ខណៈពេលស្វាមីរបស់ខ្ញុំកំពុងបើកឡាន ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋវើជីនៀ(Virginia) ខ្ញុំក៏បានដកផែនទីចេញមក ដើម្បីបើករកមើលផ្លូវទៅកាន់ឆ្នេរ សមុទ្រ។ ទីបំផុតយើងក៏រកឃើញផ្លូវមួយ ហើយយើងក៏បើកបរតាមទិសរបស់ថ្ងៃ។
ស្រាប់តែពីរបីនាទីក្រោយមក យើងក៏នាំគ្នាសើចយ៉ាងសប្បាយរីករាយ ព្រោះមុនពេលយើងទៅដល់មាត់ឆ្នេរ យើងបានធ្វើដំណើរចូលក្នុងដែនជម្រកសត្វព្រៃ ដោយមិនដឹងខ្លួន។ នៅជុំវិញខ្លួនយើង មានសុទ្ធតែពំនូកខ្សាច់ កន្លែងលិចទិក និងពពួកស្មៅដែលដុះតាមឆ្នេរ ព្រមទាំងសំបូរទៅដោយសត្វរំពេ សត្វកុក និងសត្វក្រសារពណ៌ខៀវ។ អ្វីៗមានភាពរស់រវើក មានសម្លេងខ្ញៀវខ្ញា និងស្រស់អស្ចារ្យណាស់! យើងក៏បានមកដល់ប្រជុំកោះសិនកូទីក(Chincoteague) និងអាស្សាទីក(Assateague) ដែលសុទ្ធតែមានឈ្មោះល្បីល្បាញ ដោយសារជារៀងរាល់ឆ្នាំ មានកូនសេះទាំងហ្វូង ហែលឆ្លងពីកោះមួយទៅកោះមួយទៀត។ តាមពិតអ្នកដទៃទៀតបានដឹងពីគុណតម្លៃ និងសោភ័ណ្ឌភាពនៃតំបន់នេះ ជាយូរមកហើយ តែសម្រាប់យើងវិញ វាជាទឹកដីដែលយើងមិនដែលបានប្រទះឃើញ។
យ៉ាងណាមិញ សម្រាប់មនុស្សជាច្រើន ព្រះគម្ពីរបរិសុទ្ធ គឺប្រៀបបាននឹង “តំបន់ដែលពួកគេមិនដែលបានប្រទះឃើញ”។ ពួកគេពុំដែលបានរកឃើញកំណប់ដ៏មានតម្លៃ ដែលបានបង្កប់ក្នុងព្រះបន្ទូលដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ដែលមានក្នុងព្រះគម្ពីរឡើយ។ ព្រះគម្ពីរផ្ទុកទៅដោយព្រះបន្ទូលដ៏រស់ហើយពូកែផង ក៏មុតជាងដាវណាមានមុខពីរ ទាំងធ្លុះចូលទៅក្នុងទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ(ហេព្រើរ ៤:១២)។ ព្រះបន្ទូលប្រៀបបាននឹងចង្កៀងបំភ្លឺផ្លូវយើងដើរ(ទំនុកដំកើង ១១៩:១០៥) ហើយមានប្រយោជន៍សម្រាប់បង្រៀនយើង ឲ្យបំពេញបំណងព្រះទ័យព្រះ(២ធីម៉ូថេ ៣:១៦-១៧)។
ចូរយើងបើកព្រះគម្ពីរអាន ដើម្បីឲ្យយើងអាចរកកំណប់ទាំងនេះឃើញ។ ពេលនេះជាពេលដែលយើងត្រូវស្វែងរកហើយ!_Cindy Hess Kasper