ថ្ងៃទី ២០ និង២១ ខែឧសភា ឆ្នាំ ១៩២៧ គឺជាថ្ងៃជាប្រវត្តិសាស្រ្ត នៅក្នុងវិស័យអាកាសចរណ៍ ពេលដែលលោកឆាល លីនបឺក(Charles Lindbergh) បានបើកយន្តហោះតែម្នាក់ឯង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ដោយគ្មានការឈប់សម្រាកតាមផ្លូវ។ កាលពីមុន ធ្លាប់មានអ្នកផ្សេងបើកយន្តហោះកាត់មហាសមុទ្រអាត្លង់ទិចដែរ ប៉ុន្តែ គ្មាននរណាធ្លាប់បើកបរតែម្នាក់ឯង ដូចគាត់ទេ។ ដូចនេះ លោកលីនបឺកបានសម្រេចជោគជ័យជាប្រវត្តិសាស្រ្ត នៅពេលដែលគាត់ចុះចត នៅអាកាសយាន្តដ្ឋាន ឡឺ ប៊ូហ្គេត(Le Bourget Field) នៅទីក្រុងប៉ារីស មានមនុស្សរាប់ពាន់នាក់ បានទះដៃអបអរសាទរ ការធ្វើដំណើរដ៏ជោគជ័យរបស់គាត់។​

ហើយពេលដែលគាត់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គេក៏បានផ្តល់កិត្តយសឲ្យគាត់ ដោយការដើរដង្ហែរជាក្បួន និងឲ្យរង្វាន់គាត់ សម្រាប់សេចក្តីក្លាហាន និងការមានម្ចាស់ការ។ ទោះបីជាលោកលីនបឺកអាចមានគ្រោះថ្នាក់ នៅក្នុងការបើកបរយន្តហោះតែម្នាក់ឯងក៏ដោយ ក៏ការរស់នៅ ក្នុងលោកិយដែលពេញដោយអំពើបាប អាចមានគ្រោះថ្នាក់ជាងនេះទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ​ អ្នកដើរតាមព្រះគ្រីស្ទ អាចមានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ព្រោះយើងមិនចាំបាច់ត្រូវ “ធ្វើដំណើរតែម្នាក់ឯង” ឡើយ។

នៅពេលយប់ មុនពេលគេយកទ្រង់ទៅឆ្កាង ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនបោះបង់ចោលយើងឡើយ ហើយទ្រង់នឹងចាត់ព្រះវិញ្ញាណទ្រង់ឲ្យចុះមក ឲ្យគង់នៅជាមួយយើង និងសណ្ឋិតក្នុងយើងម្នាក់ៗ(យ៉ូហាន ១៤:១៦-១៧)។ ក្រោយមក សាវ័កប៉ុលក៏បានបញ្ជាក់ផងដែរថា “តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា?”(១កូរិនថូស ៣:១៦)។

ចូរយើងមានចិត្តក្លាហានឡើង ទោះលោកិយនេះ ដែលមានពេញដោយភាពអស់សង្ឃឹម និងបញ្ហាយ៉ាងណាក៏ដោយ។ ព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់ក្នុងយើង ទ្រង់ផ្តល់ឲ្យយើងនូវសន្តិភាព និងការកម្សាន្តចិត្ត(យ៉ូហាន ១៤:២៦-២៧)។ តើអ្នកអរព្រះគុណទ្រង់ទេ ពេលដែលទ្រង់មិនទុកឲ្យអ្នកធ្វើដំណើរតែម្នាក់ឯង?–Bill Crowder