ម៉ាទី(Martie) ភរិយារបស់ខ្ញុំ គឺជាអ្នកពូកែដើរផ្សា។ ពេលដែលនាងទិញទឹកដោះគោ នាងតែងតែអានអក្សរនៅលើផ្លាកសញ្ញា ដែលបញ្ជាក់ពីបរិម៉ាណនៃជីវជាតិ ដែលមានក្នុងទឹកដោះគោនោះ ហើយនាងបានស្វែងរកតម្លៃដែលសមរម្យបំផុត។ ប៉ុន្តែ ដែលពិសេសបំផុតនោះ គឺនាងពិនិត្យមើលកាលបរិឆ្ឆេទផុតកំណត់ប្រើប្រាស់។ ដូចនេះ នាងមិនចេះតែរើសយកទឹកដោះគោ ដែលនាងបានឃើញនោះឡើយ តែផ្ទុយទៅវិញ នាងស្វែងរកទឹកដោះគោណា ដែលមានកាលបរិច្ឆេទប្រើប្រាស់បានយូរជាងគេ ដើម្បីឲ្យនាងអាចយកទឹកដោះគោ ដែលស្រស់ជាងគេមកទុកក្នុងផ្ទះ។
យ៉ាងណាមិញ យើងក៏ត្រូវដឹងផងដែរថា ជីវិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែមានដាក់កាលបរិច្ឆេទកំណត់ពេលនៃជីវិត ប៉ុន្តែ គ្មាននរណាម្នាក់ដឹងអំពីពេលដែលខ្លួននឹងឈប់ដកដង្ហើម ឬពេលដែលបេះដូងរបស់ខ្លួននឹងឈប់លោតឡើយ។ ដោយសារនេះជាការពិតមែន តើយើងមិនត្រូវខិតខំឆក់យកឱកាសដែលព្រះបានប្រទាន ក្នុងកាលដែលយើងនៅមានជីវិតទេឬ? ការឆក់ឱកាស គឺមានន័យថា យើងស្រឡាញ់កាន់តែខ្លាំង អត់ទោសឲ្យអ្នកដទៃកាន់តែឆាប់រហ័ស ស្តាប់កាន់តែប្រុងប្រយ័ត្ន ហើយនិយាយពាក្យពិតកាន់តែច្រើន។
សាវ័កប៉ុលបានឲ្យយោបល់យើងថា “ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់”(អេភេសូរ ៥:១៥-១៦)។ គាត់ក៏បានបង្រៀនយើងឲ្យ “ដើរដូចមនុស្សភ្លឺ ឬកូននៃពន្លឺ ដោយលរមើលការអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យ”(ខ.៨-១០)។
ដោយសារយើងមិនដឹងអំពីកាលបរិច្ឆេទនៃចុងបញ្ចប់នៃជីវិតរបស់យើង នោះយើងគួរតែឆក់ឱកាសបំភ្លឺជីវិតយើង ដោយសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ នៅថ្ងៃនេះចុះ!–Joe Stowell