទ”(ខ.៨) គាត់ត្រូវលះបង់ភាពខ្ពង់ខ្ពស់របស់ខ្លួន។
ដូច្នេះ ចូរអួតតែអំពីព្រះគ្រីស្ទវិញ នៅក្នុងជីវិតរបស់អ្នក ឬដូចដែលលោកប៉ុលមានប្រសាន៍ថា “អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ”(១កូរិនថូស ១:៣១) គឺមិនមែនអួតអាងអំពីខ្លួនឯងឡើយ។_Joe Stowell