រឿងរបស់អេលីសាបិត គឺជារឿងដែលធ្វើឲ្យប៉ះពាល់ចិត្តណាស់។ ក្រោយពីទទួលរងការប្រមាថយ៉ាងខ្លាំង នៅរដ្ឋម៉ាសាឈូសិត(Massachusetts) នាងក៏បានជិះឡានក្រុង ទៅកាន់រដ្ឋញូជើរស៊ី(New Jersey) ដើម្បីគេចពីភាពអាម៉ាសរបស់នាង។ នាងចេះតែយំខ្សឹកខ្សួលមិនឈប់សោះ បានជានាងស្ទើរតែមិនដឹងថាឡានក្រុងបានឈប់ នៅតាមចំណតតាមផ្លូវទេ។ មានអ្នកដំណើរម្នាក់អង្គុយពីក្រោយនាង ដែលមិនធ្លាប់ស្គាល់គ្នាសោះ បានងើបចេញពីកៅអី បម្រុងនឹងចុះពីឡានក្រុង តែគាត់ក៏បានឈប់ ហើយបែរក្រោយ រួចដើរមកកាន់អេលីសាបិត។ គាត់បានឃើញនាងកំពុងសម្រក់ទឹកភ្នែក ហើយក៏បានហុចព្រះគម្ពីររបស់ខ្លួនទៅនាង ដោយប្រាប់នាងថា នាងប្រហែលជាត្រូវការព្រះគម្ពីរមួយក្បាលនោះ។ គាត់គិតត្រូវ ព្រោះនាងមិនត្រឹមតែត្រូវការព្រះគម្ពីរប៉ុណ្ណោះទេ តែនាងថែមទាំងត្រូវការព្រះគ្រីស្ទ ដែលមានចែងក្នុងព្រះគម្ពីរផងដែរ។ អេលីសាបិតក៏បានទទួលជឿទ្រង់ ដោយសារតែបុរសម្នាក់ដែលមិនស្គាល់គ្នា បានបង្ហាញចេញនូវចិត្តក្តួលអាណិត តាមរយៈការជូនអំណោយដល់នាង។
ព្រះយេស៊ូវជាគំរូនៃការមានចិត្តក្តួលអាណិត ដែលយើងត្រូវយកតម្រាប់តាម។ បទគម្ពីរម៉ាថាយ ជំពូក៩ បានចែងថា “កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល”(ខ.៣៦)។ ព្រះអម្ចាស់មិនគ្រាន់តែបានកត់សំគាល់ អំពីទុក្ខលំបាក និងការឈឺចាប់របស់មនុស្សដែលខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងបានឆ្លើយតប ចំពោះបញ្ហានេះ ដោយបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានទូលសូមឲ្យព្រះវរបិតាចាត់អ្នកបម្រើទ្រង់ ឲ្យទៅឆ្លើយតបចំពោះការឈឺចាប់ និងសេចក្តីត្រូវការរបស់លោកិយ ដែលកំពុងវិនាស(ខ.៣៨)។
ខណៈពេលដែលយើងយកតម្រាប់តាមព្រះគ្រីស្ទ នោះការមានចិត្តក្តួលអាណិតដល់មនុស្ស ដែលដូចជាចៀមឥតមានអ្នកគង្វាល អាចជំរុញឲ្យយើងនាំអ្នកដទៃ ឲ្យមានជីវិតផ្លាសប្រែ។ —Bill Crowder