ជាច្រើនឆ្នាំកន្លងទៅ កាលខ្ញុំធ្វើការជាអ្នកគ្រប់គ្រងធនធានមនុស្ស ក្នុងក្រុមហ៊ុនមួយ ខ្ញុំបានចូលរួមពិធីបុណ្យសពរបស់បុគ្គលិកម្នាក់ ដែលបានធ្វើការក្នុងក្រុមហ៊ុនអស់ពេលជាយូរមកហើយ តែខ្ញុំមិនដែលបានជួបគាត់សោះ។ បន្ទាប់មក ខ្ញុំក៏បានទៅសួរសុខទុក្ខគ្រួសារគាត់ ជាមួយបុគ្គលិកផ្សេងទៀត។ គាត់ជាកម្មករសំណង់ ដែលមានជំនាញផ្នែករៀបឥដ្ឋ។ មិត្តរួមការងាររបស់គាត់ស្រឡាញ់គាត់ តែមានពួកគេតិចណាស់ ដែលបានទៅសួរសុខទុក្ខភរិយារបស់គាត់ បន្ទាប់ពីគាត់បានលាចាកលោកទៅ។ ពេលនោះ ខ្ញុំបានស្តាប់មិត្តភ័ក្ររបស់គាត់ម្នាក់ កំពុងព្យាយាមកម្សាន្តចិត្តភរិយាគាត់ថា មានមនុស្សជាច្រើនមិនបានមកសួរសុខទុក្ខ ដោយសារពួកគេខ្លាចនិយាយខុស ឬធ្វើអ្វីខុស ដែលធ្វើឲ្យគ្រួសារនាងកាន់តែមានទុក្ខវេទនា។
ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដែលមានទុក្ខជាទម្ងន់ អ្នកដែលកាន់ទុក្ខ កម្រនឹងចាំពាក្យអ្វី ដែលយើងនិយាយប្រាប់ពួកគេណាស់។ អ្វីដែលពួកគេចាំបំផុតនោះ គឺចាំថា យើងបានមកសួរសុខទុក្ខពួកគេឬអត់។ ការបង្ហាញមុខ ដល់អ្នកដែលមានទុក្ខលំបាក អាចនាំឲ្យពួកគេមានកម្លាំងចិត្ត ហួសបរិយ៉ាយ ដោយវត្តមានរបស់យើង ផ្តល់ឲ្យនូវការកម្សាន្តចិត្ត សម្រាប់អារម្មណ៍ឯកកោ ដែលពួកគេមាន ពេលបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។
យើងរាល់គ្នាសុទ្ធតែអាច ផ្តល់ឲ្យនូវ “អំណាយនៃវត្តមាន” ដល់អ្នកដែលកំពុងកាន់ទុក្ខ ដោយយ៉ាងហោចណាស់ យើងមានមុខ នៅក្នុងពេលដែលពួកគេកំពុងមានទុក្ខជាទម្ងន់នោះ ទោះបីជាយើងរឹងអណ្តាត មិនដឹងថា ត្រូវនិយាយអ្វីទៅកាន់ពួកគេ ឬកំពុងមានអារម្មណ៍មិនស្រួលយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ នាងម៉ាថា និងម៉ារា ត្រូវបានហុំព័ទ្ធ ដោយញាតិមិត្ត ដែលមកជួយរំលែកទុក្ខពួកនាង ពេលដែលឡាសា ប្អូនប្រុសរបស់នាងស្លាប់(យ៉ូហាន ១១:១៩)។ បន្ទាប់មក ព្រះយេស៊ូវក៏បានយាងមក ហើយព្រះកន្សែងជាមួយពួកគេដែរ ដែលពេលនោះ ពួកគេពិតជាចង់ឃើញព្រះអង្គមានវត្តមាន នៅថ្ងៃនោះណាស់(ខ.៣៣-៣៥)។ បានជាពួកបណ្តាជននិយាយថា “មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎!”(ខ.៣៦)។
ទោះយើងមានការបាត់បង់អ្វីក៏ដោយ ក៏ព្រះយេស៊ូវទ្រង់តែងតែប្រទាននូវព្រះវត្តមាន ដែលកម្សាន្តចិត្ត ដល់យើងជានិច្ច ហើយយើងក៏អាចបង្ហាញ ឲ្យគេឃើញព្រះទ័យក្តួលអាណិតរបស់ព្រះអង្គ ដោយគ្រាន់តែផ្តល់ឲ្យគេ នូវអំណោយនៃវត្តមានរបស់យើង។—Randy Kilgore