អ្នកស្រីឡរ៉ា ប្រ៊ូក(Laura Brooks) មានអាយុ៥២ឆ្នាំ និងមានកូនពីរនាក់។ គាត់មិនបានដឹងខ្លួនសោះថា គេបានរាប់បញ្ចូលឈ្មោះគាត់ ក្នុងចំណោមមនុស្ស១ម៉ឺន៤ពាន់នាក់ ដែលគេបានច្រឡំរាប់បញ្ចូលឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកស្លាប់ ក្នុងទិន្នន័យរបស់រដ្ឋាភិបាល នៅឆ្នាំ២០១១។ គាត់ឆ្ងល់ថា ហេតុអ្វីបានជាគេឈប់ផ្ញើសែកសម្រាប់ជនពិការ ឲ្យគាត់ទៀត ហើយគេក៏លែងទទួលប្រាក់សំណង និងថ្លៃឈ្នួលផ្ទះពីគាត់ទៀត។ គាត់ក៏បានទៅធនាគា ដើម្បីសាកសួរអំពីរឿងនេះ តែអ្នកដំណាងរបស់ធនាគាបានប្រាប់គាត់ថា គេបានបិទគណនីយរបស់គាត់ ព្រោះគេបានទទួលដំណឹងថា គាត់បានស្លាប់ហើយ។ ជាការពិតណាស់ នេះជាការយល់ច្រឡំរបស់ពួកគេ។
យ៉ាងណាមិញ សាវ័កប៉ុលមិនមានការយល់ច្រឡំទេ ពេលដែលគាត់មានប្រសាសន៍ថា អ្នកជឿព្រះនៅក្រុងអេភេសូរធ្លាប់ស្លាប់ម្តងមកហើយ គឺស្លាប់ខាងវិញ្ញាណ។ ពួកគេបានស្លាប់ខាងវិញ្ញាណ ព្រោះពួកគេបានដាច់ចេញពីព្រះ ដោយធ្វើជាទាសករនៃអំពើបាប(អេភេសូរ ២:៥) ហើយមានទោស នៅក្រោមសេចក្តីក្រោធរបស់ព្រះ។ ដូចនេះ ពួកគេគ្មានសង្ឃឹមអ្វីឡើយ!
តែព្រះបានប្រទានដំណោះស្រាយសម្រាប់បញ្ហានេះ ដើម្បីពួកគេ ក៏ដូចជាដើម្បីយើងរាល់គ្នា ដោយសេចក្តីស្រឡាញ់។ ព្រះដែលមានព្រះជន្មរស់ ដែលប្រទានជីវិតដល់មនុស្សស្លាប់(រ៉ូម ៤:១៧) បានចាក់បង្ហូរសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ ដោយចាត់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជារាជបុត្រាព្រះអង្គ ឲ្យយាងចុះមកផែនដី។ យើងមានជីវិតឡើងវិញ តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ(អេភេសូរ ២:៤-៥)។
ពេលដែលយើងជឿថា ព្រះយេស៊ូវពិតជាបានសុគត ហើយមានព្រះជន្មឡើងវិញមែន នោះយើងក៏បានផ្លាស់ពីស្លាប់ មកមានជីវិត។ ពេលនេះ យើងរស់នៅ ដើម្បីអរសប្បាយនឹងសេចក្តីល្អរបស់ព្រះអង្គ!-Marvin Williams