មានមនុស្សជាច្រើនមានការយល់ច្រឡំថា ពាក្យស្លូតត្រង់ គឺមានន័យដូចពាក្យ ទន់ខ្សោយ ហើយគេក៏បានប្រើពាក្យទាំងពីរច្របល់ចូលគ្នា តាំងពីយូរមកហើយ។ ទន្ទឹមនឹងនោះ មានអ្នកខ្លះយល់ថា មនុស្សស្លូតត្រង់ ជាមនុស្សដែល “ចុះចូលខ្លាំងពេក ងាយឲ្យគេបង្ខំ កម្សាក ឬខ្វះភាពរស់រវើក”។ ការនេះបាននាំឲ្យអ្នកខ្លះសួរថា ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក”(ម៉ាថាយ ៥:៥)។
អ្នកប្រាជ្ញជនជាតិក្រិក ឈ្មោះ ដាប់ប៊លយ៉ូ អ៊ី វ៉ាញ(W. E. Vine) បានមានប្រសាសន៍ថា ភាពស្លូតត្រង់ ដែលមានចែងក្នុងព្រះគម្ពីរ ជាចរិយ៉ាសម្បត្តិ ដែលយើងមានចំពោះព្រះ “ដោយយើងទទួលស្គាល់ថា ព្រះអង្គប្រព្រឹត្តល្អចំពោះយើង ដោយយើងមិនប្រកែក ឬប្រឆាំងនឹងព្រះអង្គ”។
យើងឃើញថា ព្រះយេស៊ូវជាអ្នកស្លូតត្រង់ ដោយព្រះអង្គសប្បាយព្រះទ័យ នៅក្នុងការធ្វើតាមបំណងព្រះទ័យព្រះវរបិតា។ លោកវ៉ាញក៏បានមានប្រសាសន៍ទៀតថា “ភាពស្លូតត្រង់ ដែលព្រះអម្ចាស់បានបង្ហាញចេញមក និងបានបង្គាប់ដល់គ្រីស្ទបរិស័ទ គឺជាផលផ្លែនៃអំណាចចេស្តារបស់ព្រះអង្គ។ … ព្រះអង្គមានភាពស្លូតត្រង់ ព្រោះព្រះអង្គមានប្រភពនៃអំណាចដែលគ្មានកំណត់របស់ព្រះ”។ ព្រះអង្គអាចបង្គាប់ឲ្យពួកទេវតា ចុះមករារាំងមិនឲ្យគេឆ្កាងព្រះអង្គក៏បាន។
ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមព្រះអង្គ ដែលនឿយព្រួយ និងមានបន្ទុកថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង”(ម៉ាថាយ ១១:២៩)។ ព្រះអង្គជាគំរូដ៏ល្អឥតខ្ចោះ នៃភាពស្លូតត្រង់។
ពេលដែលយើងអស់កម្លាំង និងមានបញ្ហា ព្រះយេស៊ូវបានអញ្ជើញយើង ឲ្យស្វែងរកសន្តិភាព នៅក្នុងការទុកចិត្តព្រះអង្គ ដោយភាពស្លូតត្រង់។-David McCasland