រៀងរាល់ពេលរដូវក្ដៅ មានអ្នកទស្សនារាប់ពាន់នាក់ នៃកម្មវិធី អរុណសួស្តី អាមេរិកាំង (Good Morning America) បាននាំគ្នាបោះឆ្នោតជ្រើសរើស “ទីកន្លែងស្អាតបំផុតនៅសហរដ្ឋអាមេរិក”។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ពេលដែលបានឮគេប្រកាសថា ទីកន្លែងស្អាតជាងគេ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១១ គឺឧទ្យានជាតិមាត់បឹងSleeping Bear Dunes ដែលស្ថិតនៅក្នុងរដ្ឋរបស់ខ្ញុំ គឺរដ្ឋមីឈីហ្គិន។ តាមពិតទៅ ខ្ញុំមិនដែលបានរំពឹងថា គេនឹងដាក់ចំណាត់ថ្នាក់លេខ១ ឲ្យឧទ្យានជាតិ ដែលមានទីតាំងនៅខាងក្រោយផ្ទះរបស់ខ្ញុំនោះទេ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញកាលដែលខ្ញុំ និងភរិយាខ្ញុំ គឺម៉ាទី(Martie) បានទៅលេងទឹកជ្រោះណៃអាការ៉ា(Niagara Falls)។ កាលនោះ បុរសម្នាក់ដែលនៅជិតនោះ បានសង្កេតមើលភាពរីករាយរបស់ភ្ញៀវទេសចរណ៍របស់យើង ហើយបាននិយាយលេងថា “វាគ្មាអ្វីអស្ចារ្យទេ។ ខ្ញុំឃើញទឹកជ្រោះហ្នឹងរាល់តែថ្ងៃ។”
យើងរាល់គ្នាងាយនឹងស៊ាំជាមួយនឹងអ្វីៗ ដែលនៅជុំវិញខ្លួនយើង ហើយងាយនឹងមានអារម្មណ៍ធម្មតា ចំពោះអ្វីយើងបានស្គាល់ហើយ ទោះទីកន្លែង ឬបទពិសោធន៍នោះ ធ្លាប់នាំមកនូវភាពរីករាយយ៉ាងណាក៏ដោយ។ ទោះបីជាសិរីល្អរបស់ព្រះ បានសម្តែងមកយ៉ាងច្បាស់នៅជុំរិញយើងក៏ដោយ ក៏ពេលខ្លះភាពមមាញឹកក្នុងការរស់នៅប្រចាំថ្ងៃ បានបាំងពីមុខយើង ធ្វើឲ្យយើងមើលមិនឃើញសិរីល្អរបស់ទ្រង់។ យើងទទួលយកផលប្រយោជន៍ ពីការអស្ចារ្យរបស់ទ្រង់ក្នុងជីវិតយើង ដោយមិនបានដឹងគុណទ្រង់។ យើងលែងមានការកោតស្ញប់ស្ញែង ចំពោះឈើឆ្កាងទ្រង់។ យើងបានភ្លេចថា យើងមានឯកសិទ្ធិធ្វើជាកូនរបស់ព្រះ។ យើងប្រែជាមិនមានអំណរ ពេលចូលព្រះវត្តមានទ្រង់ ហើយក៏មើលរំលងភាពស្រស់ស្អាត នៃស្នាព្រះហស្តរបស់ទ្រង់ទៀត។
អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើងបានថ្លែងថា “ទូលបង្គំនឹងរំពឹងគិត ពីឫទ្ធានុភាពដ៏រុងរឿងឧត្តម ហើយពីការអស្ចារ្យរបស់ទ្រង់”(ទំនុកដំកើង ១៤៥:៥)។ ដូចនេះ សូមឲ្យយើងចំណាយពេលនៅថ្ងៃនេះ ដើម្បីនឹងរំពឹងគិត ពី“ការអស្ចារ្យដែលព្រះទ្រង់បានធ្វើ” ហើយរំពៃមើលសិរីល្អទ្រង់ជាថ្មីម្តងទៀត! —Joe Stowell