អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលលោកហារី(Harry) បានទូលថ្វាយព្រះអម្ចាស់ ជារៀងរាល់ថ្ងៃ អំពីកង្វល់ដែលគាត់មាន ចំពោះលោកចន(John) ដែលជាកូនប្រសាររបស់គាត់ ដែលបានងាកបែរចេញពីព្រះ។ បន្ទាប់មក លោកហារីក៏បានលាចាកលោកទៅ។ ពីរបីខែក្រោយមក លោកចនក៏បានងាកបែរមករកព្រះអម្ចាស់វិញ។ ពេលដែលអ្នកស្រីម៉ាសា(Marsha) ដែលជាម្តាយក្មេក បានប្រាប់គាត់ថា លោកហារីបានអធិស្ឋានឲ្យគាត់ជារៀងរាល់ថ្ងៃ លោកចនក៏បានឆ្លើយតបថា “ខ្ញុំចង់ងាកមករកព្រះអង្គវិញ តែខ្ញុំមិនគួររង់ចាំយូរយ៉ាងនេះសោះ”។ ប៉ុន្តែ ម៉ាសាក៏បានចែកចាយដោយអំណរថា “ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់បងហារីហើយ”។
ទីបន្ទាល់របស់លោកហារី ជាការលើកទឹកចិត្តសម្រាប់យើង ដែលជាអ្នកអធិស្ឋាន និងរង់ចាំព្រះអង្គឆ្លើយតប។ គាត់បានបន្ត “អធិស្ឋានយ៉ាងខ្ជាប់ខ្ជួន” ហើយបានរង់ចាំដោយអត់ធ្មត់(រ៉ូម ១២:១២)។
អ្នកនិពន្ធទំនុកដំកើង ជំពូក១៣០ បានពិសោធនឹងការរង់ចាំ ក្នុងការអធិស្ឋាន។ គាត់បានមានប្រសាសន៍ថា “ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់”(ខ.៥)។ គាត់បានរកឃើញក្តីសង្ឃឹម ក្នុងព្រះ ព្រោះគាត់បានដឹងថា “មានសេចក្តីសប្បុរស់នៅនឹងព្រះយេហូវ៉ា ហើយមានសេចក្តីប្រោសលោះជាបរិបូរនៅនឹងទ្រង់ដែរ”(ខ.៧)។
មានអ្នកនិពន្ធម្នាក់ ឈ្មោះសេមញូល អេនយ៉ា(Samuel Enyia)បានរៀបរាប់ក្នុងសៀវភៅរបស់គាត់ អំពីការកំណត់ពេលវេលារបស់ព្រះថា “ព្រះមិនពឹងផ្អែកទៅលើពេលវេលារបស់យើងទេ។ ពេលវេលារបស់យើងមានកំណត់ ហើយមានការរំកិលទៅមុខជានិច្ច ប៉ុន្តែ ព្រះអង្គមិនទទួលផលប៉ះពាល់ពីពេលវេលាឡើយ។ ព្រះអង្គនឹងធ្វើការដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើ នៅពេលដែលព្រះអង្គបានកំណត់។ ការអធិស្ឋានរបស់យើង មិនអាចជំរុញឲ្យព្រះប្រញាប់ធ្វើការមុនពេលដែលព្រះអង្គបានកំណត់ឡើយ ប៉ុន្តែ ការអធិស្ឋាននាំឲ្យយើងចូលទៅចំពោះព្រះអង្គ ដោយការប្រកបស្និទ្ធស្នាល”។
យើងពិតជាមានអភ័យឯកសិទ្ធិពិសេសណាស់ ដែលបានប្រកបស្និទ្ធស្នាលជាមួយព្រះ ដោយការអធិស្ឋាន ហើយរង់ចាំព្រះអង្គឆ្លើយតប តាមពេលដែលព្រះអង្គបានកំណត់។-Anne Cetas