ថ្ងៃមួយ ខេធី(Katie) ចៅស្រីរបស់ខ្ញុំ ដែលមានអាយុ៣ឆ្នាំ បានធ្វើឲ្យឪពុកម្តាយរបស់នាងមានការភ្ញាក់ផ្អើល ដោយសារពាក្យសម្តី ដែលមានលក្ខណៈទេវសាស្រ្តបន្តិចបន្តួច។ នាងបានប្រាប់ពួកគាត់ថា “ម៉ាក់និងប៉ាមានប្អូនស្រី ពួកគាត់បានស្លាប់ហើយ។ ហើយព្រះអង្គក៏បាននាំពួកគាត់ ទៅស្ថានសួគ៌ ទៅនៅជាមួយព្រះអង្គ។ ព្រះអង្គពិតជាអស្ចារ្យណាស់!”
អំណាចចេស្តាដ៏អស្ចារ្យរបស់ព្រះ ជាអាថ៌កំបាំង តែមានលក្ខណៈសាមញ្ញល្មមនឹងឲ្យក្មេងតូចម្នាក់យល់បាន។ ក្នុងគំនិតដ៏ក្មេងខ្ចីរបស់ខេធី នាងអាចដឹងថា ព្រះអង្គប្រាកដជាមានអំណាចចេស្តា ព្រោះព្រះអង្គអាចធ្វើនូវការអស្ចារ្យយ៉ាងនោះបាន។ នាងមិនបានយល់អំពីអំណាចចេស្តារបស់ព្រះបានទាំងស្រុងទេ តែនាងបានដឹងថា ព្រះបានធ្វើការដ៏អស្ចារ្យ ដោយនាំម្តាយមីងទាំងពីរនាក់របស់នាង ទៅនៅនគរស្ថានសួគ៌។
តើមានពេលប៉ុន្មានដងហើយ ដែលយើងអង្គុយចុះ ក្នុងពិភពលោកសព្វថ្ងៃ ដែលកាន់តែមានភាពជឿលឿន ហើយមានចិត្តស្ងើចសរសើរព្រះថា “ព្រះអង្គពិតជាអស្ចារ្យណាស់”។ យើងប្រហែលជាមិនបានធ្វើដូចនេះ ញឹកញាប់ទេ។ យើងដឹងថា ព្រះបង្កើតពិភពលោកមក ដោយប្រើព្រះបន្ទូលព្រះអង្គ តែមិនដឹងថា ព្រះអង្គប្រើព្រះបន្ទូលដោយរបៀបណាទេ(យ៉ូប ៣៨-៣៩ ទំនុកដំកើង ៣៣:៩ ហេព្រើ ១១:៣) ហើយយើងក៏មិនអាចដឹងពីរបៀបដែលព្រះអង្គបានគ្រប់គ្រងពិភពលោកដែរ(នេហេមា ៩:៦)។ យើងមិនអាចដឹងពីរបៀបដែលព្រះអង្គបានរៀបផែនការ និងសម្រេចសេចក្តីទំនាយ អំពីការដែលព្រះយេស៊ូវ យាងមកចាប់កំណើតជាមនុស្សឡើយ ហើយយើងក៏មិនអាចយល់ អំពីរបៀបដែលព្រះអង្គអាចធ្វើឲ្យការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ មានភាពគ្រប់គ្រាន់សម្រាប់សង្រ្គោះយើងដែរ។ តែយើងអាចដឹងថា ការទាំងអស់នេះជាការពិតមែន។
អំណាចចេស្តារបស់ព្រះ មានភាពអស្ចារ្យមិនអាចវាស់ស្ទង់បាន តែមានភាពច្បាស់លាស់ល្មមនឹងឲ្យយើងយល់បាន។ នេះក៏ជាមូលហេតុ ដែលយើងត្រូវសរសើរដំកើងព្រះអង្គផងដែរ។-Dave Branon