ខ្ញុំបានទទួលការបង្រៀនឲ្យចេះត្រៀមខ្លួនជានិច្ច។ ពេលខ្ញុំគិតអំពីការនេះ ខ្ញុំក៏បាននឹកឃើញលោក នេនហួស(Nienhuis) ដែលជាអ្នកជិតខាងរបស់ខ្ញុំ កាលខ្ញុំកំពុងធំធាត់។ ខ្ញុំចាំថា ពេលគាត់ត្រឡប់មកផ្ទះវិញ គាត់មិនដែលខានបើកឡានថយក្រោយ ចូលក្នុងបន្ទប់ដាក់ឡានឡើយ។ ការនេះហាក់ដូចជាចម្លែកសម្រាប់ខ្ញុំ ប៉ុន្តែ ក្រោយមក ម្តាយរបស់ខ្ញុំ ក៏បានពន្យល់ថា លោកនេល(Nels) គឺជាអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត។ ដូចនេះគាត់ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីប្រញាប់ទៅស្ថានីយពន្លត់អគ្គីភ័យ កាលណាគេទូរស័ព្ទមកគាត់។ គាត់បានបើកឡានថយក្រោយ ចូលទៅក្នុងបន្ទប់ដាក់ឡាន ដើម្បីឲ្យគាត់អាចបើកឡានចេញបានឆាប់រហ័ស ពេលគាត់ត្រូវទៅបំពេញតួរនាទីពន្លត់អគ្គីភ័យ។
ការត្រៀមខ្លួនឲ្យបានល្អ គឺពិតជាមានសារៈសំខាន់ នៅក្នុងការរស់នៅរបស់យើង។ ហេតុនេះហើយបានជា លោកអាប្រាហាំ លីនខិន(Abraham Lincoln) បានមានប្រសាសន៍ថា “បើខ្ញុំមានពេលតែ៨ម៉ោងសម្រាប់កាប់ដើមឈើមួយដើម ខ្ញុំនឹងចំណាយពេល៦ម៉ោង ដើម្បីសំលៀងពូថៅរបស់ខ្ញុំ”។
ក្នុងការរស់នៅ យើងត្រូវត្រៀមខ្លួនសម្រាប់ការជាច្រើន។ យើងត្រៀមខ្លួនសម្រាប់អាជីពណាមួយ ដោយខិតខំរៀនសូត្រ។ យើងទិញប័ណ្ណធានារ៉ាប់រង សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ឬ អគ្គីភ័យ ដែលអាចកើតឡើងនៅពេលខាងមុខ។ ជាងនេះទៅទៀត យើងថែមទាំងបានត្រៀមខ្លួនសម្រាប់ចុងបញ្ចប់នៃជីវិត ដោយសរសេរពាក្យបណ្តាំ សម្រាប់មនុស្សជាទីស្រឡាញ់។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រាប់យើងថា យើងត្រូវតែមានការត្រៀមខ្លួនខាងវិញ្ញាណផងដែរ។ យើងត្រៀមខ្លួនខាងវិញ្ញាណ ដោយពាក់គ្រឿងសឹករបស់ព្រះ ដើម្បីធ្វើសង្រ្គាមខាងវិញ្ញាណ(អេភេសូរ ៦:១0-២០) ដោយត្រៀមចិត្តគំនិត សម្រាប់ការរស់នៅដ៏បរិសុទ្ធ(១ពេត្រុស ១:១៣) ដោយប្រាកដក្នុងចិត្តថា យើងបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតប ចំពោះអ្នកដែលសួរយើងអំពីមូលហេតុ នៃសេចក្តីសង្ឃឹមរបស់យើង(៣:១៥) ហើយដោយការដឹងច្បាស់ថា យើងបានត្រៀមខ្លួនសម្រាប់ការយាងមកវិញ នៃព្រះយេស៊ូវ តាមព្រះបន្ទូលសន្យា(ម៉ាថាយ ២៤:៤៤)។
តើអ្នកបានត្រៀមខ្លួនបានល្អប៉ុណ្ណា សម្រាប់ការអ្វីខ្លះដែលនៅខាងមុខ? តើអ្នកដឹងច្បាស់ឬទេ? ចូរទូលសូមឲ្យព្រះអម្ចាស់ជួយ និងដឹកនាំជីវិតអ្នកចុះ។–Cindy Hess Kasper