ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានឲ្យសិស្សថ្នាក់ទី៥ ត្រៀមសំណួរជាច្រើន សម្រាប់សួរព្រះយេស៊ូវ ដោយឧបមាថា បើព្រះអង្គបង្ហាញព្រះអង្គទ្រង់ ដល់ពួកគេម្នាក់ៗ ក្នុងសប្តាហ៍ក្រោយ តើពួកគេនឹងមានសំណួរអ្វីខ្លះ? ខ្ញុំក៏បានប្រាប់មនុស្សពេញវ័យមួយក្រុម ឲ្យត្រៀមសំណួរដូចនោះផងដែរ។ ក្រោយមក ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា សំណួររបស់មនុស្សទាំងពីរក្រុមនោះ ពិតជាខុសគ្នាឆ្ងាយណាស់។ សំណួររបស់ក្មេងៗ មានចាប់តាំងពីសំណួរដែលគួរឲ្យចង់ស្តាប់ រហូតដល់សំណួរដ៏សោកសៅ ដែលមានដូចជា : “ពេលដែលយើងបាននៅនគរស្ថានសួគ៌ តើយើងនឹងបានស្លៀករូបពណ៌សរ ហើយអង្គុយច្រៀងសរសើរដំកើង ពេញមួយថ្ងៃឬទេ?” តើទូលបង្គំនឹងបានជួបកូនឆ្កែរបស់ទូលបង្គំ នៅស្ថានសួគ៌ឬទេ? តើលោកណូអេ បានដាក់សត្វត្រីបាឡែននៅខាងក្នុង ឬនៅខាងក្រៅទូក? តើតារបស់ទូលបង្គំដែលកំពុងនៅស្ថានសួគ៌ សុខសប្បាយជាទេ? បន្ទាប់ពីបានអានសំណួររបស់ក្មេងៗទាំងនោះហើយ ខ្ញុំក៏បានសន្និដ្ឋានថា ពួកគេបានចោទសួរសំណួរ ដោយមិនបានសង្ស័យឡើយថា នគរស្ថានសួគ៌មានពិតមែនឬអត់ ឬសង្ស័យថា ព្រះពិតជាបានធ្វើការអស្ចារ្យមែនឬអត់។ តែមនុស្សធំវិញបានសួរនូវសំណួរ ខុសពីក្មេងៗទាំងស្រុងថា : “ហេតុអ្វីបានជាការអាក្រក់កើតឡើង ចំពោះមនុស្សល្អ? តើធ្វើដូចម្តេច ឲ្យទូលបង្គំអាចដឹងច្បាស់ថា ព្រះអង្គពិតជាស្តាប់ការអធិស្ឋានរបស់ខ្ញុំមែន? ហេតុអ្វីបានជាមានផ្លូវតែមួយ ទៅកាន់នគរស្ថានសួគ៌? ហេតុអ្វីបានជាព្រះដែលមានក្តីស្រឡាញ់ អនុញ្ញាតឲ្យសោកនាដកម្មនេះកើតឡើង ចំពោះទូលបង្គំ?”
ជីវិតរបស់ក្មេងៗ ច្រើនតែរស់នៅ ដោយគ្មានការរំខានពីការខ្វល់ខ្វាយ និងទុក្ខព្រួយ ដែលមនុស្សធំច្រើនតែមាន ជាបន្ទុកក្នុងការរស់នៅ។ ដូចនេះ ជំនឿរបស់ពួកគេនាំឲ្យពួកគេ ងាយនឹងទុកចិត្តព្រះជាង។ ខណៈពេលដែលយើងដែលជាមនុស្សធំ ច្រើនតែវង្វេងចេញ ដោយសារការលំបាក និងទុក្ខព្រួយ ចំណែកក្មេងៗវិញ ពួកគេមានជំនឿ ដូចដែលមានចែងក្នុងព្រះគម្ពីរទំនុកដំកើង ជាជំនឿដែលសម្លឹងឆ្ពោះទៅរកពេលដ៏អស់កល្បជានិច្ច ដែលមើលឃើញភាពធំប្រសើររបស់ព្រះ(ទំនុកដំកើង ៨:១-២)។
យើងអាចទុកចិត្តលើព្រះបាន ហើយព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងទុកចិត្តព្រះអង្គ ដូចក្មេងៗដែរ(ម៉ាថាយ ១៨:៣)។—Randy Kilgore