មានការជាច្រើន ដែលអ្នកអាចរៀនសូត្រពីអ្នកដទៃ តាមរយៈការដើរជាមួយពួកគេ ឆ្លងកាត់ពេលដ៏លំបាក។ នេះជាបទពិសោធន៍ដែលយើងខ្ញុំទទួលបាន ពេលដែលមិត្តភ័ក្ររបស់យើង គឺលោកសែម(Sam) កំពុងឆ្លងកាត់ជម្ងឺមហារីក ដោយមានអ្នកស្រីខារ៉ូល(Carol) រួមដំណើរជាមួយ ក្នុងដំណាក់កាលដ៏លំបាកនេះ។ យើងបានតាមដាន និងអធិស្ឋានឲ្យពួកគេ អស់រយៈពេលមួយឆ្នាំ នៅខណៈពេលដែលគាត់ទទួលការព្យាបាល និងការឈឺចុកចាប់។ ពេលដែលគាត់ហាក់ដូចជាបានឆ្លងផុតគ្រោះថ្នាក់ហើយ គ្រូពេទ្យក៏បានពិនិត្យឃើញថា ជម្ងឺមហារីកនៅមានក្នុងខ្លួនគាត់។
យើងពិតជាមានការខកចិត្តខ្លាំងណាស់។ លោកសែមត្រូវឆ្លងកាត់ការព្យាបាលមួយឆ្នាំទៀត ដែលមានការពិបាកមិនសូវខុសពីឆ្នាំមុនឡើយ ព្រោះគាត់ត្រូវឆ្លងកាត់ការចាក់ថ្នាំគីម៉ូ និងជម្ងឺ ព្រមទាំងផលប៉ះពាល់នៃជាតិថ្មាំ សារជាថ្មីទៀត។ ប៉ុន្តែ ពេលដែលការព្យាបាលនៅក្នុងខែបន្ទាប់ ជិតមកដល់ លោកសែមក៏បានប្រាប់យើងថា អ្វីដែលយើងគ្រប់គ្នាសុទ្ធតែអាចរៀនបាននោះគឺ “យើងត្រូវប្រាកដថា ពេលយើងកំពុងឆ្លងកាត់ការលំបាក យើងត្រូវថ្វាយសិរីល្អដល់ព្រះ ហើយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃ”។ សូមស្រម៉ៃអំពីការនេះចុះ! ពេលដែលគាត់ប្រឈមុខនឹងការឈឺចាប់ និងការលំបាករយៈពេលមួយឆ្នាំទៀត អ្វីដែលគាត់បានយកជាអាទិភាពនោះ គឺការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ក្នុងពេលឆ្លងកាត់ទុក្ខលំបាកទាំងអស់នោះ។ គាត់បានរង់ចាំ ពេលដែល “សិរីល្អរបស់ព្រះលេចមក”(១ពេត្រុស ៤:១៣)។ អ្នកស្រីខារ៉ូលបានសរសេរសំបុត្រទៅមិត្តភ័ក្ររបស់គាត់ថា “យើងបានឆ្លងកាត់ទុក្ខលំបាក អស់មួយឆ្នាំហើយ ប៉ុន្តែ ព្រះតែងតែកម្សាន្តចិត្តយើង ដោយសេចក្តីមេត្តា និងព្រះគុណរបស់ទ្រង់ជានិច្ច។ សូមកុំឲ្យយើងងាកមុខចេញពីទ្រង់ និងពីសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើងឡើយ”។
តើអ្នកមានទុក្ខធំដូចភ្នំឬ? អ្នកក៏អាចពឹងផ្អែកទៅលើព្រះគុណព្រះ ដើម្បីឆ្លងកាត់ទុក្ខលំបាកនោះ ដូចលោកសែម និងអ្នកស្រីខារ៉ូលផងដែរ។ ហើយចូរអធិស្ឋានសូមឲ្យព្រះជួយឲ្យអ្នកបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈការលំបាកនោះផងដែរ។–Dave Branon