អស់កាលជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានដើរលេង នៅតាមមាត់ទន្លេសាលម៉ូន រួចដើរកាត់តាមប្រជុំដើមស្រល់ ដែលគេបានបកសម្បកដើមចេញមួយផ្នែក។ មិត្ត ភ័ក្ររបស់ខ្ញុំម្នាក់ ដែលជាអ្នកអភិរក្សព្រៃឈើធ្លាប់ប្រាប់ខ្ញុំថា ជនជាតិដើមនៅអាមេរិក ដែលបរបាញ់សត្វនៅតំបន់នេះ កាលពីយូរមកហើយ បាននាំគ្នាបកសម្បកឈើខាងក្រៅចេញ ដើម្បីយកស្រទាប់ខាងក្នុងធ្វើជាស្ករកៅស៊ូ។ ស្លាកស្នាមខ្លះបានខូចទ្រង់ទ្រាយអស់ទៅហើយ ប៉ុន្តែ ខ្លះទៀតបានជ័រថ្លាៗ ដែលត្រូវបានខ្យល់ និងអាកាសធាតុដុសខាត់ឲ្យរឹង និងរលោង ធ្វើឲ្យប្រែក្លាយជាមានសម្រស់ដ៏ស្រស់ស្អាត ដែលកម្ររកមាន។
យ៉ាងណាមិញ អំពើរំលងដែលយើងបានប្រព្រឹត្តក៏មានលក្ខណៈដូចនេះផងដែរ។ យើងប្រហែលជាមានការភ័យខ្លាច ចំពោះអំពើបាបដែលយើងបានធ្វើពីអតីតកាល។ ប៉ុន្តែ ពេលយើងប្រែចិត្តចេញពីបាប យើងថ្វាយបាបទាំងនោះដាច់ដល់ព្រះយេស៊ូវ ដើម្បីទទួលការអត់ទោសបាប ការនេះក៏បានបន្សល់ទុកនូវស្លាកស្នាមដ៏ស្រស់ស្អាតមួយ។
ចំពោះអ្នកខ្លះ បន្ទាប់ពីពួកគេបានភ្លក្សរសជាតិល្វីងជូរចត់នៃអំពីបាបហើយ ពួកគេក៏បានស្អប់ខ្ពើមអំពើបាបនោះ ក្នុងពេលបច្ចុប្បន្ន។ ពួកគេស្អប់ការអាក្រក់ តែស្រឡាញ់សេចក្តីសុចរិត។ ភាពបរិសុទ្ធ គឺមានភាពស្រស់ស្អាតដូចនេះឯង។
ចំពោះអ្នកខ្លះទៀត ពេលពួកគេដឹងថា ខ្លួនខ្វះមិនដល់សិរីល្អនៃព្រះ(រ៉ូម ៣:២៣) ពួកគេក៏បានបន្ទន់ចិត្តចំពោះអ្នកដទៃ។ ពួកគេចាប់ផ្តើមមានការយល់ដឹង មានការអាណិតអាសូរ និងសប្បុរសចំពោះអ្នក ដែលបរាជ័យក្នុងជីវិត។ នេះហើយជាសម្រស់នៃការបន្ទាបខ្លួន។ សរុបមក កាលណាយើងបានទទួលការអត់ទោសបាបហើយ យើងក៏អាចមានភាពជិតស្និទ្ធជាមួយព្រះ ដែលផ្តល់ក្តីមេត្តាដល់យើង។ ដ្បិតអ្នកមានបាបណា ដែលព្រះបានអត់ទោសបាបជាច្រើន អ្នកនោះក៏មានសេចក្តីស្រឡាញ់ច្រើនដែរ(លូកា ៧:៤៧)។ នេះហើយជាសម្រស់នៃក្តីស្រឡាញ់។ _ David Roper