អ្នកស្រីវីវៀន(Vivian) និងលោកដន(Don) កំពុងស្ថិតក្នុងវ័យ៩០ឆ្នាំ ហើយបានរៀបការជាង៧០ឆ្នាំហើយ។ ថ្មីៗនេះ សុខភាពរបស់អ្នកស្រីវីវៀនមានការអន់ថយយ៉ាងខ្លាំង បន្ទាប់ពីគាត់ជួបគ្រោះថ្នាក់បាក់ឆ្អឹងត្រគាក។ ការនេះបានធ្វើឲ្យអ្នកទាំងពីរមានការពិបាកកាន់តែខ្លាំង ព្រោះអស់រយៈពេលបួនប្រាំឆ្នាំមកហើយ ដែលអ្នកទាំងពីរមានការមិនសប្បាយចិត្ត ដោយសារមិនមានភាពរឹងមាំ ល្មមនឹងអាចមានភាពសកម្មក្នុងការរស់នៅ និងធ្វើការក្នុងពួកជំនុំរបស់ខ្លួន ដូចមុន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីវីវៀន និងលោកដន នៅតែខិតខំធ្វើការបម្រើព្រះអម្ចាស់ដដែល ដោយពួកគេនៅតែបន្តខិតខំអធិស្ឋាន។ ពួកគេមិនអាចមានវត្តមាន ឲ្យបានទៀងទាត់ក្នុងពួកជំនុំ ដូចមុនទេ តែពួកគេនៅតែមានភាពស្មោះត្រង់ “ក្នុងការបម្រើនៅពីក្រោយឆាក” ថ្វាយព្រះអង្គ។
រឿងប្រៀបប្រដូចអំពីប្រាក់របស់ចៅហ្វាយ ក្នុងបទគម្ពីរម៉ាថាយ ជំពូក២៥ បានរំឭកយើងថា យើងត្រូវតែប្រើ “អំណោយទាន” ដែលព្រះបានប្រទាន ដោយភាពឆ្លាតវ័យ។ យើងម្នាក់ៗសុទ្ធតែមានជំនាញ និងសមត្ថភាពដែលព្រះប្រទាន ក្នុងកំរិតផ្សេងគ្នា ហើយយើងមិនត្រូវយកទៅកប់ ឬទុកចោលមិនព្រមយកទៅប្រើនោះឡើយ។
ព្រះអម្ចាស់នឹងប្រើយើង ទាំងនៅក្នុងពេលដែលយើងនៅមានកម្លាំង ក៏ដូចជានៅពេលដែលយើងមានវ័យចំណាស់ មានជម្ងឺ និងមានភាពទន់ខ្សោយផងដែរ។ អ្នកស្រីវីវៀន និងលោកដន បានបន្តបម្រើព្រះ ដោយការអធិស្ឋាន។ ទន្ទឹមនឹងនោះ យើងក៏អាចថ្វាយសិរីល្អដល់ព្រះសង្រ្គោះនៃយើង ដោយប្រើជំនាញរបស់យើង “តាមសមត្ថភាពយើងរៀងៗខ្លួន”(ខ.១៥) ដើម្បីបម្រើព្រះអង្គ ដែលសក្តិសមនឹងឲ្យយើងបម្រើ។-Dave Branon