នៅពេលរសៀលថ្ងៃមួយ នារដូវរំហើយ ខ្ញុំបានបើកឡានកាត់ចំការមួយ ហើយក៏បានឃើញកសិករម្នាក់ចតគ្រឿងម៉ាស៊ីនធំៗមួយចំនួន នៅតាមចិញ្ចើមថ្នល់។ ខ្ញុំក៏បានឃើញមានផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមានផ្ទៃពណ៌លឿង និងមានអក្សរសរសេរពីលើថា “ការប្រមូលផលកំពុងដំណើរការ”។ គ្រាន់តែក្រលេកមើលចំការនោះតែបន្តិច ខ្ញុំក៏អាចដឹងភ្លាម ថាម្ចាស់ចំការនោះ បានយកអ្វីមកដាំកាលពីបួនប្រាំខែមុន គឺគាត់បានយកគ្រាប់ពោតតូចៗមកដាំ។ បានជាខ្ញុំអាចដឹងយ៉ាងដូចនេះ ព្រោះខ្ញុំឃើញគាត់កំពុងរៀប ចំបើកបរម៉ាស៊ីនច្រូតកាត់ដើមពោត ដែលកំពុងពេញផ្លែ ក្នុងផ្ទៃដីរាប់ហិចតា។
ថ្វីដ្បិតតែយើង សុទ្ធតែបានដឹងច្បាស់ហើយថា ផ្លែពោត គឺកើតចេញដើមពោត ដែលគេបានដាំ ប៉ុន្តែ ពេលខ្លះយើងមិនព្រមទទួលស្គាល់លទ្ធផល ដែលច្រូតកាត់បានពីការសាបព្រោះ ខាងឯវិញ្ញាណរបស់យើងឡើយ។ លោកសាវ័កប៉ុលចែងថា “កុំឲ្យច្រឡំឡើយ . . . ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី ៦:៧)។ ការរស់នៅដែលបំពេញសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម នាំឲ្យទទួលផលជាសេចក្តីពុករលួយ មានន័យថា យើងកំពុងចង់បានអ្វីដែលមិនមែនជារបស់ផងខ្លួន ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយថែមទាំងធ្វើការអាក្រក់ជាច្រើនទៀត(៥:១៩-២១)។ ការដើរតាមការដឹកនាំនៃព្រះវិញ្ញាណ នាំឲ្យបង្កើតផលជាសេចក្តីមេត្រីភាព សប្បុរស ហើយដឹងខ្នាត(៥:២២-២៣)។ ដោយសារព្រះគុណរបស់ព្រះ នោះយើងអាចសម្រេចចិត្ត“ព្រោះគ្រាប់ពូជខាងព្រះវិញ្ញាណ” រួចច្រូតបានជីវិតអស់កល្បជានិច្ច(៦:៨)។
ឧបមាថា ព្រះយេស៊ូវប្រកាសថា ថ្ងៃនេះជា “ថ្ងៃនៃចម្រូត” នៅក្នុងជីវិតរបស់យើង ហើយទ្រង់ឲ្យយើងប្រមូលផលដែលកើតចេញពីការសម្រេចចិត្ត ដែលយើងមានជាប្រចាំថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ តើយើងនឹងបង្ហាញផលផ្លែអ្វីខ្លះដល់ទ្រង់?—Jennifer Benson Schuldt