មានក្លឹបសុខភាព និងក្លិបហាត់ប្រាណជាច្រើន បានរំពឹងថានឹងមានមនុស្សយ៉ាងច្រើនជោរជន់ មកចូលរួមក្នុងខែមេសា ទោះពួកគេមកចូលរួមតែពីរបីដងក៏ ដោយ។ ទោះជាអ្នកទាំងនោះគ្រាន់តែបង់ប្រាក់ ហើយឈប់ត្រឡប់មកវិញក៏ដោយ ក៏ម្ចាស់ក្លឹបទាំងនោះមិនខ្វល់ដែរ។ ប៉ុន្តែ គ្រូបង្វិកឈ្មោះចេស៊ី ចូន(Jesse Jones) បានប្រើវិធីសាស្រ្តផ្ទុយពីនេះ។ ប្រសិនបើអ្នកចុះឈ្មោះហើយ តែមិនឃើញមកហាត់ប្រាណទៀតទេ គាត់នឹងលប់ឈ្មោះអ្នកចេញជាមិនខាន។ លោកចូនមានប្រសាសន៍ថា “សូមសន្សំលុយរបស់អ្នក។ ពីរបីខែក្រោយមកទៀត ពេលដែលអ្នកដឹងច្បាស់ថា ខ្លួនចង់ហាត់ប្រាណ សូមមកជួបខ្ញុំចុះ។ គោលបំណងជាចម្បងរបស់ខ្ញុំ គឺមិនមែនចង់បានថ្លៃឈ្នួល ដែលអ្នកបង់សម្រាប់រយៈពេលបីខែនោះទេ…តែយើងចង់ឲ្យអ្នកមានការទទួលខុសត្រូវ ក្នុងការឈានទៅដល់គោលដៅ”។
ក្នុងបទគម្ពីរលូកា ៩:៥៧-៦២ យើងឃើញថា មានមនុស្សបីនាក់ទូលព្រះយេស៊ូវថា ពួកគេចង់ដើរតាមទ្រង់ ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ក៏បានមានបន្ទូលតប ដោយពាក្យធ្ងន់ៗថា “កូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ”(ខ.៥៨)។ “ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ”(ខ.៦០)។ “អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ”(ខ.៦២)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានបញ្ជាក់ដល់ពួកគេម្នាក់ៗថា ដើម្បីក្លាយជាសិស្សព្រះយេស៊ូវយើងត្រូវតែមានការលះបង់ និងការប្តេជ្ញាចិត្ត។
មានបុរសម្នាក់ដែលខ្ញុំបានកោតសរសើរថា គាត់ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមានការប្តូរប្តេជ្ញ និងងាយឆ្លើយតបចំពោះព្រះ។ គាត់បានមានប្រសាសន៍ថា គ្រីស្ទបរិស័ទចាំបាច់ត្រូវ “ត្រៀមខ្លួនធ្វើការប្តេជ្ញាចិត្ត និងកែប្រែ”។ ព្រះអម្ចាស់មិនគ្រាន់តែបានត្រាស់ហៅយើង ឲ្យមានការផ្លាស់ប្រែប៉ុណ្ណោះទេ តែថែមទាំងបានឲ្យយើងរាប់ការត្រាសហៅនោះ ជាសំខាន់ ដោយដើរតាមទ្រង់។ _David McCasland