ខណៈពេលដែលខ្ញុំហៀបនឹងបទស្តាំ នៅចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយ មានរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង បានលេចចេញពីលើផ្លូវទួលមក ដោយល្បឿនយ៉ាងលឿន ឆ្ពោះមករកទិសដៅរបស់ខ្ញុំ។ អ្នកបើកបររថយន្តដែលនៅពីក្រោយខ្ញុំបានចុចស៊ីផ្លេ បង្ខំឲ្យខ្ញុំបើកកាត់ផ្លូវប្រសព្វនោះ។ ពេលនោះ ខ្ញុំដឹងថា រថយន្តសង្រ្គោះបន្ទាន់ មិនទំនងជាឈប់ទេ ដូចនេះ បើខ្ញុំហ៊ានបទស្តាំ គ្រោះថ្នាក់នឹងកើតមានជាមិនខាន។ ហេតុនេះហើយ បានជាខ្ញុំនៅតែបន្តជាន់ហ្វ្រាំងជាប់ មិនព្រមទៅមុខទៀត។
តាមន័យធៀបខាងឯវិញ្ញាណវិញ យើងក៏ចាំបាច់ត្រូវ“ប្រកាន់គោលជំហររបស់យើង” ហើយនៅតែស្មោះត្រង់ចំពោះព្រះជានិច្ច ទោះបីទទួលរងសំពាធពីអ្នកដទៃយ៉ាងណាក៏ដោយ។ ស្តេចសាឡូម៉ូនបានរៀនប្តេជ្ញាចិត្តយ៉ាងដូចនេះ ដោយឆ្លងកាត់ការលំបាកជាច្រើន។ ទ្រង់បានចាប់ផ្តើមគ្រងរាជ្យ ដោយសូមប្រាជ្ញាពីព្រះ(១ពង្សាវតារក្សត្រ ៣:៩) ហើយការអធិស្ឋានរបស់ទ្រង់ នៅឯពិធីថ្វាយព្រះវិហារដល់ព្រះ បានបង្ហាញឲ្យឃើញភាពស្មោះត្រង់របស់ទ្រង់(៨:២៣,៦១)។ ប៉ុន្តែ ក្រោយមក ការប្តេជ្ញាចិត្តរបស់ទ្រង់ក៏លែងមានទៀត។ ទ្រង់បានរៀបអភិសេកជាមួយស្រ្តីសាសន៍ដទៃជាច្រើន ហើយស្រ្តីទាំងនោះក៏បាននាំឲ្យទ្រង់ថ្វាយបង្គំព្រះដទៃ។ ដល់គ្រាចុងក្រោយនៃព្រះជន្មរបស់ទ្រង់ នោះទ្រង់ក៏លែងមាន “ព្រះទ័យស្មោះត្រង់ចំពោះព្រះអម្ចាស់ទៀត”(១១:១-៦ នេហេមា ១៣:២៦)។
សព្វថ្ងៃនេះ ក៏អាចមានមនុស្សដែលជំរុញឲ្យយើង លែងមានភាពស្មោះត្រង់ ចំពោះព្រះ និងសេចក្តីពិតរបស់ទ្រង់ផងដែរ គឺមិនខុសពីសម័យមុនទេ។ ប៉ុន្តែ ដោយមានជំនួយមកពីព្រះ នោះយើងអាចប្រកាន់ជាប់តាមព្រះបន្ទូលនៃជីវិត(ភីលីព ២:១៦)។ បើអ្នកមានអារម្មណ៍ថា កំពុងទទួលរងសំពាធឲ្យឈានចូល ទៅក្នុងចំណុចប្រសព្វនៃជំនឿសាសនាដ៏គ្រោះថ្នាក់ នោះចូរសិក្សាព្រះបន្ទូលព្រះ ពាក់គ្រឿងសឹករបស់ទ្រង់(អេភេសូរ ៦:១០-១៨) ហើយទូលសូមជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ(១កូរិនថូស ២:១០-១២) រួចឈរឲ្យមាំមួនជាមួយនឹងបងប្អូនរួមជំនឿ ក្នុងព្រះគ្រីស្ទចុះ។ —Jennifer Benson schuldt