នាពេលថ្មីៗនេះ ខ្ញុំបានឃើញគេផ្សាយពាណិជ្ជកម្មម៉ាកសម្លៀកបំពាក់មួយ ដែលគេរចនាយ៉ាងពិសេសសម្រាប់យុវវ័យ ដែលមានដូចជា ខោខៅប៊យពណ៌ខៀវ និងគ្រឿងបន្ទាប់បន្សំដែលគេបានរចនា សម្រាប់លំអរខោខៅប៊យនោះ។ មើលទៅគ្មានអ្វីប្លែកទេ ប៉ុន្តែ ខ្ញុំបានចាប់អារម្មណ៍នឹងឈ្មោះរបស់ម៉ូតសម្លៀកបំពាក់នោះ ដែលគេបានដាក់ឲ្យថា “សាសនាដ៏ពិត”។ ឈ្មោះនេះធ្វើឲ្យខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេជ្រើសរើសឈ្មោះនេះអញ្ចឹង? តើឈ្មោះនេះមានបង្កប់អត្ថន័យអ្វីមួយឬ? តើម៉ាកសម្លៀកបំពាក់នេះ និងសាសនាដ៏ពិត មានទំនាក់ទំនងអ្វីនឹងគ្នា? តើឈ្មោះនេះមានន័យដូចម្តេច? ត្រង់ចំណុចនេះ វាគ្រាន់តែបានធ្វើឲ្យខ្ញុំចោទជាសំណួរ ដោយគ្មានចម្លើយប៉ុណ្ណោះ។
តែខ្ញុំអរព្រះគុណព្រះ ដែលបានបកស្រាយយ៉ាងច្បាស់លាស់ តាមរយៈកណ្ឌគម្ពីរយ៉ាកុប អំពីសាសនាដ៏ពិត ឬជំនឿដ៏ពិត យ៉ាងដូចនេះថា “ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះ គឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយក្នុងការដែលគេមានសេចក្តីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ”(១:២៧)។ បទគម្ពីរនេះបានធ្វើឲ្យខ្ញុំមានគំនិតស្រស់ថ្លាឡើង។ “សាសនាដ៏ពិត” ជាជំនឿដ៏ពិត ដែលជាការបង្ហាញពីរបៀបយើងមានទំនាក់ទំនងជាមួយព្រះនៃយើង។ យើងអាចបញ្ជាក់ថា យើងមានអត្តសញ្ញាណថ្មីក្នុងព្រះគ្រីស្ទ តាមរយៈរបៀបដែលយើងមើលថែគ្នាទៅវិញទៅមក និងឈោងចាប់អ្នកដែលទន់ខ្សោយបំផុត និងងាយរងគ្រោះ ក្នុងចំណោមយើង ជាពិសេសចំពោះអ្នកដែលត្រូវការជំនួយជាងគេ។
សាសនាដ៏ពិតពុំមែនជាសម្លៀកបំពាក់ដែលយើងពាក់ ហើយដោះចេញនោះទេ តែជារបៀបដែលយើងរស់នៅចំពោះព្រះដ៏វិសុទ្ធ និងមនុស្សទាំងឡាយ។_Bill Crowder