លោកឆាក់ ខូលសុន(Chuck Colson) ដែលជាស្ថាបនិកនៃអង្គការសម្ព័ន្ធមេត្រីភាព ពន្ធធនាគារ បានចំណាយពេល៤០ឆ្នាំ ក្នុងការនាំមនុស្សជាច្រើន ឲ្យមានឱកាសឮ និងយល់អំពីដំណឹងល្អ នៃព្រះអម្ចាស់ យេស៊ូវគ្រីស្ទ។ ពេលដែលគាត់លាចាកលោក ក្នុងខែមេសា ឆ្នាំ២០១២ មានកាសែតក្នុងស្រុកមួយ បែរជាបានចេញផ្សាយពត៌មាន ដោយដាក់ចំណងជើងទំព័រមុខគេថា “លោកឆាល ខូលសុន ដែលជាអ្នកនយោបាយដ៏ពិសពល របស់លោកប្រធានធិបតី និកសុន(Nixon) បានទទួលមរណៈភាព ក្នុងជន្នាយុ៨០ឆ្នាំ”។
រឿងនេះហាក់ដូចជាគួរឲ្យភ្ញាក់ផ្អើលណាស់ ពេលដែលបុរសម្នាក់ដែលមានការផ្លាស់ប្រែយ៉ាងខ្លាំង ដោយសារសេចក្តីជំនឿលើព្រះហើយ នៅតែត្រូវគេរាប់ជាមនុស្សអាក្រក់ ដោយសារកំហុសផ្នែកនយោបាយដែលគាត់បានធ្វើ ពេលគាត់ធ្វើការ ជាជំនួយការប្រធានាធិបតី កាលពីទសវត្សរ៍មុន គឺមុនពេលដែលគាត់បានទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ។
យ៉ាងណាមិញ ពេលសាវ័កប៉ុលទើបតែផ្លាស់ប្រែជំនឿមកជាគ្រីស្ទបរិស័ទ ហើយដើរធ្វើបន្ទាល់ថ្វាយព្រះ មានមនុស្សជាច្រើន នៅតែមានការសង្ស័យ និងការភ័យខ្លាចចំពោះគាត់។ ពេលគាត់ចាប់ផ្តើមចែកចាយថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ពួកបណ្តាជនក៏បាននិយាយថា “តើមិនមែនអ្នកនេះទេឬអី ដែលបំផ្លាញពួកអ្នកអំពាវនាវដល់ព្រះនាមនោះ នៅក្រុងយេរូសាឡិម ហើយគាត់បានមកទីនេះ ដើម្បីនឹងចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជដែរ?”(កិច្ចការ ៩:២១) ក្រោយមក ពេលដែលសាវ័កប៉ុលទៅក្រុងយេរូសាឡិម ហើយព្យាយាមចូលរួមជាមួយពួកសាវ័ក ពួកគេមានការភ័យខ្លាចចំពោះគាត់(ខ.២៦)។ ជាច្រើនឆ្នាំក្រោយមក សាវ័កប៉ុលមិនដែលព្រងើយកន្តើយ ចំពោះអតីតកាលរបស់គាត់ទេ តែគាត់បានប្រាប់គេថា អតីតកាលរបស់គាត់ ជាភស្តុតាងបង្ហាញថា ព្រះមានសេចក្តីមេត្តាករុណាចំពោះគាត់(១ធីម៉ូថេ ១:១៣-១៤)។
ដូចនេះ យើងក៏មិនចាំបាច់ត្រូវបារម្ភអំពីកំហុសដែលយើងធ្លាប់មានកាលពីមុន ឬព្យាយាមលាក់បាំងកំហុសទាំងនោះឡើយ។ ផ្ទុយទៅវិញ យើងអាចអរព្រះគុណព្រះអម្ចាស់ ដែលបានអត់ទោសឲ្យអតីតកាលរបស់យើង ហើយកែប្រែពេលបច្ចុប្បន្នរបស់យើង ព្រមទាំងធ្វើឲ្យអនាគតរបស់យើង មានភាពភ្លឺស្វាង ដោយសេចក្តីសង្ឃឹម ដែលព្រះអង្គបានត្រៀមទុកឲ្យយើង ដោយព្រះគុណ និងព្រះចេស្តារបស់ព្រះអង្គ។—David McCasland