កណ្ឌគម្ពីរហូសេ ជាកណ្ឌគម្ពីរសញ្ញាចាស់ និងជារឿងមួយ ដែលឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏ស្មោះ ត្រង់ ដែលព្រះអម្ចាស់មានចំពោះរាស្រ្តដែលមិនស្មោះត្រង់។ ក្នុងសាច់រឿងដែលហាក់ដូចជាចម្លែកនេះ ព្រះអម្ចាស់បាន បង្គាប់លោកហូសេឲ្យរៀបការជាមួយស្រ្តីម្នាក់ ដែលក្រោយមកនាងបានផិតក្បត់ ជាហេតុបណ្តាលឲ្យគាត់មានទុក្ខសោក(ហូសេ ១:២-៣)។ បន្ទាប់ពីនាងបានរត់ចោលលោកហូសេ ដើម្បីទៅរួមរស់ជាប្រុសផ្សេងទៀត ព្រះអម្ចាស់ក៏បានបង្គាប់លោកហូសេ ឲ្យទៅយកនាងមកវិញ ដែលនេះជានិមិត្តរូបដំណាងឲ្យ “សេចក្តីស្រឡាញ់ដែលព្រះអម្ចាស់មាន ចំពោះរាស្រ្តអ៊ីស្រាអែល ដែលបានងាកទៅថ្វាយបង្គំព្រះដទៃទៀត”(៣:១)។
ក្រោយមកទៀត ព្រះអម្ចាស់បានបង្គាប់លោកហូសេឲ្យប្រកាស់ប្រាប់ប្រជាជនអ៊ីស្រាអែលថា ដោយសារតែពួកគេបះបោរទាស់នឹងទ្រង់ នោះពួកគេនឹងត្រូវនាំទៅជាឈ្លើយរបស់ពួកបរទេស។ ហើយគាត់បានប្រាប់ពួកគេទៀតថា “ហេតុនោះនឹងមានការជ្រួលជ្រើមកើតឡើងក្នុងជនជាតិឯង អស់ទាំងបន្ទាយរបស់ឯងនឹងត្រូវបំផ្លាញ”(១០:១៤)។
ទោះជាពួកគេបានប្រព្រឹត្តអំពើបាប និងស្ថិតក្នុងការជំនុំជម្រះក៏ដោយ ក៏ព្រះគុណទ្រង់នៅតែមានជានិច្ចសម្រាប់ពួកគេ។ គាត់ក៏បាននិយាយលើកទឹកចិត្តពួកគេថា “ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្តីសប្បុរស ចូរកំសុលដីរបស់ឯងឡើង ដ្បិតដល់ពេលយើងគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្តីសុចរិតមកលើឯងរាល់គ្នា”(១០:១២)។
ទោះជាយើងរាល់គ្នាបាន “ភ្ជួរជាអំពើអាក្រក់” ហើយ “ច្រូតកាត់ជាសេចក្តីទុច្ចរិត” ក៏ដោយ(១០:១៣) ក៏ព្រះទ្រង់នៅតែមិនដែលឈប់ស្រឡាញ់យើងឡើយ។ ទោះថ្ងៃនេះ យើងកំពុងជួបស្ថានភាពបែបណាក៏ដោយ ក៏យើងនៅតែអាចវិលត្រឡប់មករកព្រះអម្ចាស់វិញ ហើយសុំការអត់ទោសបាបពីទ្រង់ ដើម្បីឲ្យយើងអាចចាប់ផ្តើមសារជាថ្មីបាន។ សេចក្តីស្រឡាញ់របស់ទ្រង់មិនចេះផុតឡើយ!_David McCasland