មានពេលមួយ មិត្តភ័ក្តរបស់ខ្ញុំម្នាក់ ដែលជាគ្រូបង្រៀនសាលាមត្តេយ្យ បានស្តាប់ឮសិស្សរបស់គាត់ជជែកគ្នាយ៉ាងអ៊ូអរ។ ម៉ារា(Maria)ដែលជាក្មេងស្រីតូច បានសួរគេថា “នរណាខ្លះស្រឡាញ់ព្រះ?” ក្មេងទាំងអស់ដែលនៅទីនោះសុទ្ធតែឆ្លើយថា “ខ្ញុំ! ខ្ញុំ!” ហើយប៊ីលី(Billy)ក៏បាននិយាយថា “ខ្ញុំស្រឡាញ់ព្រះយេស៊ូវ” តែឃែលី(Kelly) ក៏បានប្រកែកថា “តែព្រះអង្គបានសុគតហើយ”។ ប៊ីលីក៏តបថា “បាទ ព្រះអង្គសុគតមែន តែព្រះអង្គតែងតែមានព្រះជន្មឡើងវិញ នៅរៀងរាល់ថ្ងៃបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ!”
ការនេះបានបញ្ជាក់ច្បាស់ថា ប៊ីលី មិនទាន់មានការយល់ដឹងច្បាស់ អំពីអត្ថន័យនៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញទេ។ យើងដឹងថា ព្រះយេស៊ូវបានសុគត មួយដងជាសម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជាការពិតណាស់ ព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញ តែមួយដងផងដែរ។ ព្រះយេស៊ូវគ្មានបាបទេ តែព្រះអង្គបានទទួលទោស នៃអំពើបាបរបស់យើង នៅលើឈើឆ្កាង ហើយបីថ្ងៃក្រោយមក ព្រះអង្គក៏បានឈ្នះសេចក្តីស្លាប់ ដោយមានព្រះជន្មឡើងវិញ ហើយវាយបំបាក់អំណាចនៃសេចក្តីស្លាប់។ គឺដោយសារការលះបង់ព្រះលោហិតជាចុងក្រោយ ជាដង្វាយលោះបាបនេះហើយ ដែលបានបើកផ្លូវតែមួយ សម្រាប់ឲ្យយើងមានទំនាក់ទំនងជាមួយព្រះ ក្នុងពេលសព្វថ្ងៃ និងបាននៅក្នុងគ្រួសារតែមួយ ជាមួយព្រះអង្គ ជារៀងរហូត។
គឺដូចដែលមានសេចក្តីចែងមកថា “ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា … ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ”(១កូរិនថូស ១៥:៣-៤)។ ព្រះអង្គបានសន្យាថា ព្រះអង្គកំពុងរៀបចំកន្លែងឲ្យយើង(យ៉ូហាន ១៤:១-៤) ហើយនៅថ្ងៃណាមួយ ព្រះអង្គនឹងយាងត្រឡប់មកវិញ។ ថ្ងៃមួយ យើងនឹងបាននៅជាមួយព្រះសង្រ្គោះនៃយើង ដែលបានមានព្រះជន្មឡើងវិញ។
ហេតុនេះហើយបានជា ជារៀងរាល់ឆ្នាំ ក្នុងពេលបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ក៏ដូចជារៀងរាល់ថ្ងៃ យើងមានហេតុនឹងអបអរសាទរ ចំពោះការមានព្រះជន្មឡើងវិញ នៃព្រះសង្រ្គោះនៃយើង។ “ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា សេចក្តីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច”(ទំនុកដំកើង ៣៤:១)។-Cindy Hess Kasper