មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានសរសេរសំបុត្រមួយច្បាប់ ទុកឲ្យកូនរបស់គាត់ ដែលទើបតែកើតសម្រាប់ឲ្យគាត់អាន ពេលគាត់ធំឡើង។ ក្នុងសំបុត្រនោះ គាត់បានសរសេរថា “កូនប្រុស ជាទីស្រឡាញ់របស់ប៉ា ប៉ានិងម៉ាក់ចង់ឲ្យកូនរកឃើញពន្លឺ និងផ្តោតទៅលើពន្លឺនោះ។ កូនមានឈ្មោះ ស៊ីន សន(Xin Xuan)។ ស៊ីនមានន័យថា ភាពស្មោះត្រង់ ការស្កប់ចិត្ត និងភាពត្រឹមត្រូវ ហើយសន មានន័យថា ភាពកក់ក្តៅ និងពន្លឺ”។ គាត់និងភរិយារបស់គាត់ បានជ្រើសរើសឈ្មោះមួយនេះ យ៉ាងប្រុងប្រយ័ត្ន ដោយសង្ឃឹមថា កូនប្រុសរបស់ខ្លួននឹងបានល្អដូចឈ្មោះនោះដែរ។
យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវដាក់ឈ្មោះថ្មីឲ្យលោកស៊ីម៉ូនថា ពេត្រុស ឬកេផាស(យ៉ូហាន ១:៤២) ព្រះអង្គមិនមែនចេះតែរើសឈ្មោះឲ្យគាត់ព្រាវៗនោះឡើយ។ ពេត្រុសមានន័យថា “ថ្ម”។ ប៉ុន្តែ ទាល់តែមួយរយៈពេលក្រោយមក ទើបគាត់មានភាពរឹងមាំដូចឈ្មោះនោះ។ តាមព្រះគម្ពីរ យើងដឹងថា លោកពេត្រុសមានប្រវត្តិជាអ្នកនេសាទត្រី ដែលជាមនុស្សឆេវឆាវ។ គាត់ធ្លាប់ប្រកែកជាមួយព្រះយេស៊ូវ(ម៉ាថាយ ១៦:២២-២៣) ហើយបានដកដាវកាប់គេ(យ៉ូហាន ១៨:១០-១១) ហើយថែមទាំងបានបដិសេធថា មិនស្គាល់ព្រះអង្គទៀត(ខ.១៥-២៧)។ ប៉ុន្តែ ក្នុងព្រះគម្ពីរកិច្ចការ យើងឃើញថា ព្រះបានធ្វើការក្នុងជីវិតគាត់ ហើយបានបង្កើតពួកជំនុំតាមរយៈគាត់ទៀតផង។ ដូចនេះលោកពេត្រុស ពិតជាបានក្លាយជាមនុស្ស ដែលរឹងមាំដូចថ្មមែន។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ អ្នកក៏អាចមានការផ្លាស់ប្រែ ទៅជាមនុស្សដែលមានអត្តសញ្ញាណថ្មីផងដែរ គឺមិនខុសពីលោកពេត្រុសឡើយ។ បទគម្ពីរកិច្ចការ ១១:២៦ បានចែងថា “គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង”។ ពាក្យថា“គ្រីស្ទាន” គឺជាឈ្មោះ ដែលមានន័យថា “អ្នកដើរតាមព្រះគ្រីស្ទ”។ សព្វថ្ងៃនេះ អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទហើយ។ ឈ្មោះនេះជាការលើកកម្ពស់អត្ថសញ្ញាណរបស់យើង ហើយត្រាស់ហៅយើង ឲ្យក្លាយជាមនុស្សថ្មី។ ព្រះស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចកិច្ចការរបស់ព្រះអង្គ ក្នុងជីវិតយើង(ភីលីព ១:៦)។-Poh Fang Chia